
សកម្មភាពកាយប្រឡាយនៅខណ្ឌពោធិ៍សែនជ័យ កាលពីកន្លងមក។ រូបថត សហការី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាកែលម្អប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រនៃបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀសទឹកជំនន់ដែលអាចកើតឡើងនៅរដូវវស្សា ហើយក្រៅពីនោះក៏នឹងមានការបន្ថែមស្ថានីយបូមទឹកថ្មី ១ កន្លែង នៅភូមិទួលពង្រ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ផងដែរ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣ កុម្ភៈ ថា ជុំវិញការធ្វើស្ថានីយបូមទឹកថ្មីនៅទួលពង្រនេះ គឺជាយុទ្ធសាស្ត្រសម្រាប់ជំរុញការងារបញ្ចៀសទឹកឱ្យបានកាន់តែប្រសើរបូករួមជាមួយការងាររៀបចំជីកស្តារប្រឡាយ ប៉ុន្តែនៅមានលក្ខណៈបច្ចេកទេសផ្សេងៗច្រើនទៀត ហេតុនេះលោកមិនទាន់អាចបញ្ជាក់លម្អិតបានទេព្រោះកំពុងសិក្សា។
លោកថ្លែងថា៖ «នេះគឺជាយុទ្ធសាស្ត្រដែលយើងគិតថា សម្រាប់ជំរុញការងាររុញទឹកបានកាន់តែល្អប្រសើរ បូកជាមួយការងាររៀបចំប្រឡាយ យើងត្រូវតែថែមស្ថានីយបូមទឹក»។
លោក ម៉េត មាសភក្តី បន្តថា ដើម្បីឱ្យការងារដំណើរការបានរលូន និងទាន់ពេលនោះ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើគ្មានអ្វីប្រែប្រួលទេ អភិបាលរាជធានីភ្នំពេញនឹងចុះទៅពិនិត្យប្រឡាយដោយផ្ទាល់ ដើម្បីជំរុញការងារនេះឱ្យបានលឿនទាន់ពេលក្នុងបំណងបញ្ចៀសការលិចលង់លំនៅឋានពលរដ្ឋក្នុងរដូវវស្សាខាងមុខ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ថ្លែងថា ស្ថានីយបូមទឹកថ្មី ១ កន្លែងទៀត នឹងត្រូវសាងសង់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានឈ្មោះថា «ស្ថានីយបូមទឹកទួលពង្រ»។ ក្រៅពីនោះ មន្ត្រីជំនាញនឹងជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុងឱ្យមានទំហំទទឹង ៨ ម៉ែត្រ នៅទីតាំងចាំបាច់ផងដែរ ដើម្បីសម្រួលចរន្តទឹកឱ្យហូរបានប្រសើរជាងមុន។
លោកបានបញ្ជាក់ថា៖ «ស្ថានីយបូមទឹកទួលពង្រ នេះមានម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿង ដែលអាចរំដោះទឹកបាននៅតំបន់ទួលពង្រ ត្រពាំងថ្លឹង និងតំបន់ជុំវិញ។ គម្រោងនេះ អាចនឹងបើកការដ្ឋាននៅចុងខែកុម្ភៈនេះ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ ២០២១ បើសិនយើងមានថវិកាគ្រប់គ្រាន់»។
បើតាមលោក សាំ ពិសិដ្ឋ ក្រៅពីគម្រោងកសាងស្ថានីយបូមទឹកទួលពង្រ ក៏ត្រូវស្តារប្រឡាយទួលពង្រ ១ ជាប្រឡាយបេតុងឱ្យបានទទឹង ៨ ម៉ែត្រ បណ្ដោយជាង ៤ ៥០០ ម៉ែត្រ ផងដែរ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ ម៉ែត្រ គុណនឹង ២,៦៥ ម៉ែត្រ មានចំនួន ៣ ជួរប្រវែងជាង ៤០០ ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហាព្រមទាំងដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ ៣ ទំហំ ៦ ម៉ែត្រគុណនឹង ២ ម៉ែត្រប្រវែងជាង ១ ២០០ ម៉ែត្រ ចាប់ពីបុរី GreenVill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងត្រង់ចំណុចផ្លូវឆ្លងកាត់មានចំនួន ៧ កន្លែងផងដែរ។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រឡាយទាំងនោះឆ្លងកាត់ក្នុងខណ្ឌណាខ្លះនោះទេ។
លោក ឈុន ណា ពលរដ្ឋនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ២ បានសម្តែងការសប្បាយរីករាយនៅពេលបានដឹងពីគម្រោងសាងសង់ស្ថានីយបូមទឹកថ្មីនៅទួលពង្រ និងស្តារប្រឡាយទឹកដាក់លូ ដើម្បីរំដោះទឹកនេះ។ ប៉ុន្តែលោកថា នេះគ្រាន់តែអាចកាត់បន្ថយខ្លះៗប៉ុណ្ណោះ ពីព្រោះនៅពេលរដូវវស្សាមកដល់ទឹកមិនប្រាកដថា ឈប់លិចនោះទេ ដោយសារផ្លូវនៅទាប។
លោកថា៖ «ប្រសិនបើមានការជីកស្តារអ៊ីចឹងអាហ្នឹងក៏កាត់បន្ថយបានច្រើនដែរ ប៉ុន្តែបើគ្រាន់តែមានកន្លែងបូមទឹក ហើយអត់មានធ្វើផ្លូវពីជ្រៃកោង ទៅភូមិព្រៃល្វាហ្នឹងទេ វានៅតែលិច ព្រោះដីផ្លូវហ្នឹងមាននីវ៉ូរាងទាបជាងគេ»។
បើតាមលោក ឈុន ណា ពេលរដូវវស្សាមកដល់តែងតែមានទឹកជន់លិចពីផ្លូវជ្រៃកោង ទៅភូមិព្រៃល្វា ហើយការលិចនោះទៀតសោត គឺមានរយៈពេលយូរធ្វើឱ្យពិបាកធ្វើដំណើរ និងប្រកបរបររកស៊ីផ្សេង។
លោកថ្លែងថា៖ «ការជន់លិចហ្នឹង គឺលិចយូរ ២-៣ ខែ ទម្រាំ ១ ខែវស្សាហ្នឹង លិចនោះវាលិចពេក ហើយធ្លាក់លូ ធ្លាក់អី ពេលកូនខ្ញុំទៅរៀន លិចខ្លាំងពេកទៅវាជ្រុះខ្ចៅឡានខ្ញុំអស់ទៅ ឥឡូវខ្ញុំលក់ឡានចេញអស់ហើយ»៕
វីដេអូ៖