ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​សំណើសុំ​ធ្វើ​បទបង្ហាញ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង ខណៈ​កិច្ចពិភាក្សា​នេះ​នឹង​ឈាន​ទៅរក​ការរៀបចំ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (App) សម្រាប់​ប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃ​។

លោក ហួត ហៃ ​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ស្តីពី​សំណើសុំ​ធ្វើ​បទបង្ហាញ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង​របស់​ក្រុមហ៊ុន Optistech Co.,Ltd នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ចូលរួម​។

លោក នួន សំណាវុធ អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​សំណល់​រឹង រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ជុំវិញ​ការបង្កើត​ប្រព័ន្ធគ្រប់គ្រង​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ( App) ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​ទូរស័ព្ទដៃ​អតិថិជន ជុំវិញ​សេវា​ប្រមូល​សំរាម​។

ការបង្កើត App នេះ គឺ​ដើម្បីឱ្យ​អតិថិជន​បាន​ពិនិត្យ និង​តាមដាន​ក្នុង​ការបម្រើសេវា ព្រមទាំង​ផ្តល់​ភាពងាយស្រួល​គ្រប់​បែបយ៉ាង​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំរាម​ទូទាំង​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «App នេះ​ផ្តល់​ភាពងាយស្រួល​ទាំងអស់​ដល់​ពួកគាត់​តាំងពី​ការប្រមូល តាំងពី​ការបង់ថ្លៃ​សេវា តាមរយៈ​ប្រព័ន្ធ​ស្មាតហ្វូន​ដែល​គាត់​ប្រើប្រាស់ App របស់​យើង​គឺ​អាច​ត្រួតពិនិត្យ​ការបង់​សេវា​របស់គាត់​។ លើសពីនេះ គឺមាន​ព័ត៌មាន​ទាក់ទង​នឹង​សេវា​តែម្តង​»​។

ដោយសារ​តែ​ប្រព័ន្ធគ្រប់គ្រង​តាម​បច្ចេកវិទ្យា ( App) ទើបតែ​ត្រូវ​បាន​រៀបចំ​បង្កើត លោក នួន សំណាវុធ បាន​សង្កត់ធ្ងន់​ថា នៅពេល​ក្រុមការងារ​បានបញ្ចប់​ការពិភាក្សា​លក្ខណៈ​បច្ចេកទេស​ចប់​រួច​រាល់​ពេលណា​នោះ ថ្នាក់ដឹកនាំ​នឹង​ប្រកាស​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​ការប្រើប្រាស់ App សម្រាប់​គ្រប់គ្រង​បម្រើ​ឱ្យ​សេវា​ប្រមូល​សំរាម​នេះ​ក្នុង​ពេល​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​រឿង App នេះ យើង​កំពុង​កែតម្រូវ​វា​ឱ្យ​ធ្វើ​ចេញមក​បាន​ស្រួល​ប្រើប្រាស់ ហើយ​វា​មិនទាន់​ផ្លូវការ​ទេ​។ នៅពេល​យើង​សម្រេច​លទ្ធផល​បាន គឺ​យើង​នឹង​ផ្សព្វផ្សាយ​ហើយ​ដោយ​រង់ចាំ​ការសម្រេច និង​ពិភាក្សា​ពី​ថ្នាក់លើ​សិន​»​។

កាលពី​ថ្ងៃទី​ ៥ កុម្ភៈ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា ក្រុមហ៊ុន​សិង្ហបុរី និង​ក្រុមហ៊ុន​ចិន​បាន​ទទួល​សិទ្ធិ​ប្រមូល​ និង​គ្រប់គ្រង​សំរាម​ក្នុង​តំបន់​ចំនួន ២ ​ហើយ​ក្រុមហ៊ុន​ស៊ីនទ្រី​ទទួលបាន​សិទ្ធិ​បន្ត​ក្នុង​ការផ្តល់សេវាកម្ម​នេះ​នៅ​តំបន់​ទី​ ៣​។ សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​ទាំង ៣ នឹង​ចូលខ្លួន​បម្រើសេវា​ប្រមូល​សំរាម​នៅ​តាម​ទីតាំង​របស់ខ្លួន​រៀងៗ​ខ្លួន​ក្នុង​អំឡុង​ខែឧសភា ឆ្នាំនេះ ខណៈ​ក្រុមហ៊ុន​នីមួយៗ​បាន​បង្ហាញ​ការតាំង​ចិត្ត​ក្នុង​ការបម្រើសេវា​ប្រមូល​សំរាម​ដល់​អតិថិជន​។

