ភ្នំពេញ: ដើម្បីការពារការឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍ សាលាក្រុងភ្នំពេញកាលពីម្សិលមិញបានសម្រេចផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទក្នុងរយៈពេល ២ សប្តាហ៍។
សេចក្តីជូនដំណឹងបានឲ្យដឹងថា គ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹង គ្រប់ប្រភេទរយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។
សេចក្តីជូនដំណឹងបានសរសេរថា៖ «ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារភេសជ្ជៈ គ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន»។
ការដាក់ចេញនូវវិធានការថ្មីនេះ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្រោយពីដាក់ចេញការណែនាំជាបន្តបន្ទាប់នូវវិធានការការពារជំងឺកូវីដ១៩ មានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន នៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្តុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់ជួបជុំទទួលទានគ្រឿងស្រវឹង ដែលនាំឲ្យបាត់បង់ស្មារតីភ្លេចការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ១៩។ នេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។
រដ្ឋបាលរាជធានីភ្នំពេញបានប្រាប់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យសហការគ្នា ដើម្បីចុះត្រួតពិនិត្យតាមបណ្តោយគោលដៅផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖ «ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មណាមួយ មិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី ១ ហើយប្រសិនបើនៅតែបន្តបំពានត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ»៕