ភ្នំពេញៈ ​មន្ត្រី​សាលា​រាជធានី​​ភ្នំពេញ​បាន​ឱ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ជ្រើសរើស​កម្មករ​ប្រមូល​សំរាម​ថ្មី ដើម្បី​សម្អាត​ទីក្រុង​ឡើងវិញ​​ តែ​នៅ​អំពាវនាវ​ឱ្យ​កម្មករ​ចាស់​វិល​មក​ធ្វើការ​វិញ ខណៈ​ពួកគេ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​នោះ​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជ្រើសរើស​កម្មករ​ប្រមូល​សំរាម​ថ្មី​បាន​បណ្តើរៗ​​ហើយ ប៉ុន្តែ​លោក​មិនទាន់​បាន​បញ្ជាក់​ពី​ចំនួន​កម្មករ​ថ្មី​ទេ​។

លោក​ថា​៖ «​ការជ្រើសរើស​នេះ​គឺ​បត់បែន​តាម​ស្ថានការណ៍​ក្នុង​​ការដោះស្រាយ ហើយ​កម្មករ​​ចំនួន​ប៉ុន្មាន​នាក់ ដែល​យើង​ត្រូវ​ជ្រើសរើស​នោះ​យើង​មិនទាន់​អាច​ជម្រាប​បាន​នៅ​ឡើយ​ទេ ដោយសារ​ទន្ទឹមនឹង​ការជូន​ដំណឹង​ជ្រើសរើស​កម្មករ​ថ្មី​នេះ​សាលាក្រុង​ក៏​នៅ​តាមដាន​មើល​​កម្មករ​ជា​បុគ្គលិក​ក្រុមហ៊ុន​ស៊ីនទ្រី​កំពុង​ធ្វើ​កូដកម្ម​នោះ​មាន​ការភ្ញាក់រឭក​បាន​កម្រិត​ណា​...»​។

បើ​តាម​លោក ម៉េត មាសភក្តី ការជ្រើសរើស​កម្មករ​ថ្មី​បន្ថែម​គឺ​អាស្រ័យ​លើ​ការខ្វះខាត ប៉ុន្តែ​យន្តការ​ដោះស្រាយ​ឱ្យ​ទីក្រុង​ស្អាត​នោះ​ត្រូវតែ​ឱ្យ​មាន​ដំណើរការ​ឡើង​វិញ​។

លោក ម៉េត មាសភក្តី បាន​​ថ្លែងថា​៖ «...​យើង​មិនអាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នកយក​សំរាម​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​តថ្លៃ​លើ​ការទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។

រដ្ឋបាល​រាជធានី​បាន​ព្យាយាម​​សម្របសម្រួល ពន្យល់​ណែនាំ​គ្រប់​ទិដ្ឋភាព រួមទាំង​ទិដ្ឋភាព​​ច្បាប់​ការងារ​...​កម្លាំង​ពលកម្ម​ថ្មី​​ត្រូវតែ​បង្ខំចិត្ត​អនុវត្ត​ដើម្បី​កែប្រែ​ស្ថានការណ៍​នៃ​ការសម្អាត​​ទីក្រុង​ឡើងវិញ​»​។

ទោះ​ជា​យ៉ាងណា លោក​បាន​អំពាវនាវ​ឱ្យ​កម្មករ​ប្រមូល​សំរាម​​ចាស់​ភ្ញាក់រឭក និង​បញ្ឈប់​ការទាមទារ​ខុសច្បាប់​ការងារ ហើយ​​វិល​មក​ធ្វើការ​វិញ​។

ទន្ទឹម​នឹង​នេះ​សាលាក្រុង​ក៏​កំពុង​ត្រៀមកម្លាំង​ពលកម្ម​រាប់រយ​នាក់ និង​រថយន្ត​បន្ថែម​ប្រមាណ​ ៧០ ​គ្រឿង​ ដើម្បី​ប្រមូល​សំរាម​ពី​ទីក្រុង​ភ្នំពេញ​ផងដែរ​។

លោក ម៉េត មាសភក្តី បាន​បញ្ជាក់ថា​៖ «​យន្តការ​ដែល​យើង​ត្រូវការ​ដោះស្រាយ​បញ្ហា​សំរាម​យូរអង្វែង​ក៏​នឹង​កៀក​ខិតជិត​​បញ្ចប់​ដែរ មាន​ន័យ​ថា ក្រុមហ៊ុន​ដែល​យើង​គ្រោង​ជ្រើសរើស​ចំនួន​ ៣ ​ក្រុមហ៊ុន ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រមូល​សំរាម​របស់​យើង​​ក្នុង​ ៣ ​តំបន់ ដែល​យើង​គ្រោង​ធ្វើការ​បែងចែក​...»​។

