ភ្នំពេញ: សាលារាជធានីបានត្រៀមរថយន្តក្រុងចំនួន ២១៥ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈក្នុងនោះ ១២០ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកតាមបណ្ដាខេត្តដោយមិនបង់ប្រាក់នៅឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៦ ថ្ងៃ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីចុះថ្ងៃទី ៣ ខែតុលាបានសរសេរថា ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមកភ្នំពេញវិញនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ សាលារាជធានីបានរៀបចំរថយន្តក្រុងចំនួន ២១៥ គ្រឿងសម្រាប់ដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋនៅភ្នំពេញ អាជ្ញាធរក្រុងភ្នំពេញនឹងប្រើប្រាស់រថយន្តក្រុង ៩៥ គ្រឿងរយៈពេល ៣ ថ្ងៃពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ តុលា។ ចំពោះពលរដ្ឋនៅតាមខេត្ត រដ្ឋបាលរាជធានីរៀបចំរថយន្តក្រុង ១២០ គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមកភ្នំពេញវិញរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨ ដោយចេញដំណើរចាប់ពីម៉ោង ៥ និង ៣០ នាទីព្រឹក។
សេចក្ដីជូនដំណឹងបន្តថាចំពោះទីតាំងចំណតចេញដំណើរទៅតាមបណ្ដាខេត្តនានាដូចជាផ្លូវជាតិលេខ ១ ពីភ្នំពេញទៅខេត្តស្វាយរៀង និងព្រៃវែងត្រូវដាក់រថយន្តក្រុងសរុប ១០ គ្រឿងដែលមានចំណតនៅលើផ្លូវ ៦០ ម៉ែត្រទល់មុខក្រុមហ៊ុន មែរសឺដេសបិន។ ផ្លូវជាតិលេខ ២ ពីភ្នំពេញទៅខេត្តតាកែវ និងកែប សរុប ១០ គ្រឿងមានចំណតនៅលើផ្លូវ ៦០ ម៉ែត្រទល់មុខក្រុមហ៊ុន មែរសឺដេសបិន។
ផ្លូវជាតិ ៣ ពីភ្នំពេញទៅកំពត សរុប ១០ គ្រឿងមានចំណតនៅផ្សារសិនជូរីផ្លាហ្សា ចំណែកនៅផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅខេត្តកំពង់ស្ពឺ និងព្រះសីហនុសរុប ១០ គ្រឿងមានចំណតនៅផ្សារសិនជូរីផ្លាហ្សា។
ចំណែកនៅផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យសរុប ៤០ គ្រឿងមានចំណតនៅសួនច្បារឫស្សីកែវ។ ផ្លូវជាតិលេខ ៦ ពីភ្នំពេញទៅខេត្តកំពង់ធំ និងសៀមរាបសរុប ១៥ គ្រឿងមានចំណតនៅផ្លូវបេតុងក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារខាងជើងរង្វង់មូលព្រហ្មមុខ ៤។
ផ្លូវជាតិលេខ ៦-៧ ពីភ្នំពេញទៅកំពង់ចាមសរុប ១០ គ្រឿងមានចំណតនៅផ្លូវបេតុងក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារខាងជើងរង្វង់មូលព្រហ្មមុខ ៤ និងផ្លូវជាតិលេខ ៦-៨ ពីភ្នំពេញទៅខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងសរុប ១៥ គ្រឿងមានចំណតនៅគីឡូម៉ែត្រលេខ ៩ ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាក្រុងថ្លែងថាការផ្ដួចផ្ដើមគំនិតរបស់រដ្ឋាភិបាលនេះធ្វើឡើងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ក្នុងការកាត់បន្ថយការចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើរទាំងទៅ ទាំងមក។
លោកបានបន្តថា៖ «នេះជាកាដូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះគឺមានន័យថាគាត់ចង់ឲ្យពលរដ្ឋខ្មែរសប្បាយរីករាយក្នុងចិត្តជ្រះថ្លា និងបានធ្វើបុណ្យទានជួបជុំគ្រួសារទាំងទៅទាំងមក»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានសាទរចំពោះការពង្រីកសេវាកម្មរថយន្តក្រុងនេះ ហើយលោកចង់ឲ្យរដ្ឋាភិបាលជួយគិតគូរចំពោះពលរដ្ឋដែលមិនមានផ្ទះនៅជាប់ផ្លូវជាតិផងដែរ ព្រោះពលរដ្ឋភាគច្រើនរស់នៅឆ្ងាយពីផ្លូវជាតិ ទើបពួកគេមិនអាចសម្រេចចិត្តជិះរថយន្តក្រុងបាន។
លោកបញ្ជាក់ថា៖ «មានន័យថាផ្ទះពលរដ្ឋនៅតាមជនបទឆ្ងាយ បើគាត់ជិះឡានក្រុងគឺទៅមិនដល់ផ្ទះគាត់ទេ ហើយអាចឲ្យគាត់ត្រូវចំណាយលុយជិះម៉ូតូឌុបបន្ដទៀតហើយអ្នកខ្លះទៀតគិតថាខ្ជិលជិះណាស់ ពិបាកចំណាយលុយទៀតដដែលៗ អ៊ឹចឹងជិះឡានឈ្នួលតែម្ដងទៅដល់ផ្ទះ»។
កាលពីខែមេសា ជប៉ុនបានសន្យាផ្ដល់រថយន្ត ៨០ គ្រឿងមកកម្ពុជា។ ការផ្ដល់រថយន្តទាំងនេះគឺជាជំហានទី ១ ខណៈជប៉ុនសន្យាគ្រោងផ្ដល់ជំនួយរថយន្ត ១៤០ គ្រឿងចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ដែលគិតជាទឹកប្រាក់សរុប ៨ លានដុល្លារ។ នេះបើតាមលោក ម៉េត មាសភក្តី៕