ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​​ចំនួន​ ៦ ​កំពុង​ត្រូវបាន​វាយតម្លៃ​ជា​លើក​ចុងក្រោយ​ ដើម្បី​ចម្រាញ់​យក​ ៣ ​ក្រុមហ៊ុន​ក្នុង​ការផ្ដល់​សិទ្ធិ​លើ​ការប្រមូល​សំរាម​ទូទាំង​រាជធានី​ភ្នំពេញ ខណៈ​លោក​មើលឃើញ​ពី​ប្រសិទ្ធភាព​របស់​ក្រុមហ៊ុន​ទាំងនោះ​ថា អាច​ធ្វើឲ្យ​ទីក្រុង​នេះ​មាន​សោភណភាព​ប្រសើរ​ជាង​មុន​។

កាលពី​ខែ​មីនា​កន្លង​ទៅ​សាលា​​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា មាន​ក្រុមហ៊ុន​ចំនួន​ ២០ ក្នុងនោះ​​ក៏​មាន​ក្រុមហ៊ុន​បរទេស​ផងដែរ​ដែល​បាន​ដាក់​ពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅក្នុង​រាជធានីភ្នំពេញ ខណៈ​រដ្ឋាភិបាល​សម្រេច​បែងចែក​រាជធានី​ភ្នំពេញ​ជា​ ៣ ​តំបន់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការប្រមូល​សំរាម​។

លោក ឃួង ស្រេង បាន​លើកឡើង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​អំឡុង​ពេល​លោក​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​» កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ជាង​ ៣ ​លាន​នាក់​ដែល​ចំនួន​នេះ​បាន​បង្កើត​សំរាម​យ៉ាងហោចណាស់​ជាង ៣ ០០០ ​តោន​ក្នុង​ ១ ​ថ្ងៃៗ​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន​ ១ គឺ​ប្រមូល​បាន​តែ​ ១ ​ពាន់​តោន​ទេ ដូច្នេះ​ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ ៣ មាន​សិទ្ធិ​ប្រមូល​សំរាម​នេះ​គឺ​​ប្រកប​ដោយ​សុក្រឹត​។ បើ​មិន​ដូច្នេះ​ទេ បញ្ហា​សំរាម​នៅក្នុង​​រាជធានី​ភ្នំពេញ​នៅ​តែ​ប្រឈម​។ ដូច្នេះ​ហើយ​ទើប​ក្រសួង​សេដ្ឋកិច្ច​ចង្អុលបង្ហាញ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​សំរាម​ជា​លក្ខណៈ​អន្តរជាតិ​។ កិច្ចការងារ​នេះ​យើង​បាន​ធ្វើ​មួយចំនួន​ធំ​ហើយ​ដោយ​សព្វថ្ងៃ​យើង​បាន​រើស​ក្រុមហ៊ុន​ ៦ ​ដែល​យើង​នឹង​ចម្រាញ់​យក​តែ​ ៣ ​ក្រុមហ៊ុន​ទេ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​»​។

ជាមួយ​គ្នា​នេះ​លោក ឃួង ស្រេង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចូលរួម​ចំណែក​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​ទីក្រុង​ស្អាត ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​ពលរដ្ឋ​នោះទេ ទោះ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ក៏​មិនអាច​គ្រប់គ្រង​សំរាម​បាន​ល្អ​ដែរ​។