លោក ម៉ី ផាន អគ្គលេខាអធិការ​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ថ្លែង​ពី​ម្សិលមិញ​នេះ​ថា កម្មករ​នៅតែ​ប្រមូលផ្តុំ​គ្នា​ខាងមុខ​ក្រុមហ៊ុន​ស៊ីនទ្រី​ដដែល ដោយ​មាន​​ចាក់​ធុងបាស​កម្សាន្ត​ផង​។ ​រីឯ​ដំណោះស្រាយ​ក៏​មិនទាន់​មាន និង​ការចរចា​គ្នា​បន្ត​ក៏​មិនទាន់​មាន​ដែរ ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ​លោក ជួន វុឌ្ឍី បាន​ឱ្យដឹងពី​​ម្សិលមិញ​ថា ការចរចា​ ៣ ​ថ្ងៃ​កន្លង​​មក មិនទាន់​សះជា​ទេ តែ​នៅ​រង់ចាំ​បន្ត​ដោះស្រាយ​ទៀត​។

លោក​ថា​៖ «​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ឈប់​កម្មករ​ណា​ម្នាក់​​នោះទេ ប៉ុន្តែ​កម្មករ​ខ្លួនឯង​ទេ​​ដែល​មិន​ព្រម​ចូល​ធ្វើការ យើង​បាន​ជួប និង​ពន្យល់​ពួកគាត់ ប៉ុន្តែ​ពួកគាត់​មិន​ស្តាប់​យើង​ទេ​»​។

ករណី​ជ្រើសរើស​កម្មករ​ថ្មី​ខណៈ​កម្មករ​ចាស់​មិន​ទាន់​ឈប់​នេះ លោក​មេធាវី លី ច័ន្ទតុលា បាន​ថ្លែង​ពី​ម្សិលមិញ​ថា បើ​ពិនិត្យ​​លើ​ច្បាប់​ការងារ​មាន​គោលការណ៍​ ២ ដែល​ទី​ ១ គឺ​ក្នុង​ករណី​កម្មករ​កំពុង​ធ្វើ​កូដកម្ម​គឺ​គេ​ហាម​និយោជក​ជ្រើសរើស​បុគ្គលិក​ថ្មី​មក​ជំនួស​កូដករ ប៉ុន្តែ​ច្បាប់​នេះ​ក៏​គេ​មាន​ចែង​ផង​ដែរ​ថា ក្នុង​​ករណី​ពិសេស​ដែល​ក្រុមហ៊ុន​នោះ​ផ្តល់​សេវា​ដែល​គេ​ចែងថា​សេវា​ជា​សារវន្ត ឬ​ផ្តល់​សេវា​ជា​អប្បបរមា​គឺ​អាច​បាន​។

ក្នុង​ករណី​ក្រុមហ៊ុន​នេះ​ផ្តល់​សេវា​ជា​សារវន្ត​គឺ​ច្បាប់​អនុញ្ញាត​ឱ្យ​និយោជក​មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​កម្មករ​ថ្មី​មក​ជំនួស​កម្មករ​ដែល​ជា​កូដករ​នេះ​។ ​ករណី​ដែល​ផ្អាក​ការផ្គត់ផ្គង់​សេវា​មាន​ការប៉ះពាល់​ទៅ​ដល់​សណ្តាប់ធ្នាប់​​សាធារណៈ​ ឬ​ក៏​សុខភាព​សាធារណៈ​នោះ​គឺ​គេ​អាច​ជ្រើសរើស​បុគ្គលិក​ជំនួស​បាន​។

លោក​ថា​៖ «​អ្វី​ដែល​សាលារាជធានី​ភ្នំពេញ​ធ្វើ​គឺ​ស្រប​ទៅ​នឹង​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ​ឆ្នាំ​ ១៩៩៧»​។

គួរបញ្ជាក់​ផងដែរ​ថា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណ ២ ០០០ ​នាក់​ បាន​ចាប់ផ្ដើម​តវ៉ា​ចាប់ពី​ថ្ងៃទី​ ២ ​ខែ​តុលា​ មក​ដោយ​ស្នើឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​នូវ​សំណូមពរ​ ៥ ​ចំណុច រួមមាន​ប្រាក់​បំណាច់​​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការជូន​ដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ និង​ការឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេសសល់​។

លោក ហេង សួរ អ្នកនាំពាក្យ​​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ មិន​អាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ ដោយសារ​មិនមាន​​អ្នក​ទទួល​ទូរស័ព្ទ​ពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​លោក ឃួង ស្រេង អភិបាល​ក្រុងភ្នំពេញ​បាន​ផ្ញើ​សារ​​ទៅកាន់​កម្មករ​ទាំងនោះ​ពី​ម្សិលមិញ​ថា មិន​ដូច​ការគិត​របស់​​គាត់​ទេ​ដែល​បារម្ភ​ថា ប្រាក់​អតីតភាព​ការងារ​ពួកគាត់​បាត់បង់​នោះ​។

ប៉ុន្តែ​ក្រសួង​ការងារ​បាន​ពន្យល់​ហើយ​ថា ប្រាក់​អតីតភាព​ការងារ​​នេះ​នឹង​ត្រូវ​បាន​ផ្តល់ជូន​ជា​ដំណាក់ៗ ហើយ​ពួកគាត់​នៅតែ​​ទទួល​បាន​ឱកាស​ការងារ​ថ្មី​នៅពេល​ក្រុមហ៊ុន​ចំនួន​ ៣ ​បើក​ប្រតិបត្តិការ​ប្រមូល​សំរាម​៕