ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ស្នើ​ដល់​ម្ចាស់​លំនៅឋាន​ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើការ​វេចខ្ចប់ និង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​បរិវេណ​លំនៅឋាន​ជា​បណ្ដោះអាសន្ន ក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​រយៈពេល​ ៣ ​ថ្ងៃ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

យោង​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៨ ខែ​ កញ្ញា ឆ្នាំ​ ២០២០ បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​មួយចំនួន​នឹងត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​ ៣ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ១៨ ​ខែ​កញ្ញា​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ក្រុមគ្រួសារ និង​សាច់ញាតិ​នៅឯ​ស្រុកកំណើត​របស់​ពួកគាត់ ដែល​ធ្វើឲ្យ​ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាពរអាក់រអួល​មិនបាន​ពេញលេញ​ដូច​ថ្ងៃ​ធម្មតា​។

រដ្ឋបាល​រាជធានី​បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​សូមមេត្តា​កុំ​បញ្ចេញ​សំរាម និង​សំណល់​រឹង​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​នៅក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹងចូលរួម​ចំណែក​ថែរក្សា​អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​»​។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ក្រាំងធ្នង់ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ​បាន​លើកឡើង​ថា ការប្រមូល​សំរាម​របស់​ភ្នាក់ងារ​សំរាម​នាពេល​បច្ចុប្បន្ន នៅមាន​ភាពអសកម្ម​​នៅ​ឡើយ​។

លោក ស្វាយ ស៊ីណារ៉េត ដែលមាន​លំនៅឋាន​ក្នុង​បុរីពិភពថ្មី​ក្បែរ​សាលាសង្កាត់​ក្រាំងធ្នង់ ថ្លែង​ថា​ការប្រមូល​សំរាម​នៅក្នុង​តំបន់​លំនៅឋាន​របស់លោក​មាន​តែ ៣ ​ទៅ​ ៤ ​ដង​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ​។

លោក​ថ្លែងថា​៖ «​មិន​ថា​ថ្ងៃបុណ្យ​ ឬ​មិន​បុណ្យ​នោះទេ ការប្រមូល​សំរាម​ក្នុង​តំបន់​រស់នៅ​របស់ខ្ញុំ ហាក់ដូចជា​មាន​ភាពយឺតយ៉ាវ​ខ្លាំងណាស់​។ សំរាម​ដែល​គរ​ទុកចោល​ច្រើន​ថ្ងៃ​វា​តែងតែ​ផុយរលួយ​ និង​បង្ក​ឲ្យ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន បើទោះបី​យើង​វេចខ្ចប់​ និង​ចងទុក​ដាក់​វា​ឲ្យ​មាន​របៀបរៀបរយ​យ៉ាងណា​ក៏ដោយ​»​។

យ៉ាងណា​ក៏ដោយ​លោក ខៀវ វុទ្ធី បុគ្គលិក​ផ្នែក​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា ភាពយឺតយ៉ាវ​ក្នុង​ការប្រមូល​សំរាម​គឺ​បណ្ដាល​មកពី​ការទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្មាន​របៀបរៀបរយ​ និង​ការបញ្ចេញ​សំរាម​មិន​សមស្រប​តាម​កម្មវិធី​ដែល​បានកំណត់​។

លោក​ថ្លែងថា​៖ «​យើង​ទទួលស្គាល់​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ការយល់ដឹង និង​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​នៅក្នុង​ការវេចខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​បានល្អ​​ត្រឹមត្រូវ​តាម​កម្មវិធី​របស់​យើង ​ប៉ុន្តែ​បងប្អូន​មួយចំនួន​នៅ​មិនទាន់​បាន​អនុវត្ត​ត្រឹមត្រូវ​នោះទេ​។ មិន​តែ​ប៉ុណ្ណោះ នៅតែ​បន្ត​បោះចោល​សំរាម​ពាសវាល​ពាសកាល តាម​ដងផ្លូវ​សាធារណៈ​»​។

លោក​ វុទ្ធី បាន​អំពាវនាវ​សុំ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ម្ចាស់​លំនៅឋាន និង​ម្ចាស់​អាជីវកម្ម សេវាកម្ម ចូលរួម​ក្នុង​ការសម្អាត​អនាម័យ និង​វេចខ្ចប់​សំរាម និង​កាកសំណល់​រឹង​ទុកដាក់​ឲ្យ​មាន​របៀបរៀបរយ និង​បញ្ចេញ​សំរាម​​មក​ខាងក្រៅ​តាម​កម្មវិធី​ដែល​បាន​កំណត់​៕