ភ្នំពេញៈ សាលារាជធានីភ្នំពេញនឹងបោះពុម្ពលិខិតណែនាំពីយន្តការថ្មីនៃការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនពលរដ្ឋប្រមាណជាង ៤០ ម៉ឺនខ្នងផ្ទះ ដែលជាប់កាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម ខណៈក្រុមហ៊ុនទទួលបានសិទ្ធិបម្រើសេវានេះបានត្រៀមខ្លួនរួចរាល់ដើម្បីរួមសហការ។
កាលពីថ្ងៃ ៥ កុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់ទទួលកិច្ចសន្យាស្ដីពីការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅភ្នំពេញ ដល់ក្រុមហ៊ុនចំនួន ៣ ដែលឈ្នះការដេញថ្លៃ។ ក្នុងនោះរួមមាន ក្រុមហ៊ុន ស៊ីនទ្រី សហការជាមួយក្រុមហ៊ុន អេវើប្រាយ (EverbrigthChina) ក្រុមហ៊ុន 800 ស៊ូភើរ (SUPER/GAEA) របស់សិង្ហបុរី និងក្រុមហ៊ុនមិស៊ូដាគ្រុប (Mizuda Group Co.,Ltd ) របស់ចិន ដែលធ្វើការផ្តល់ជូនការបម្រើសេវាបច្ចេកទេស និងសមត្ថភាពក្នុងតំបន់ចំនួន ៣ ចាប់ពីខែឧសភាឆ្នាំនេះតទៅ។
តាមមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងន័យសុំមិនបញ្ចេញឈ្មោះកាលពីខែកុម្ភៈថា ក្រុមហ៊ុនទាំង ៣ គ្រាន់តែផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមតាមខ្នងផ្ទះពលរដ្ឋតែប៉ុណ្ណោះ។ រីឯនីតិវិធី និងការប្រមូលតម្លៃសេវា គឺធ្វើឡើងដោយរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។
លោកថា៖ «ការប្រមូលលុយពីអតិថិជន គឺរដ្ឋាករស្វយ័តជាអ្នកប្រមូលហើយនៅពេលប្រមូលបានគឺយើងយកលុយនោះទៅបង់ឱ្យក្រុមហ៊ុន។ ភាសាសាមញ្ញ គឺមានន័យថា ក្រុមហ៊ុនទាំង ៣ នេះគឺដូចស៊ីឈ្នួលឱ្យយើងអ៊ីចឹង...»។
មន្ត្រីរូបនេះបានអះអាងថា ដើម្បីគ្រប់គ្រងវិស័យនេះឱ្យបានល្អនាថ្ងៃអនាគត គឺត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាដោយពលរដ្ឋអាចពិនិត្យបានតាមរយៈប្រព័ន្ធ App នៃពេលវេលាប្រមូលសំរាម និងបង់ថ្លៃសេវាផងដែរ។ ដើម្បីឈានដល់ដំណាក់កាលនេះសាលារាជធានីភ្នំពេញនឹងធ្វើបច្ចុប្បន្នភាពរួមទាំងចែកខិត្តប័ណ្ណ ឬសេចក្តីណែនាំដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ។
លោកបញ្ជាក់ថា៖ «សាលារាជធានីភ្នំពេញនឹងធ្វើសេចក្តីណែនាំដើម្បីចែកជូនប្រជាពលរដ្ឋទៅតាមខ្នងផ្ទះដោយត្រូវបោះពុម្ពលិខិតនេះប្រមាណជាង ៤០ ម៉ឺនខ្នងផ្ទះ ដែលជាផ្ទះជាប់កាតព្វកិច្ច ត្រូវបង់សេវាសំរាមនេះ។ យើងក៏ជូនដំណឹងគាត់ពីការទុកដាក់សំរាមយ៉ាងដូច្នេះ? គាត់ត្រូវញែកសំរាមយ៉ាងម៉េច?
