ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ជួបប្រជុំ​លើក​ទី​១ ​ជាមួយ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​ក្រុង​ដើម្បី​ពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដែល​នៅមាន​ចន្លោះ​ប្រហោង និង​បន្ត​អនុវត្ត​កិច្ចការ​ដែល​ធ្វើ​បាន​ល្អ​នៅ​ឆ្នាំ​កន្លងទៅ​។

លោក មេត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កិច្ចប្រជុំ​នេះ​បាន​ស្ដាប់​របាយការណ៍ និង​ការលើក​ជា​មតិ​ពី​អ្នកអនុវត្ត​ច្បាប់​រួមមាន​នគរបាល និង​អាវុធ​ហត្ថ ហើយ​បន្ទាប់មក​លោក ឃួង ស្រេង បាន​ដាក់​ទិសដៅ​អនុវត្ត​បន្តទៀត​រួមមាន ការបន្ត​អនុវត្ត​កិច្ចការ​ដែល​ធ្វើ​បានល្អ និង​បន្ត​ធ្វើឱ្យ​​ប្រសើរ​នូវ​ចំណុច​ខ្វះខាត​។

លោក​ថ្លែងថា កាលពី​ឆ្នាំ​ ២០២០ ​បើទោះបី​ជាមាន​បញ្ហា​កូវីដ​ ១៩ ​ក្ដី​​ក៏​សមត្ថកិច្ច​មិន​រយាល​ដៃ​ដែរ ក្នុង​ការទប់ស្កាត់​បទល្មើស​ពាក់ព័ន្ធ​នឹង​​គ្រឿង​ស្រវឹង អាវុធ​ជាតិ​ផ្ទុះ ច្បាប់​ចរាចរណ៍​ ឬ​ក្មេង​ទំនើង​។ នៅ​ឆ្នាំនេះ សមត្ថកិច្ច​នឹង​ប្រឹងប្រែង​លើ​ចំណុច​ចន្លោះប្រហោង​។

លោក​ថា​៖ «​យើង​ក៏​អាច​វាយតម្លៃ​បាន​ថា យើង​អាច​នៅមាន​ចំណុច​ឆកល្វែង​នៅ​សេសសល់​។

ឥឡូវ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យើង​ទំនើប យើង​អាច​ឃើញ​គេ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​អំពី​បញ្ហា​ខ្វះខាត ចន្លោះ​ប្រហោង​តាម​មូលដ្ឋាន ការបន្ត​លេងល្បែង​ស៊ីសង​ខុសច្បាប់​ជល់​មាន់ អាប៉ោង អ៊ីនធឺណិត​អនឡាញ​ទាំង​នេះ​ហើយ​ដែល​យើង​និយាយ​ថា ជា​ចំណុច​ដែល​យើង​ត្រូវ​បន្ត​លុបបំបាត់​...»​។

ទោះយ៉ាងណា​លោក​ថា បញ្ហា​ចន្លោះប្រហោង​ និង​ទិសដៅ​អនុវត្ត​ជាក់ស្ដែង​នឹង​ត្រូវ​លើកឡើង​ពេល​ក្រោយ​ទៀត​នៅ​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០២១​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​​ថ្លែងថា ក្រៅពី​ខ្លាច​ជំងឺ​កូវីដ​ ១៩ ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ក៏​បារម្ភ​ពី​ការប្រើ​អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន និង​បញ្ហា​អសន្តិសុខ​មួយចំនួន​បណ្ដាល​មកពី​គ្រឿង​ស្រវឹង​ផងដែរ ជាពិសេស​បន្ទាប់ពី​មាន​ការបាញ់បោះ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ករណី​ថ្មីៗ​នេះ​។

បើ​តាម​លោក ច័ន្ទរឿន គ្រឿង​ស្រវឹង​ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការបំពុល​ដោយ​សំឡេង​ខារ៉ាអូខេ ដែល​បញ្ហា​នេះ​បន្ត​កើតមាន​ទាំង​នៅ​ក្រុងភ្នំពេញ​ និង​តាម​ជនបទ​។

លោក​ថ្លែងថា​៖ «​ហេតុដូច្នេះ​មាន​​តែ​សមត្ថកិច្ច​បន្ត​អនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ការប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ហួសប្រមាណ ការបំពុល​សំឡេង​តាម​ភូមិ កាត់បន្ថយ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ​រួមមាន​ទាំង​ការផ្សាយ​ទាក់ទាញ​តាមរយៈ​ការផ្ដល់​រង្វាន់​»​។

ចំពោះ​ការឆែកឆេរ​ចរាចរណ៍​ដើម្បី​ទប់ស្កាត់​ការប្រើ​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់ និង​គ្រឿងញៀន​នៅ​តាម​ដងផ្លូវ​លោក ច័ន្ទរឿន ស្នើឱ្យ​សមត្ថកិច្ច​ធ្វើឡើង​ដោយ​យុត្តិធម៌ ចៀសវាង​ការគាបសង្កត់​ពលរដ្ឋ​ស្លូតត្រង់ ខណៈ​ពលរដ្ឋ​កំពុង​រង​ការយាយី​ពី​កូវីដ​ ១៩ និង​មាន​បញ្ហា​ជីវភាព​។

លោក​បន្តថា​៖ «​ក្រៅពី​ការពង្រឹង​ច្បាប់​ក៏​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្កើន​ការពង្រឹង​ការអប់រំ​ដល់​ពលរដ្ឋ​អំពី​សីលធម៌ និង​ស្មារតី​ជា​ពលរដ្ឋ​ល្អ និង​ពលរដ្ឋ​សកម្ម​នៅក្នុង​សង្គម​»៕

វីដេអូ៖