ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៥ ខែ​មេសា ខាងមុខ​នេះ​នឹង​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​ធ្វើ​ពី​បេតុង​នៅតាម​ទន្លេបាសាក់​​ត្រើយ​ខាងកើត ក្នុង​ខណ្ឌ​ច្បារអំពៅ ដើម្បី​ការពារ​ការបាក់ច្រាំង និង​លើកកម្ពស់​សោភណភាព​ក៏ដូចជា​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ផងដែរ​។ ​នេះ​បើ​យោងតាម​សេចក្ដី​ជូនដំណឹង​របស់​​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ ២៦ មីនា​។

បើតាម​សេចក្ដី​ជូនដំណឹង​នេះ​​ទីតាំង​ដែល​ត្រូវ​ស្ថាបនា​នោះ​​គឺ​ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​២ រហូតដល់​តំបន់​អភិវឌ្ឍន៍​កោះនរា​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ​ជាមួយ​គ្នា​នេះ​​សាលារាជធានី​ភ្នំពេញ​បាន​បង្ហាញ​ក្ដី​រំពឹងថា ពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ដី​ចំណី​ទន្លេ​ត្រង់​ទីតាំង​អនុវត្ត​គម្រោង​នេះ​នឹងចូលរួម​សហការ​ល្អ​ជាមួយ​​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​នេះ​​ទទួល​បាន​ជោគជ័យ​។

ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​​នេះ​លោក ណុប ផា អភិបាលរង​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេល​នេះ​ក្រុមមន្ត្រី​បច្ចេកទេស​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​វាស់វែង​ និង​បោះបង្គោល​កំណត់​ទីតាំង​នៃ​ព្រំប្រទល់​ដី​ចំណី​ច្រាំងទន្លេ​ចាប់ពី​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​ ២ រហូត​ដល់​តំបន់​អភិវឌ្ឍន៍​កោះនរា​ក្នុង​សង្កាត់​និរោធ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​​ឱ្យ​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ខាងលើ​ដំណើរការ​ទៅ​ដោយ​រលូន ស្រប​តាម​ប្រតិទិន​ការងារ​ដែល​បាន​គ្រោងទុក​នោះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​​មាន​ការពាក់ព័ន្ធ​នឹង​ដី​ចំណី​ទន្លេ​​ត្រង់​ទីតាំង​អនុវត្ត​គម្រោង​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល និង​ផ្តល់​កិច្ចសហការ​ល្អ​ដល់​ក្រុមមន្ត្រី​ជំនាញ​ដែល​ចុះ​អនុវត្ត​ការងារ​វាស់វែង​»​។

បើតាម​លោក ណុប ផា ចាប់​តាំងពី​ក្រុមមន្ត្រី​ជំនាញ​ចុះ​វាស់វែង​កំណត់​ទីតាំង​ដី​ចំណី​ច្រាំងទន្លេ​រហូត​មក​ទល់​ពេលនេះ​ពុំមាន​គ្រួសារ​ពលរដ្ឋ​ណាមួយ​ក្នុង​តំបន់​ដែល​ត្រូវអនុវត្ត​គម្រោង​នោះ​ធ្វើ​ការតវ៉ា​នោះទេ​។ ​ជាមួយ​​គ្នា​នេះ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បានស្នើ​ឱ្យ​អ្នកភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ​ជួយ​ថែ​ការពារ​បង្គោល​ដែល​បាន​បោះ​រួច​នោះ​ឱ្យបាន​ល្អ និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​ក្នុងករណី​មាន​ជនណាម្នាក់​មក​ដក​ ឬ​វាយ​បំផ្លិចបំផ្លាញ​បង្គោល​តម្រុយ​នោះ​​ដើម្បី​សមត្ថកិច្ច​មាន​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​៕