ព្រោះប្រព័ន្ធគ្រប់គ្រងថ្មីគឺតម្រូវឱ្យគាត់ញែករវាងសំរាមសើម និងសំរាមស្ងួត»។
លោក AndrewDurke ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន GAEA បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុន GAEA និងក្រុមហ៊ុនដៃគូឈ្មោះ 800Super រីករាយចំពោះការជួយគ្រប់គ្រងសំរាមនៅភ្នំពេញ។ លោកជឿថា ក្រុមហ៊ុនមានជំនាញបច្ចេកទេសរួមគ្នា និងបទពិសោធជាក់ស្ដែងពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន។
លោកថា៖ «ភ្នំពេញគឺជាទីក្រុងដែលមានមនុស្សច្រើនកុះករ និងរីកធំយ៉ាងលឿន។ លើសពីនេះទៀតប្រាក់ចំណូលរបស់ពលរដ្ឋក៏បន្តកើនឡើង ដែលទាំងនេះស្ទើរតែនាំឱ្យមានការបង្កើតសំរាមកាន់តែច្រើន។ ការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាពលើផ្លូវដែលពោរពេញដោយរថយន្តតូចៗ និងមនុស្សកាន់តែច្រើនដែលបង្កើតសំរាមនោះគឺជាបញ្ហាប្រឈម»។
បើតាមលោក Andrew Durke ក្រុមហ៊ុន GAEA និងក្រុមហ៊ុនដៃគូឈ្មោះ 800Super កំពុងវិនិយោគលើការទិញរថយន្តដឹកសំរាមថ្មីក៏ដូចជាទៅលើបច្ចេកវិទ្យា និងកម្មវិធីថ្មីបំផុតដែលនឹងជួយក្នុងការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា។ ក្រៅពីនេះក្រុមហ៊ុនក៏នឹងត្រូវការជួលបុគ្គលិកជាច្រើនរយនាក់ ហើយដោយគ្រោងនឹងទិញរថយន្តដឹកសំរាមបន្ថែមទៀត ព្រោះទីក្រុងភ្នំពេញនឹងបន្តរីកលូតលាស់តទៅទៀត។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនដែលទទួលបានសិទ្ធិបម្រើសេវាសំរាមចំនួន ២ ទៀតបាននោះទេ ដោយសារក្រុមហ៊ុនស៊ីនទ្រីបានបដិសេធឆ្លើយតប ខណៈក្រុមហ៊ុនមិស៊ូដាគ្រុបរបស់ចិន មិនឆ្លើយតបអ៊ីមែល។
ប៉ុន្តែលោក សេង សាវី អគ្គនាយកក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កន្លងមកថា ក្រុមហ៊ុនលោកឈ្នះការដេញថ្លៃប្រមូលសំរាមនៅខណ្ឌចំនួន ៤ រួមមាន បឹងកេងកង ចំការមន មានជ័យ និងច្បារអំពៅ ដែលស្ថិតនៅតំបន់មួយនៃតំបន់ ៣ ដែលបែងចែកដោយសាលារាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងខំធ្វើទៅតាមលក្ខខណ្ឌ និងកិច្ចសន្យា ស្របពេលដែលក្រុមហ៊ុនចិន និងសិង្ហបុរីក៏បានឈ្នះក្នុងតំបន់ទី ១ និងទី ២ ដែរ។ លោកថា៖ «ក្រុមហ៊ុននឹងបញ្ជាទិញរថយន្តដឹកសំរាម និងសម្ភារបម្រើឱ្យការប្រមូលសំរាមបន្ថែមទៀត ដើម្បីបំពេញតម្រូវការជាក់ស្តែងក្នុងតំបន់របស់ខ្លួន។ យើងនឹងធ្វើទៅតាមជាក់ស្តែងទៅតាមតំបន់របស់យើង»។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា ការគ្រប់គ្រងវិស័យសំរាមក្នុងទីក្រុងនេះ គឺមានកត្តា ២ ដែលសំខាន់។ ក្នុងនោះ ទី១ គឺពលរដ្ឋដែលមានផ្ទះ ហើយអ្នកខ្លះក៏បានបំពេញកាតព្វកិច្ច និងអ្នកខ្លះមិនបានបំពេញកាតព្វកិច្ច ដូច្នេះពលរដ្ឋទាំងអស់ត្រូវតែចូលរួមបំពេញកាតព្វកិច្ចឱ្យបានគ្រប់ៗគ្នាក្នុងការទុកដាក់សំរាម ការបង់ថ្លៃសេវាប្រមូលសំរាម។
ចំណែកកត្តាទី២ លោក សន ជ័យ បានលើកឡើងថា អាជ្ញាធរត្រូវតែធ្វើទិន្នន័យគ្រប់ពលរដ្ឋទាំងអស់ដែលសេវាប្រមូលសំរាមនេះមិនអាចបានប្រមូលសំរាមទៅដល់ផ្ទះរបស់ពួកគាត់ដែលជាហេតុនាំឱ្យពលរដ្ឋមួយចំនួនបានយកសំរាមពីផ្ទះរបស់ខ្លួនមកចោលនៅតាមទីសាធារណៈយ៉ាងអនាធិបតេយ្យហើយកត្តានេះក៏បណ្តាលមកពីពលរដ្ឋខ្លួនឯងផងដែរ។
លោកថា៖ «យើងឃើញមានបុរី ឬផ្ទះថ្មីដែលមានមនុស្សនៅហើយ ប៉ុន្តែសំណួរសួរថា មនុស្សទាំងនោះ គាត់មិនចោលសំរាមនៅកន្លែងគាត់រស់នៅទេ? គាត់យកមកចោលពេញផ្លូវ។សួរថា ចំណុចនេះគឺមកពីកំហុសពលរដ្ឋ ឬក៏កំហុសជាប្រព័ន្ធតែម្តង។ ចំណុចនេះក៏ជាបញ្ហាដែលត្រូវដោះស្រាយដែរ»៕
វីដេអូ៖