ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ស្ថិតនៅ​តំបន់​លឿង អាច​ដំណើរការ​ឡើងវិញ ដោយ​គោរព​តាម​វិធានការ​សុវត្ថិភាព ខណៈ​តំបន់​លឿងទុំ​អាច​អនុញ្ញាត​ឲ្យ​ត្រឹមតែ​មាន​ការវេចខ្ចប់​ប៉ុណ្ណោះ។

សេចក្ដី​ណែនាំ​ស្ដីពី​គោលការណ៍​អនុវត្ត​ចំពោះ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង «តំបន់​លឿង» នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី ២៨ មេសា បាន​ឲ្យ​ដឹងថា ជាគោលការណ៍ សម្រាប់ “តំបន់​ក្រហម” រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន។

ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សម្រាប់ “តំបន់​លឿងទុំ" សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​លក់ដូរ​ជា​លក្ខណៈ​វេចខ្ចប់ ខណៈ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ​ក្នុង​តំបន់​លឿង អាច​ដំណើរការ​ជាធម្មតា ដោយ​ត្រូវគោរព​តាម​វិធានការ​សុវត្ថិភាព។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ក្នុង​លិខិត​ថា ដោយ​ពិនិត្យឃើញ​ពី​ភាពចាំបាច់ និង​ដើម្បី​ឲ្យ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ​ក្នុង​តំបន់​លឿង អាច​ដំណើរការ​ទៅ​ដោយ​សុវត្ថិភាព ចៀសវាង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​​ ១៩ បន្ថែមទៀត​ក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ចប់ គឺ​គ្រប់​សកម្មភាព​ទាំងនោះ​ត្រូវ​អនុវត្តតាម​វិធាន​មួយចំនួន។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា៖ «គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ដ្ឋាន​ផ្នែក អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ​ក្នុង​តំបន់​លឿងទុំ ក៏ត្រូវ​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេចខ្ចប់​ដាច់ខាត មិន​ត្រូវ​ទទួល​អតិថិជន​ឱ្យ​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្មដ្ឋាន​របស់ខ្លួន​ឡើយ»។

គ្រប់​សកម្មភាព​ខាងលើនេះ គឺ​អនុញ្ញាត​ឲ្យ​អនុវត្ត​បាន​ក្នុង​រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ២៩ ខែមេសា រហូតដល់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។

បន្ថែម​ពីនេះ លោក​លើកឡើង​ទៀតថា ចំពោះ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​បើក​ដំណើរការ​នៅក្នុង​តំបន់​លឿង ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ ដើម្បី​សម្លាប់​មេរោគ ការវាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្សេងទៀត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។

លោក ឃួង ស្រេង ក៏បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ត្រូវ​សហការ ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ​ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង ភេសជ្ជៈ និង​អាជីវកម្មដ្ឋាន​ផ្នែក​អាហារ -ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង​តំបន់​លឿង ដើម្បី​ធានា​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ។

កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ត​បិទខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​មួយ​សប្តាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ជាមួយ​គ្នា​នេះ​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​កំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា ៣ តំបន់ គឺ «តំបន់​ក្រហម» «តំបន់​លឿងទុំ» និង «តំបន់​លឿង»៕