លោក​ជឿជាក់​ថា ការផ្តល់​សេវា​ប្រមូល​សំណល់​រឹង​សំរាម​នៅ​រាជធានី​ភ្នំពេញ នឹង​មាន​ស្ថានភាព​ប្រសើរ​ឡើង​ក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​បើ​​ទោះបី​នៅក្នុង​ថ្ងៃ​អនាគត​មាន​ក្រុមហ៊ុន​ច្រើន​ក្នុង​ការប្រមូល​សំរាម​ក៏ដោយ ក៏​ត្រូវ​មាន​ការសហការ​ឲ្យ​បាន​ពេញលេញ​​ជុំវិញ​ការបញ្ចេញ​សំរាម​មក​ខាងក្រៅ​។ ​(​ពលរដ្ឋ​) ​មិនមែន​ចេះ​តែ​​នឹកឃើញ​បញ្ចេញ​សំរាម​តាមតែ​ចិត្ត​នោះទេ ព្រោះ​គ្មាន​អ្នកណា​​ប្រមូល​ទាន់​ទេ​។ ​យើង​នឹង​រៀបចំ​កាលវិភាគ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​​ថ្ងៃ​អនាគត​ហ្នឹង សម្រាប់​ការទុកដាក់​សំរាម​នេះ ដែល​យើង​នឹង​​ទទួល​បាន​ទីក្រុង​មួយ​ដ៏ស្អាត​​ទាំងអស់​គ្នា​»​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា ក្រុមហ៊ុន​ទាំង​ ៦ ដែល​ជាប់​ក្នុងដំណាក់កាល​វាយតម្លៃ​ជា​ចុងក្រោយ​នេះ គឺ​មាន​ទាំង​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​បរទេស ប៉ុន្តែ​លោក​មិនអាច​ប្រាប់​លម្អិត​អំពី​ឈ្មោះ និង​ព័ត៌មាន​នានា ជុំវិញ​​ក្រុមហ៊ុន​ទាំង​ ៦ ​នេះ​បាន​ទេ​។

លោក​បន្តថា​៖ «​ការងារ​ស្ថិត​​ក្នុង​ដំណាក់កាល​ដេញថ្លៃ យើង​មិនអាច​បង្ហើប​ព័ត៌មាន​ជុំវិញ​​ក្រុមហ៊ុន​គេ​បាន​ទេ តែ​នៅពេល​​ណា​ដែល​ជាប់​ហើយ អាហ្នឹង​បាន​យើង​អាច​ប្រាប់​បាន​។ ក្រុមហ៊ុន​ទាំង​ ៦ ​នេះ​គឺ​មាន​ក្រុមហ៊ុន​បរទេស​ដែរ ហើយ​ចំពោះ​ដំណើរការ​របស់​ក្រុមហ៊ុន​ទាំងនោះ​ក៏​មិនអាច​ជម្រាប​កម្អិត​បាន​​ដែរ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​​បាន​លឿន​បំផុត​»​។

កាលពី​ថ្ងៃទី​ ២២ តុលា ឆ្នាំមុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​ធ្លាប់​ប្រមូល​សំរាម​ផ្តាច់​មុខមក​ឲ្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​គ្រប់គ្រង​បណ្តោះអាសន្ន​សិន មុន​នឹង​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​បាន ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ស៊ីនទ្រី​ពុំមាន​សមត្ថភាព​ក្នុង​ការបន្ត​ប្រមូល​សំរាម​បាន​។

លោក​ សឿន សារ៉ន នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​ច្បាស់​ពី​នីតិវិធី​នៃ​ការដេញថ្លៃ​ប្រមូល​សំរាម​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ទេ​។ ហេតុដូច្នេះ​​លោក​មិនអាច​វាយតម្លៃ​ពី​ដំណើរការ​នេះ​ថា មាន​លក្ខណៈ​បែបណា​នោះទេ​។ ប៉ុន្តែ​លោក​ថា​ការសម្រេច​កែប្រែ​ឲ្យ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ច្រើន គឺជា​រឿង​ល្អ ហើយ​វា​កាន់តែ​ប្រសើរ បើ​ការបែងចែង​ការគ្រប់គ្រង​​របស់​ក្រុមហ៊ុន​ទាំង​ ៣ ​ក្នុង​ពេល​​ខាងមុខ​បាន​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​​តែ​មាន​ក្រុមហ៊ុន​តែមួយ​ទើប​រដ្ឋាភិបាល​ពិចារណា​ឲ្យ​មាន​ក្រុមហ៊ុន​ចំនួន​ច្រើន ព្រោះ​តែ​ទទួលបាន​ពាក្យ​ត្អូញត្អែរ​របស់​ពលរដ្ឋ​មួយចំនួន​អ៊ីចឹង​។ ​ក្នុង​នាម​​ជា​ពលរដ្ឋ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​នឹង​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​ ៣ ​នេះ​នឹង​មាន​ការបែងចែក​ការទទួល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់លាស់​ជាពិសេស​ទីតាំង ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​»៕