ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​កំពុង​សិក្សា​គម្រោង​កែលម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជនពិការ​មាន​ផ្លូវ​ថ្មើរជើង​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​។ នេះ​បើតាម​ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ដោយ​ចំណាយ​ថវិកា​របស់​សាលា​រាជធានី​។ សាលា​រាជធានី​ចង់​កែលម្អ​មហាវិថី​នេះ​ឱ្យ​ល្អប្រសើរ​ដើម្បី​លើក​កម្ពស់​សោភណភាព​ទីក្រុង និង​ដើម្បី​ឱ្យ​បាន​ជា​ប្រយោជន៍​ទៅ​អ្នក​ធ្វើ​ដំណើរ​ថ្មើរជើង និង​លើកកម្ពស់​លទ្ធភាព​សម្រាប់​ជនពិការ​ដោយ​រៀបចំ​ឱ្យ​មាន​ផ្លូវ​ថ្មើរជើង មាន​លក្ខណៈ​គ្រើម​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួកគាត់​។

លោក ម៉េត មាសភក្តី ថ្លែងថា​៖ «​វា​មិនមែន​លើក​ទី​ ១ ​ទេ​។ អាហ្នឹង​យើង​មាននៅ​លើ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ យើង​មាន​នៅ​លើផ្លូវ​ព្រះ​នរោត្តម​អី​នេះហើយ​។ គ្រាន់តែ​យើង​ពង្រីក​បន្ថែមទៀត​ឱ្យ​បាន​ល្អ​ឱ្យ​បាន​ច្រើន​។ គ្រាន់តែ​ថា ផ្លូវធំៗ ឬ​គេ​ហៅថា​មហាវិថី​ហ្នឹង​អាទិភាព​មុនគេ​»​។

លោក​បន្តថា​៖ «​ជា​ទស្សន​វិស័យ​ជា​គម្រោង​ជា​គំនិត យើង​ចង់​រៀបចំ​ផ្លូវ​ថ្មើរជើង​ឱ្យបាន​ច្រើន ព្រោះ side walk (​ផ្លូវ​ដើរ​) យើង​មាន​ស្រាប់​ហើយ​។ យើង​អត់​ទៅ​ពង្រីក​ផ្លូវ​ទៀត​ទេ​។ កន្លែង​ណា​សម្រាប់​ជនពិការ យើង​នឹង​ធ្វើ​គ្រើមៗ ពកៗ ហើយ​កន្លែង​ណា​សម្រាប់​យើង​អាច​ដើរ​បាន យើង​ចែកគ្នា​»​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​នេះ​គឺជា​ការប្រសើរ ព្រោះ​ដើម្បី​កាត់បន្ថយ​បរិស្ថាន​ផង និង​លើកកម្ពស់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង​។

លោក យ៉ង់ គិមអេង ថ្លែង​ថា​៖ «​យើង​មាន​ផ្លូវ​ថ្មើរជើង​ដែល​អាច​ធ្វើ​ដំណើរ​បាន ខ្ញុំ​ថា​ជា​ការលើក​ទឹកចិត្ត ហើយ​សម្រាប់​អ្នកដើរ ជាពិសេស​ជនពិការ​ដែល​មាន​សញ្ញា​បង្ហាញ​ផ្លូវ​គាត់​ហ្នឹង គឺជា​រឿង​មួយ​សំខាន់​ដែល​គាត់​អាច​ដើរ​បាន​។ គឺជា​រឿង​មួយ​ល្អ​»​។

លោក យ៉ង់ គិមអេង ថ្លែងថា អាជ្ញាធរ​ក៏ត្រូវ​ត្រួតពិនិត្យ​ដែរ​ថា ផ្លូវ​ថ្មើរជើង​គឺជា​ផ្លូវ​ដែល​អាច​ធ្វើ​ដំណើរ​បាន​ដោយ​មិនមាន​ការរំខាន​ពី​ការចត​ឡាន ចត​ម៉ូតូ ឬ​ដាក់​លក់ដូរ​ផ្សេងៗ​។

លោក ម៉េត មាសភក្តី បាន​អះអាង​ថា លោក ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ដាក់ចេញ​ជា​យុទ្ធសាស្ត្រ​ការងារ​ផ្សេងៗ​ដែល​ក្នុងនោះ​មាន​ការដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់​ផ្លូវ​ថ្មើរជើង​ផងដែរ ដែល​ធ្វើ​យ៉ាងណា​មិនឱ្យ​មានការ​ប្រើប្រាស់​ផ្លូវ​ថ្មើរជើង ឬ​ចិញ្ចើមផ្លូវ​ខុសពី​គោលបំណង​របស់​ផ្លូវ​ថ្មើរជើង​នោះ​ទេ ដែល​ពី​ដើម​មាន​ការចត​ តាំង​លក់ទំនិញ ដែល​រាំងខ្ទប់​មិនឱ្យ​អ្នក​ថ្មើរជើង​ធ្វើដំណើរ​បាន​។

លោក ឃួង ស្រេង បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការសុំច្បាប់ និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​របស់​ក្រុមហ៊ុន Space Media ដោយបាន​សម្រេច​ទទួល​យក​តាម​គម្រោង​គំរូ​ប្លង់​សាងសង់​របស់​ក្រុមហ៊ុន​នេះ ហើយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចុះ​សិក្សា​រួមគ្នា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ដើម្បី​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​ ៤ ​ស្ថិត​នៅ​ស្តុប​សន្ធរម៉ុក មហាវិថី​ម៉ៅ​សេទុង​កែង​ប្រសព្វ​នឹង​មហាវិថី​កម្ពុជា​ក្រោម​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅ​មក​សាលារៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​៕