ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​ឈ្នះ និង​បាន​ចាត់ទុក​ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​នេះ​ដែល​ថា​សាលាក្រុង​បាន​ហាមឃាត់​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុនថា មាន​ចេតនា​បំភ្លៃ​ការពិត​។

ការសម្តែង​ការសោកស្តាយ​របស់​សាលា​រាជធានី​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​គណបក្ស​ខ្មែរ​ឈ្នះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​ ១០ ខែ​សីហា ដើម្បី​ជជែក​ពិភាក្សា​ទៅនឹង​សំណើ​របស់​គណបក្ស​នេះ​ដែល​បាន​ស្នើសុំ​ធ្វើ​បាតុកម្ម​រយៈពេល ៤ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ១៦ ថ្ងៃទី​ ២០ ថ្ងៃទី​ ២៣ និង​ថ្ងៃទី​ ៣០ ខែ​សីហា នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឫស្សីកែវ​។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​នេះ​លើក​ឡើង​ថា ការហាមឃាត់​ចំពោះ​ការប្រកាស​ដឹកនាំ​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក​ រ៉ុង ឈុន គឺជា​ការបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ដើរ​ផ្ទុយ​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​រំលោភច្បាប់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ១១ ខែ​សីហា​ថា សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​ឈ្នះ គឺ​មាន​ខ្លឹមសារ​ប្រាសចាក​ពី​ស្មារតី​នៃ​កិច្ចប្រជុំ​ដោយ​បាន​ធ្វើការ​ចោទប្រកាន់​មកលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា បានដាក់​បម្រាម​ដោយ​ហាមឃាត់ ចំពោះ​ការប្រកាស ដឹកនាំ​ធ្វើបាតុកម្ម​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន​។

គណបក្ស​នេះ​ថែម​ទាំង​លើកឡើង​ខុសពី​ការពិត​ទាំងស្រុង​ថា អាច​មាន​ការប៉ះទង្គិច និង​ឈាន​ទៅ​ដល់​ការចាប់ខ្លួន​បាតុករ​ពាក់ព័ន្ធ​ការដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​នេះ​។ រដ្ឋបាល​រាជធានី​អះអាង​ថា ការជូន​ដំណឹង​នៃ​ការធ្វើ​បាតុកម្ម​របស់​គណបក្ស​ខ្មែរ​ឈ្នះ​នេះ​គឺ​មាន​លក្ខណៈ​មិន​សមស្រប​ទៅ​នឹង​ស្ថានភាព​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ និង​សេចក្តី​សម្រេច​នានា​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​ការជំរុញ​អប់រំ​សុខភាព​ជូន​ប្រជាជន​ និង​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​ ២ ​នៃ​ការចម្លង​ជំងឺ​កូវីដ​១៩​រួមទាំង​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ស្រប​ពេល​ដែល​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការដោះលែង​ទៀតសោត មិន​ស្រប​តាម​មាត្រា​ច្បាប់​។ «​ក្នុងន័យនេះ​រដ្ឋបាល​រាជធានីភ្នំពេញ​សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​ឈ្នះ​ខាងលើ​ដែល​ជា​ទង្វើ​ឆ្លៀត​បោកប្រាស់​សាធារណមតិ ដើម្បី​ទទួល​បាន​ការចាប់អារម្មណ៍​ពី​សាធារណជន​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្ត​នានា​មុន​នឹងធ្វើ​សេចក្ដី​ថ្លែងការណ៍ ហើយ​ត្រូវ​ធ្វើការ​កែប្រែ​ជាបន្ទាន់​នូវ​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​ ១១ ​ខែ​សីហា ឆ្នាំ​ ២០២០ ឱ្យ​ស្របតាម​កំណត់ហេតុ​ប្រជុំ​ចុះ​ថ្ងៃទី​ ១០ ខែសីហា នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​ពី​សាធារណជន​។

លោក យិន ឈឿន អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​របស់​រដ្ឋបាល​រាជធានី​នៅឡើយ​ទេ​។ លោក​បន្តថា ដើម្បី​ចៀសវាង​ការឆ្លើយតប​ដែល​នាំ​ឲ្យ​មាន​ការភាន់ច្រឡំ​បន្តទៀត​រវាង​គណបក្ស និង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​សុំ​ពិនិត្យមើល​ខ្លឹមសារ និង​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​ជាមុនសិន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ទទួល​បាន​ខ្លឹមសារ​ជាក់ស្តែង​ដែល​សាលា​រាជធានី​បាន​លើកឡើង​អំពី​ការចោទប្រកាន់ ហើយ​ក៏​មិនទាន់​ជជែក​គ្នា​ផ្ទៃក្នុង ដូច្នេះ​ខ្ញុំ​មិន​ទាន់​អាច​ឆ្លើយតប​បានទេ​»​។

យ៉ាងណាក្តី​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​បាន​សរសេរ​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​មាន​អម​ជាមួយ​លិខិត​ពាក់ព័ន្ធ​ជាច្រើន​ច្បាប់​រួមទាំង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ផងដែរ​ដោយ​ចោទ​សួរថា​៖ «​តើ​នេះ​ជា​របៀប​ធ្វើការ​របស់​សាលា​រាជធានី​ភ្នំពេញ​ ឬ​យ៉ាងណា​? ថ្ងៃ​ជូនដំណឹង និង​ថ្ងៃ​បដិសេធ​ក្នុង​ថ្ងៃ​តែមួយ កិច្ចប្រជុំ​ផ្លូវការ​មិនទាន់​ចាប់ផ្តើម​ផង លោក​អភិបាល​រាជធានី​ភ្នំពេញ​ដាក់​បម្រាម​មិន​ឲ្យ​មាន​បាតុកម្ម​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ជា​មុន​ទៅ​ហើយ​»៕