ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការស្នើ​សុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​គ្រោង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​មាន​អ្នក​ចូលរួម ១៥០០ ​នាក់ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ។ មន្ត្រី​​ថ្លែង​ថា ការប្រារព្ធ​ទិវា​នេះ​មិន​ស្រប​នឹង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​ការរាលដាល​ជំងឺ​កូវីដ១៩ ចូល​​ក្នុង​សហគមន៍។

លោក មេត មាសភក្តី អ្នក​នាំពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ថ្លែង​​​កាលពី​ថ្ងៃ​ទី ៣ ធ្នូ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជូន​ដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ​អំពី​គម្រោង​ជួបជុំ​គ្នា​ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ឱ្យ​ពួកគេ​ជួបជុំ​ទេ។ លោក​ថ្លែង​ថា តាម​សំណើ​ដែល​គាត់​ស្នើសុំ​គឺ​អ្នក​ចូលរួម​មាន​ដល់​ទៅ ១ ៥០០ ​នាក់។ នេះ​ជា​ចំនួន​មួយ​ច្រើន ហើយ​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រឈម។ ប្រឈម​នោះ​គឺ​ចូលដល់​បន្ទាត់​ក្រហម​ហើយ​ដោយសារ​តែ​ជំងឺ​កូវីដ​១៩ មាន​ការរីករាលដាល​ចូល​ដល់​សហគមន៍។

លោក​បន្ត​ថា​៖ «រាជរដ្ឋាភិបាល​ក៏​ដូចជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​កំពុង​សហការ​ចាត់​វិធានការ​រឿង​នេះ​ឱ្យ​បាន​ខ្លាំងក្លា ដើម្បី​ការពារ​កុំ​ឱ្យ​ការឆ្លង​នេះ​ចូល​ទៅ​ដល់​មនុស្ស​ច្រើន។ ដូច្នេះ​យើង​មិន​អាច​អនុញ្ញាត​ជូន​បាន​ទេ។ យើង​បាន​ជូន​ដំណឹង​ទៅ​ពួក​គាត់​ហើយ»​។

លោកស្រី​ ចក់ សុភាព នាយិកា​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​តាម​អ៊ីមែល​ពី​ម្សិលមិញ​ថា អង្គការ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៥០ គ្រោង​នឹង​​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដោយ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៦ ធ្នូ។ ប៉ុន្តែ​ដោយសារ​តែ​ការរាលដាល​កូវីដ-១៩ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ផ្អាក​ការជួបជុំ​នេះ ហើយ​ក្រុម​អង្គការ​ក៏​បាន​ពន្យារ​ពេល​ប្រារព្ធ​ពិធី​នេះ។ នេះ​ជា​លើក​ទី​ ១​ ហើយ​​ដែល​ការ​ប្រារព្ធ​ទិវា​នេះ​មិន​ត្រូវ​បាន​ធ្វើ​គិត​ចាប់​ពី​ឆ្នាំ ១៩៩៣ មក។

លោកស្រី​ថ្លែង​ថា៖ «ការហាម​ឃាត់​របស់​សាលា​រាជធានី​ពេល​នេះ​មិន​ឱ្យ​មាន​ការជួបជុំ​គ្នា​លើស​ពី​ ២០ ​នាក់​ពី​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​ ១៦ ធ្នូ ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​គ្រប់ៗ​គ្នា​រួមទាំង​អ្នក​ដែល​ចង់​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ប្រសិន​បើ​ការហាមឃាត់​នេះ​ដោយសារ​ហេតុផល​កូវីដ១៩​»​។

ទោះ​យ៉ាង​ណា​លោកស្រី​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវតែ​ធានា​ថា គោលការណ៍​​របស់​ខ្លួន​ក្នុង​ការទប់ស្កាត់​កូវីដ១៩​ត្រូវ​តែ​មាន​បច្ចុប្បន្នភាព ហើយ​សិទ្ធិ​ទទួល​បាន​សុខភាព និង​សិទ្ធិ​សេរីភាព​ក្នុង​ការប្រមូលផ្ដុំ​ត្រូវ​តែ​មាន​តុល្យភាព​គ្រប់គ្រាន់។

លោកស្រី ចក់ សុភាព បន្ត​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធានា​ថា កូវីដ១៩​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍ ដើម្បី​រឹតត្បិត​ការប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ហើយ​ធានា​ថា ការប្ដេជ្ញា​របស់​សាលា​ក្រុង​ក្នុង​ការអនុញ្ញាត ឬ​បដិសេធ​ការប្រារព្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មិន​លម្អៀង​ និង​យុត្តិធម៌​ស្រប​តាម​កាតព្វកិច្ច​ជាតិ និង​អន្តរជាតិ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​កំពុង​​​ប្រារព្ធ​ខួប​ទី​​ ៧០ នៃ​ទំនាក់ទំនង​ការទូត​អាមេរិក​-កម្ពុជា​ដោយ​ខែ​ធ្នូនេះ ស្ថានទូត​កំណត់​យក​ប្រធានបទ​ «លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស»។

លោក Chad Roedemeier អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ បាន​ថ្លែង​តាម​អ៊ីមែល​ថា កម្មវិធី​នានា​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ការប្រារព្ធ​ខួប​៧០ ចាប់​តាំងពី​ខែ​មករា​មក។ ប្រទេស​ទាំង​ ២ មាន​រដ្ឋធម្មនុញ្ញ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទម្រង់​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ការការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

