ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺកូវីដ ៩ រូប ត្រូវប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ (បី) ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយទាក់ទងមកកាន់លេខ ១២៩៩ ឬ ១១៥។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១២ ខែមេសានេះ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើគេចវះពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០ ០០០.០០០ (ម្ភៃលាន) រៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ ១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា ផ្ទុយទៅវិញបើអ្នកជំងឺកូវីដ ១៩ ទាំង ៩ រូបខាងលើ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា ១៣ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ និង ៣ កុំ" របស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់៕