ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ត្រៀម​កូនឈើ​ប្រណីត​ប្រមាណ​ ១០ ​ម៉ឺន​ដើម ដើម្បី​​យក​ទៅ​ដាំ​នៅ​ទីតាំង​គម្រោង​​ឧទ្យាន​ជាតិ​រាជធានី​ភ្នំពេញ​ដែល​​នឹង​ធ្វើ​នៅ​បឹង​តាមោក​ ដើម្បី​​លើក​សោភណភាព​ឱ្យ​មាន​ជា​ជម្រក​ពណ៌​បៃតង មាន​បរិស្ថាន​​ល្អ​ និង​ដើម្បី​ទុកជា​កេរដំណែល​សម្រាប់​អ្នកជំនាន់ក្រោយ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា គម្រោង​ដាំ​កូនឈើ​ប្រណីត​ប្រភេទ​ធ្នង់​​ចំនួន​ ១០ ​ម៉ឺន​ដើម​ នឹង​ធ្វើ​ឡើង​​នៅ​បឹង​តាមោក​លើ​ផ្ទៃដី​ទំហំ​ ៧៥ ​ហិកតា​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​នាយករដ្ឋមន្ត្រី​ក្នុង​​ការបង្កើត​ឱ្យ​មាន​ឧទ្យាន​ជាតិ ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «​ក្រោយ​មាន​​ការចង្អុល​បង្ហាញ​ពី​នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ទីតាំង​ ១ ​នៅក្នុង​បឹង​តាមោក​ដែលមាន​ទំហំ​ដី​ ៧៥ ​ហិកតា ដើម្បី​ធ្វើ​ជា​ទ្យាន​ជាតិ​​សម្រាប់​ជា​គម្រប​បៃតង​ជូន​ដល់​ប្រជាជន​រាជធានី​ភ្នំពេញ​ក៏​ដូចជា​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ ព្រោះ​ទីតាំង​នេះ​ជា​កន្លែង​ ១ ​សម្រាប់​កម្សាន្ត​ផង និង​បង្ហាញ​អំពី​គម្រប​បៃតង​ផង​»​។

យ៉ាងណាក្ដី លោក​អភិបាល​​រាជធានី​ភ្នំពេញ​មិនបាន​បញ្ជាក់​ពី​វេលា​ណា​ឱ្យ​ប្រាកដ​សម្រាប់​​ដាំ​កូនឈើ​ទាំង​នោះទេ​។ ​ប៉ុន្តែ​លោក​បញ្ជាក់ថា ប្រសិនបើ​មិនមាន​បញ្ហា​កូវីដ​ ១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បញ្ចប់​​ការធ្វើ​ឧទ្យាន​ជាតិ​រាជធានី​ភ្នំពេញ​នោះ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ រាប់​គិត​ចាប់ពី​ឆ្នាំ​ ២០២០ មក​។

លោក​ថ្លែងថា​៖ «​តាមពិតទៅ ប្រសិន​បើ​កូវីដ​កុំ​វាយលុក​យើង​​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​នឹងធ្វើ​ឱ្យ​ហើយ ប៉ុន្តែ​មកទល់​ឥឡូវនេះ ថវិកាជាតិ​មាន​កម្រិត​ដោយ​ត្រូវ បង្វែរ​ថវិកា​ជាមួយ​នឹង​ជំងឺ​រាតត្បាត​វិញ ហេតុនេះ​យើង​ផ្អាក​សកម្មភាព​សិន នៅ​ពេលវេលា​សមស្រប​នឹង​អនុវត្ត​បន្តទៀត​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​សម្តែង​ការសាទរ ចំពោះ​​គម្រោង​បង្កើត​ឱ្យ​មាន​ឧទ្យានជាតិ​ថ្មី​នៅ​បឹង​តាមោក​នេះ ប៉ុន្តែ​លោក​ថា ក្នុង​នាម​ជា​ពលរដ្ឋ​​ម្នាក់ និង​ជា​អ្នកធ្វើការងារ សង្គម លោក​ស្នើឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​ចាត់ចែង​គម្រោង អភិវឌ្ឍន៍​ឧទ្យាន​ក៏ដូចជា​តំបន់​នៅ​បឹង​តាមោក​ប្រកប​ដោយ​តម្លាភាព និង​មាន​គណនេយ្យភាព​ដើម្បី​កុំឱ្យ​ការអភិវឌ្ឍ​នេះ​ក្លាយ​ជា​ករណី​បឹងកក់​ទី​ ២​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើឱ្យ​មាន​ការបង្កើន​ការដាំ​ដើមឈើ​​ទាំង​នៅ​ជុំវិញ​បឹង​តាមោក​ក៏ដូចជា តំបន់​តាម​ដងផ្លូវ​ដទៃ​​ទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ​យើង​​ហ្នឹង​។ ​ដោយសារ​ភ្នំពេញ​សព្វថ្ងៃ​ខ្វះ​ឧទ្យាន​ខ្វះ​សួន​សាធារណៈ​​ដើម្បី​ពលរដ្ឋ​ទៅ​លម្អែ​ទៅ​ហាត់ប្រាណ​ដែលជា​តម្រូវ​ការចាំបាច់​មួយ​នៅក្នុង​សង្គម​យើង​» ។

បើតាម​លោក ច័ន្ទរឿន ការបង្កើន​នូវ​ការដាំ​ដើមឈើ​នៅ​​តាម​ដងផ្លូវ និង​តាម​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ជា​វិធី​មួយ​ដើម្បី​បង្កើន​សម្រស់​រាជធានីភ្នំពេញ ព្រោះ​រាជធានី​ភ្នំពេញ​​ធ្លាប់​ត្រូវបាន​គេ​ស្គាល់​ថា ជា​​ក្រុង​បៃតង​ជា​ទីក្រុង​សួនច្បារ ដូច​សម័យ​លោក លី ក្វាន់យូ មក​​ធ្វើ​ទស្សនកិច្ច​នៅ​ឆ្នាំ​ ១៩៦០​។

លោក ច័ន្ទរឿន បញ្ជាក់ថា ការប្រែក្លាយ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ជា​ទីក្រុង​បៃតង​គឺជា​មធ្យោបាយ​មួយ​រួមចំណែក​ក្នុង​ការលើកកម្ពស់​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ផងដែរ​។

យោងតាម​លិខិត​លេខ ៣៦៨ សជណ.មយ ចុះ​ថ្ងៃទី​ ១៣ ខែ ​​មីនា ឆ្នាំ​ ២០២០ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ឈិត សុខុន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ជួយ​សម្របសម្រួល​ការងារ​ក្រសួង​មហាផ្ទៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​ទេសចរណ៍ និង​ក្រសួងបរិស្ថាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹងតាមោក​ទំហំ​ ៧៥ ​ហិកតា​ ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​៕