កាលពី​ថ្ងៃទី​ ២២ ខែ តុលា ឆ្នាំ ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដកសិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការបម្រើ​សេវា​យក​មក​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រប់គ្រង​បណ្តោះអាសន្ន​មុននឹង​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​បាន​ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ស៊ីនទ្រី​មិន​មាន​សមត្ថភាព​ក្នុង​ការប្រមូល​សំរាម​។

នៅក្នុង​អំឡុងពេល​នៃ​ការដកហូត​នេះ​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើការ​កំណែទម្រង់​នូវ​លក្ខខណ្ឌ និង​ការផ្តល់សេវា​មួយចំនួន ដូចជា ការដក​តម្លៃ​សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ភ្លើង​ការបង់​កម្រៃ​សេវា​តាមរយៈ​ភ្នាក់ងារ​បង់លុយ​ទំនើប​នានា​ដែល​បង្កលក្ខណៈ​ងាយស្រួល រួមទាំង​ការកែប្រែ​ការប្រមូល​សំរាម​រឹង រាវ និង​ការផ្តល់សេវា​ឱ្យបាន​ល្អ​ជាង​មុន​ផងដែរ​។

លោក វិឆ័យ ជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ខណ្ឌ​ទួល​គាក​ដែល​ធ្លាប់បាន​លើកឡើង​ពី​ភាពអសកម្ម​ជុំវិញ​បញ្ហា​សំរាម​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នៃ​ការផ្លាស់ប្តូរ​ការគ្រប់គ្រង​ការប្រមូល​សំរាម​នេះ​គឺ​មាន​ការល្អប្រសើរ​ជាង​មុន​។

លោក​បន្តថា ទាំង​ឥរិយាបថ​របស់​អ្នកប្រមូល​សំរាម និង​ការផ្តល់​សេវា​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​នេះ​គឺ​មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​មិនមែន​បាន​ន័យថា ល្អ​ទាំងស្រុង​នោះ​ទេ​។ លោក​រំពឹងថា នៅពេល​ក្រុមហ៊ុន​ទាំង ៣ ចូល​បំពេញ​ការងារ ពលរដ្ឋ នឹង​ទទួលបាន​សេវា​នេះ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​ការជូនដំណឹង​គឺ​ផ្តល់ឱ្យ​ពួកយើង​បាន​បានល្អ ហើយ​ចំពោះ​ការបង់​សេវា​ប្រចាំខែ ក៏​មិន​មាន​បញ្ហា​អ្វី​នោះដែរ គាត់​មក​ប្រមូល​សំរាម​អស់ ហើយ​បើ​អាជ្ញាធរ គាត់​ចង់​បង្កើត​ឱ្យ​មាន​ការប្រើប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៀត​ពាក់ព័ន្ធ​នឹង​សេវា​ប្រមូល​សំរាម​នេះ​គឺ​ល្អណាស់​»​។

សូមជម្រាបថា រដ្ឋាភិបាល​បាន​សម្រេច​បែងចែក​រាជធានីភ្នំពេញ​ជា ៣ តំបន់​សម្រាប់​ធ្វើការ​គ្រប់គ្រង ផ្តល់​សេវា​ប្រមូល​សំរាម​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ចំនួន ៣ ផ្សេងគ្នា​ធ្វើការ​គ្រប់គ្រង​ក្នុង​នោះ​តំបន់​ទី​១ មាន ខណ្ឌ​ទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និង​ខណ្ឌ​ព្រែកព្នៅ​។

តំបន់​ទី២ មាន​ខណ្ឌដង្កោ ពោធិ៍​សែនជ័យ កំបូល ដូនពេញ និង​ខណ្ឌ ៧ មករា​។ ចំណែក​តំបន់​ទី​៣ គឺមាន​ខណ្ឌចំការមន មានជ័យ ច្បារអំពៅ និង​ខណ្ឌ​បឹងកេងកង​៕