ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ រថយន្ត​ដឹកទំនិញ រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​ ៥ ​ថ្ងៃ​ ក្នុង​​អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ចាប់ពី​ថ្ងៃទី ​៩ រហូត​ដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ងត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់ប្រភេទ ត្រូវគោរព​ទៅតាម​ការកំណត់​នេះ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។

សេចក្តី​ជូនដំណឹង​នោះ​បាន​បញ្ជាក់ថា​៖ «​គ្រប់​យានយន្ត​ធ្វើ​ដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក មិន​អនុញ្ញាត​ឱ្យ​ចរាចរ​លើ​ផ្លូវ​ច្រាំង​ទន្លេសាប ផ្លូវ​លេខ​ ១៣០ ផ្លូវ​លេខ​ ៥ ផ្លូវ​លេខ​ ១៥៤ មហាវិថី​ព្រះនរោត្តម ផ្លូវ​លេខ​ ២១៤ ផ្លូវ​លេខ​ ៥១ ផ្លូវ​លេខ​ ២៩៤ កំណាត់​មហាវិថី​សម្តេច​សុធារស​ដល់​កែង​ផ្លូវ​ស្ថានទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​ ៧៨ ផ្លូវ​សបឺត មហាវិថី​ព្រះសុរាម្រិត កំណាត់​តិរវិថី​ព្រះស៊ីសុវត្ថិ​ដល់​កែង​ផ្លូវ​លេខ​ ១៣០»​។ សេចក្តី​ជូន​ដំណឹង​ដដែល​នោះ​បញ្ជាក់​បន្តថា​៖ «​ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជពិធីបុណ្យ​អុំទូក​តាម​ផ្លូវ​លេខ​ ៥៩៨ និង​មហាវិថី​ឧកញ៉ា​ម៉ុងឫទ្ធី ត្រូវ​បង្វែរ​ចូល​តាមផ្លូវ​តូចៗ​មិនឱ្យ​ចូល​ហួស​មហាវិថី គីម អ៊ីលស៊ុង និង​ចត​នៅ​បរិវេណ​តំបន់​អភិវឌ្ឍន៍​បឹងកក់​»​។

ចំណែក​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ក៏​មិន​អនុញ្ញាត​ឱ្យ​ចរាចរ​ចូលក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ម៉ោង​ ១០:០០ ​នាទី ​រហូត​ដល់​ម៉ោង​ ២២:០០ ​នាទី ប៉ុន្តែ​អាច​ចរាចរ​បាន​វិញ ចាប់ពី​ម៉ោង​ ២២:០០ ​នាទី​ រហូត​ដល់​ម៉ោង​ ១០:០០ ​នាទី ខណៈ​រថយន្ត​ធុន​ធំ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ រថយន្ត​ដឹកទំនិញ គឺ​ហាម​ចូល​តែម្តង​។

លោក ឃួង ស្រេង បាន​ណែនាំ​ដល់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ដែល​តែងតែ​បើក​ឆ្លងកាត់​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ ​១ ផ្លូវជាតិ​លេខ​ ២ ផ្លូវជាតិ​លេខ​ ៣ និង​ ៤ ផ្លូវជាតិ​លេខ​ ៥ និង​ផ្លូវជាតិ​លេខ​ ៦ ត្រូវ​បញ្ចៀស​ចរាចរណ៍ និង​ចត​យានយន្ត​របស់​ខ្លួន​តាម​ទីតាំង​ដែល​បាន​កំណត់​ផងដែរ​។

ក្នុងនោះ​សម្រាប់​ផ្លូវជាតិ​លេខ​ ១ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ត្រូវ​ចូល​ចត​នៅក្នុង​បរិវេណ​វត្ត​និរោធរង្សី ចំណតរថយន្ត​ច្បារអំពៅ (​ចំណត​បេន​រថយន្ត ស៊ុយ សុផាន​) និង​ត្រូវ​បញ្ចៀស​ចរាចរណ៍​រថយន្ត​ធុន​ធំ​ចំណុច​ផ្លូវជាតិ​លេខ​ ១ កែង​ផ្លូវ​រោងចក្រ​ថៃហ្គ័រ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​និរោធរង្សី និង​តាម​បណ្តោយ​ផ្លូវ​លេខ​ ៣៦៩ (​ខាងត្បូង​វត្ត​ព្រែកប្រា​)​។ ចំណែក​នៅ​ផ្លូវជាតិ​លេខ​ ២ ចំពោះ​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​ចំណត​រថយន្ត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ​។

ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​ចំណត​ចាក់អង្រែ​ក្រោម និង​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ ទីធ្លា​វត្ត​ចាក់អង្រែលើ ។ ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ចរាចរ​លើ​ផ្លូវ​លេខ​ ២១៧ ត្រូវ​ឈប់​ចត​នៅ​ខាងជើង​រង្វង់​មូល​ដីក្រហម​។ ជាមួយគ្នា​នោះ​សម្រាប់​ផ្លូវជាតិ​លេខ​ ៣ និង​ផ្លូវជាតិ​លេខ​ ៤ រថយន្ត​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ប៉ែក​ពាយព្យ និង​ឦសាន​ត្រូវ​ធ្វើ​ចរាចរ​តាម​មហាវិថី​ឈ្នះ-ឈ្នះ​ទៅ​តាម​ផ្លូវជាតិ​លេខ​ ៥ ឬ​ឆ្លងកាត់​ស្ពាន​ព្រែកព្នៅ​។

លោក ឃួង ស្រេង បាន​ថ្លែងថា​៖ «​សម្រាប់​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ត្រូវ​ចូល​ចត​នៅ​ចំណត​រថយន្ត​ចោមចៅ ស្តុប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ស្តុប​ ២០០៤​។ ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ទស្សនា​ព្រះរាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​ត្រូវ​ឈប់​ចត​មិន​ឱ្យ​ហួស​ស្តុប​ណតប្រ៊ីត​ឡើយ​»​។

ដោយឡែក​ផ្លូវជាតិ​លេខ​ ៥ គឺ​ត្រូវ​បង្វែរ​ទិស​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ-ឈ្នះ ឬ​ចូល​ចត​នៅ​ចំណត​គីឡូម៉ែត្រ​លេខ​ ៩ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​នៅ​សាលា​ដែក​ដោយ​មិន​ឱ្យ​ចូល​ហួស​ផ្លូវ​លេខ​ ៦៨ ​ឡើយ​។ ចុងក្រោយ​សម្រាប់​ផ្លូវជាតិ​លេខ​ ៦ គឺ​រថយន្ត​ធុន​ធំ​ទាំងអស់​ត្រូវ​បង្វែរ​ទិស​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​លីយ៉ុងផាត់​តាម​មហាវិថី​ឈ្នះ-ឈ្នះ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​នៅ​ទីតាំង​ដី​តំបន់​អភិវឌ្ឍន៍ ocic​។

ជាមួយ​គ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ផ្លូវ​លេខ​ ២៧១ និង​ផ្លូវ​លេខ​​ ៣៧១ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​ខាងត្បូង​ស្ពានម័ល ហើយ​ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ត្រូវ​ឈប់​នៅ​ចំណុច​ច្រមុះ​ជ្រូក​ក្បាលថ្នល់​។ សម្រាប់​ផ្លូវ​ចោមចៅ (​ផ្លូវ​វេងស្រេង​) រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដែល​ចូល​តាម​មហាវិថី​សម្តេចព្រះមុនីរ៉េត ត្រូវ​ចូល​ចត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​ជាមួយ​គ្នា​នោះ​រថយន្ត​ធុន​ធំ ត្រូវ​បញ្ចៀស​ចរាចរណ៍​នៅត្រង់​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការបិទ​សម្រាប់​ពិធី​នេះ​គឺ​កើត​មាន​ឡើងជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ចំពោះ​បញ្ហា​ក៏​តែងតែ​កើត​មាន​ជា​ហូរហែ​ផងដែរ ហើយ​អ្នក​ដែលមាន​ផ្ទះសំបែង​នៅក្នុង​តំបន់​ដែល​មាន​ការបិទផ្លូវ តែងតែ​ជួប​ការលំបាក ព្រោះ​ប៉ូលិស​បាន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​បើកបរ​ចូល​។

ចំណែក​អ្នក​មកពី​ចម្ងាយ​ក៏​មាន​ការលំបាក​ដូចគ្នា ព្រោះតែ​ត្រូវធ្វើ​ដំណើរ​យូរ​ទម្រាំ​ដល់​ទីតាំង​ដែល​ខ្លួន​ចង់​មក​ទស្សនា​។

លោក​លើកឡើង​បន្តថា​៖ «​ការបិទ​ឆ្ងាយ​បែបនេះ​អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការ​ធុញទ្រាន់​ក្នុង​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បែប​នេះ​ទៅ​កាន់​ទីកន្លែង​ប្រារព្ធ​ពិធី ហើយ​ក៏​អាចមាន​ការឡើង​ថ្លៃ​នៃ​ការធ្វើដំណើរ​ជាដើម​។ យើង​គួរតែ​ធ្វើការ​សម្រួល​ឡើងវិញ សម្រាប់​រថយន្ត​ធុន​តូច​អាច​បើកបរ​បាន​កៀក​នឹង​កន្លែង​ពិធី​បាន​ងាយស្រួល​»​។

យ៉ាងណាក្តី​លោក សន ជ័យ ថា​ការសម្រេច​ផ្អាក​ចំពោះ​យានយន្ត​ធុន​ធ្ងន់ មិន​ឲ្យ​ធ្វើចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ព្រោះ​ក្នុង​អំឡុង​ពេលនោះ​អាច​នឹង​មាន​មនុស្ស​ច្រើន ហើយ​យានយន្ត​ធុន​ធ្ងន់​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​៕