ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​បង្កើត​ក្រុម​តេឡេក្រាម​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​ដែល​ខ្វះខាត​អាច​ទាក់ទង​ស្នើសុំ​ស្បៀង​ទាន់ពេលវេលា​ក្នុង​អំឡុងពេល​បិទ​ខ្ទប់ ខណៈ​អភិបាល​រាជធានី បញ្ជា​ឲ្យ​បញ្ចេញ​អង្ករ​ប្រមាណ ១៤០ តោន ​ទុក​បែងចែក​ទៅតាម​ខណ្ឌ​ទាំង ១៤ នៅ​រាជធានី​ភ្នំពេញ។

តាម​សេចក្តីប្រកាស​របស់​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ "គ.ប.ខ." រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា «ប្រសិន​បងប្អូន​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត​នូវ​ស្បៀង​អាហារ​ប្រចាំថ្ងៃ​ចាំបាច់​ជាបន្ទាន់ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​នេះ​សូម​បងប្អូន​ជូនដំណឹង​មក​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់ “គ.ប.ខ.” តាមរយៈ​ក្រុម​តេឡេក្រាម «តម្រូវការ​បន្ទាន់​នូវ​ជំនួយ​ស្បៀង​ចាំបាច់ (គ.ប.ខ.)»។

ប៉ុន្តែ​គណៈកម្មការ​នេះ​បាន​បញ្ជាក់ថា មុននឹង​ទទួល​បាន​អំណោយ​នេះ សូម​ពលរដ្ឋ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ចំនួន​គ្រួសារ ស្ថានភាព​គ្រួសារ និង​មុខរបរ​រួម​នឹង​ទីតាំង​ស្នាក់នៅ (ផ្ទះ ផ្លូវ សង្កាត់ ខណ្ឌ) និង​លេខ​ទំនាក់ទំនង​ភ្ជាប់​មកជា​មួយ ។

ជាមួយ​នឹង​ការបង្កើត​ក្រុមការងារ​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ បាន​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​អង្ករ ១៤០ តោន​ទៅ​ខណ្ឌ​ទាំង ១៤ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត នៅក្នុង​មូលដ្ឋាន តាមរយៈ​សំណើ​នានា ដែល​ទទួល​បាន​ពី​ក្រុមការងារ។

លោក​បាន​បញ្ជាក់ថា៖ «អង្ករ​ដែលជា​អំណោយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមាណ ១៤០ តោន​នេះ​នឹង​ដឹក​ទៅកាន់​ខណ្ឌ​ទាំង ១៤ ដោយ​ក្នុង ១ ខណ្ឌ​ចំនួន ១០ តោន​នៅ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ ដើម្បី​ទុក​ឲ្យ​អភិបាលខណ្ឌ​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀងអាហារ»។

ក្រៅពីនេះ លោក ឃួង ស្រេង ក៏បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ទាំងអស់​ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ពិនិត្យ​មើល​ការដង្ហោយ​ហៅ​រក​ជំនួយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ក្នុង​អំឡុងពេល​បិទខ្ទប់៕