លោក​ថ្លែង​ថា៖ «​សម្រាប់​ខែ​ធ្នូ​នេះ​ដូច​បាន​ប្រកាស​កាលពី​ចាប់ផ្ដើម​គឺ​យើង​ជ្រើសរើស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​​ប្រធានបទ​ប្រចាំខែ ដែល​ប្រធានបទ​នេះ​​តំណាង​ឱ្យ​អាទិភាព​នយោបាយ​ការបរទេស​ដ៏សំខាន់​របស់​សហរដ្ឋ​អាមេរិក​ជា​ផ្នែក​គន្លឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង និង​​ទិវា​សិទ្ធិ​មនុស្ស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​ ១០ ធ្នូ»​។

លោក​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​បាន​បង្កើត​នូវ​ឱកាស​នានា​ជា​បន្តបន្ទាប់​ដើម្បី​​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​បាន​បង្ហាញ​ក្ដីបារម្ភ​ជាមួយ​នឹង​បញ្ហា​ប្រឈម ព្រមទាំង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ត្រឹមត្រូវ​ ដើម្បី​បើក​ឡើង​វិញ​នូវ​លម្ហ​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល»។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថាក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​កូវីដ១៩​ក្នុង​សហគមន៍ការ​​ស្នើសុំ​ជួបជុំ​គ្នា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ​ និង​ប្រធានបទ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​មិន​ស្រប​ទៅ​នឹង​កាលៈទេសៈ​ទេ។

លោក​ថ្លែង​ថា៖ «ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ​ខ្ញុំ​គិត​ថា​ ប្រសិន​បើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ​ផ្សេង​ទៀត​ដែល​ចង់​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ជាពិសេស​ចំ​ខែ​ធ្នូ​ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​ផង​នោះ​គួរ​តែ​ធ្វើ​ម្យ៉ាង​ដែល​ជា​ការចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ១៩»។

លោក​បន្ត​ថា ការទប់ស្កាត់​នេះ​គឺជា​ការលើក​ស្ទួយ​សិទ្ធិ​ចម្បង​មួយ​គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត។ ប្រសិន​បើ​សិទ្ធិ​រស់រាន​មាន​ជីវិត​នេះ​ មិន​ត្រូវ​បាន​ការពារ​ និង​ធានា​ទេ មិន​បាច់​និយាយ​ដល់​សិទ្ធិ​ដទៃ​ទៀតទេ។

លោក​បន្ត​ថា៖ «អ៊ីចឹង​ទេទាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក ទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​គ្រោង​ជួបជុំ​គ្នា​សម្ដែង​មតិ​សម្រាប់​ទិវា​ ១០ លើក​ស្ទួយ​សិទ្ធិ​សេរីភាព គួរតែ​ពិចារណា​ឡើងវិញ។ ដើម្បី​ទទួល​បាន​ការគាំទ្រ​ពី​​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពួកគាត់​​គួរ​តែ​ធ្វើ​សកម្មភាព​អ្វីមួយ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ១៩​ចូល​ដល់​សហគមន៍​ជាជាង​ការជួបជុំ​សម្ដែង​មតិ​ដែល​ជា​ហានិភ័យ​ដល់​សង្គម​ក្នុង​កាលៈទេសៈ​បែប​នេះ»។

បើ​តាម​លោក ជិន ម៉ាលីន សហរដ្ឋ​អាមេរិក​គួរ​ធ្វើ​សកម្មភាព​ដើម្បី​លើក​ស្ទួយ​ដល់​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ពិចារណា​លើ​បរិបទ​កម្ពុជា។ គោលការណ៍ សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​មាន​គោលការណ៍​រួម តែ​ការអនុវត្ត​មាន​ការប្រែប្រួល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្អែកលើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច ប្រពៃណី និង​ទិដ្ឋភាព​នយោបាយ។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែងថា​ក្នុង​កាលៈ​ទេសៈ​នេះ​មនុស្ស​គ្រប់​គ្នា​គួរ​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​កូវីដ១៩ និង​រួម​គ្នា​ប្រឆាំង​ជំងឺ​នេះ។ ក្រសួង​​សុខាភិបាល​គួរតែ​បន្ថែម​ការប្រឹងប្រែង​ដើម្បី​ដាក់​ចេញ​វិធានការ​ប្រយុទ្ធ​នឹង​កូវីដ១៩ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​អនុវត្ត​តាម​ឱ្យ​បាន​ដិត​ដល់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក៏​គួរ​តែ​បង្ហាញ​ឧទាហរណ៍​ដោយ​ការពាក់ម៉ាស់​ជាប់​ជានិច្ច និង​រក្សា​គម្លាត​ពី​គ្នា។ ទាំងអស់​គ្នា​គួរតែ​ដឹង​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​យោគ​យល់​ដោយ​ជំងឺ​នេះ​ទេ។ ដូច​យើង​បាន​ដឹង​ហើយ​អ្វី​ដែល​អាច​កើត​មាន ​វា​នឹង​កើត ​ហើយ​វា​បាន​កើត​មាន​ទៅ​ហើយ»៕