
ឡានធំបើកចូលក្រុងលើផ្លូវចម្ការដូង ក្នុងខណ្ឌដង្កោ។ ហុង មិនា
ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការសាជាថ្មីទៀតដល់សមត្ថកិច្ចដើម្បីចាត់វិធានការទប់ស្កាត់ឡានធំចូលក្រុងពេលថ្ងៃដោយប្រើរយៈពេល ១ ខែ លែងឱ្យមានរថយន្ដធុនធំបើកចូលក្រុងក្រោយពីវិធានការហាមឃាត់កន្លងមកមិនមានប្រសិទ្ធភាពខ្ពស់។
លោក ឃួង ស្រេង បានលើកឡើងបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយទុករយៈពេលត្រឹម ១ ខែទៀតត្រូវតែទប់ស្កាត់ឲ្យបាន ដោយឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថជាអ្នកអនុវត្តវិធានការនេះ ។
លោកអភិបាល ក៏បានត្រៀមរៀបចំតម្រាយផ្លូវសម្រាប់ឡានធំចូលក្រុងជាថ្មីឡើងវិញ និងត្រូវអនុវត្តម៉ោងពេលចូលក្រុងសម្រាប់ឡានធំដោយកំណត់ម៉ោងឱ្យឡានធំចូលក្រុងចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៦ ភ្លឺប៉ុណ្ណោះ។ ជាមួយគ្នានេះដែរនឹងរៀបចំឲ្យមានទីតាំង ៣ កន្លែង ដើម្បីយករថយន្តធំដែលល្មើសទៅទុកបណ្តោះអាសន្នក្រោយឃាត់បាន។
លោក ស្រេង បានថ្លែងថា៖ «បើម្ចាស់ឡានធំណា ដែលមិនស្តាប់តាមការណែនាំ គួរឈប់រកស៊ីដឹកជញ្ជូនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបើចង់ដោះលែងវិញ ត្រូវមានការឯកភាពពីអភិបាលរាជធានីភ្នំពេញទើបបាន»។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ នៅមានរថយន្ដធុនធំមួយចំនួនតូចមិនទាន់គោរពច្បាប់ បើកបររំលោភតម្រាយផ្លូវដែលហាមឃាត់ ប៉ុន្ដែមួយចំនួនធំ ក្នុងរង្វង់ ៨០-៩០ ភាគរយ បានអនុវត្ដទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ចាន់យ៉ាដា ថ្លែងថាសព្វថ្ងៃនេះឡានធំដែលបានចុះបញ្ជីនៅក្នុងរាជធានីភ្នំពេញមានចំនួន ៣ ម៉ឺនគ្រឿង។ ក្នុងពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពឱ្យបានខ្ពស់ជាងនេះទៀត។
លោកថ្លែងថា៖ «ព្រោះបច្ចុប្បន្នយើងនៅមានភាពខ្វះចន្លោះខ្លះ។ អ្វីដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវទប់ស្កាត់ និងចាត់វិធានការបន្ថែមនោះរួមមាន សិក្សាពីតម្រាយផ្លូវសម្រាប់រថយន្ដធុនធំឡើងវិញដូចជាផ្លូវវេងស្រេង ផ្លូវលេខ ២១៧ លែងជាផ្លូវដែលអាចឱ្យឡានធន់ធំបើកចូល និងពេលវេលាសម្រាប់ឡានធុនធំបើកចូលក្រុងដោយបញ្ជាក់ឱ្យបានច្បាស់»។
លោកបន្ដឱ្យដឹងថា នៅចុងខែមិថុនា ឬដើមខែកក្កដា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសិក្ខាសាលាធំមួយអំពីបញ្ហារថយន្ដធុនធំចូលក្រុង និងបញ្ហាការកកស្ទះចរាចរណ៍ ដោយអញ្ជើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរង្វង់ជាង ២០០ នាក់ មកជជែកពិភាក្សាគ្នាដើម្បីរកដំណោះស្រាយរួម ព្រោះបញ្ហានេះមិនអាចដោះស្រាយបានតែភាគីណាមួយនោះទេ។
លោក ចាន់យ៉ាដា បានបញ្ជាក់ថា៖ «វិធានការយើងបានអនុវត្ដជាប់ជាប្រចាំ ក៏ប៉ុន្ដែយើងចង់បង្កើនប្រសិទ្ធភាពដោយជជែកគ្នាលើបញ្ហាតម្រាយផ្លូវ ទីតាំងចត និងការកំណត់ពេលវេលាឲ្យឡានធំៗបើកចូលក្រុង»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា (AIP Foundation) បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគួរតែប្រើប្រាស់នូវអ្វីដែលខ្លួនមានឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ដច្បាប់ ដូចជាបច្ចុប្បន្នរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាពនៅតាមស្ដុប និង ដងផ្លូវមួយចំនួនជាដើម គឺត្រូវផ្ដិតយករូបភាពពីកាមេរ៉ា និងអនុវត្ដវិធានការច្បាប់ទៅលើឡានធុនធំទាំងឡាយណាដែលបើកបរល្មើសច្បាប់តែម្ដង។
លោក បញ្ញា បានថ្លែងថា៖ «យើងត្រូវប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយថា យើងត្រូវធ្វើម៉េចដើម្បីគ្រប់គ្រងការចរាចររថយន្ដធុនធំបើកចូលក្រុងឲ្យកាន់តែមានប្រសិទ្ធភាព។ បើយើងគ្រាន់តែចាប់ឃាត់ទុករថយន្ដធុនធំដែលបើកល្មើសនោះ គឺមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវធ្វើទៅលើក្រុមហ៊ុននោះតែម្ដង។ បើសិនជាក្រុមហ៊ុននៅតែឲ្យ រថយន្ដធុនធំចូលក្រុងទៀត គឺត្រូវដកអាជ្ញាប័ណ្ណតែម្ដង។ បើយើងធ្វើបែបនេះ ក្រុមហ៊ុននឹងខ្លាច លែងហ៊ានល្មើសច្បាប់ទៀត»៕