ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្ដុក​ទំនិញ និង​យានដ្ឋាន​ធំៗ​ត្រូវ​រៀបចំ​ប្ដូរ​ទីតាំង​ទៅ​ជាយ​ក្រុង​តាម​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ខណៈ​នៅ​ទីប្រជុំ​ជនក្នុង​ក្រុង​តែង​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​និង​គ្រោះ​ថ្នាក់​ញឹកញាប់។

តាម​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី ២៦ កុម្ភៈ​បាន​បញ្ជាក់ថា ថ្វីដ្បិត​កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​វិធានការ​គ្រប់​មធ្យោបាយ ហាម​ឃាត់​មិន​ឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ពេល​ថ្ងៃ និង​មិន​ឱ្យ​ប្រើ​ចិញ្ចើម​ផ្លូវ​នៅរាជធានី​ក្ដី ប៉ុន្តែ​ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។

សាលាក្រុង​អះអាងថា ការស្នើឱ្យ​ប្ដូរ​ទីតាំង​ទៅ​នៅតាម​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ដែល​មាន​ប្រវែង​ជិត ៤៨ គីឡូម៉ែត្រ​នេះ ចាប់​ពី​ចំណុច​ស្ពាន​ព្រែក​ព្នៅ កាត់​ផ្លូវ​ជាតិ​លេខ ៣ ផ្លូវ​ជាតិ​លេខ ២ និង​ផ្លូវ​ជាតិ​លេខ ២១ ទៅ​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ ១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដែល​ត្រូវ​សាង​សង់​រួច​នៅ​ឆ្នាំ ២០២១ ខាង​មុខ​នេះ គឺ​ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ​រក្សា​បាន​សុវត្ថិភាព សណ្ដាប់​ធ្នាប់​និង​របៀប​រៀបរយ​សាធា​រណៈ ព្រម​ទាំង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

សេចក្ដីណែនាំ​បញ្ជាក់ថា បន្ទាប់ពី​ផ្លូវ​ក្រវាត់ក្រុង​ទី៣ នេះ​បើក​ដំណើរ​ការ គឺ​អាជ្ញាធរ​នឹង​ហាមរថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​មិន​ឱ្យ​បើកបរ​ចូល​ទីក្រុង​ទៀត​ឡើយ។

លោក គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​យល់ថា ការ​តម្រូវ​ប្ដូរ​ទីតាំង​ទៅ​ជាយ​ក្រុង​នេះ​នឹង​ធ្វើ​ឱ្យ​ម្ចាស់​ទីតាំង​ទាំង​នោះ​រង​ផល​ប៉ះពាល់ ដោយ​លោក​ចង់​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ម្ចាស់​ទីតាំង​គួរ​ជួប​ពិភាក្សា​គ្នា​ដើម្បី​រក​យុទ្ធ​សាស្ដ្រ​ឈ្នះ​ឈ្នះ​ទាំង​សង​ខាង។

លោក​ថា៖ «ជាទូទៅ​ផល​ប៉ះពាល់​ចៀស​អត់​ផុត​ទេ ប៉ុន្តែ​គ្រាន់តែ​ថា អាជ្ញាធរ​គាត់​ប្រាកដ​ជា​បាន​គិត​អំពី​ផល​ប៉ះពាល់​ទៅ​ដល់​ពលរដ្ឋ​ហើយ ប៉ុន្តែ​ផល​ចំណេញ​រយៈពេល​វែង​ពី​ផល​ប៉ះពាល់​ដូច​ជា ៥ ឆ្នាំ​ទៅ ៦ ឆ្នាំ ទៅ

មុខ​ទៀត ប្រយោជន៍​គឺ​ធំ​ជាង​យើង​ទុក​ឱ្យ​ទីតាំង​ទាំង​អស់​ហ្នឹង​ក្នុង​ក្រុង ហើយ​បង្ក​ភាព​កកស្ទះ និង​ភាព​រញ៉េ​រញ៉ៃ»។

កាលពី​ថ្ងៃ ២៦ កុម្ភៈ ហ្វេ​ស​ប៊ុ​កសាលា​រាជធានី​ភ្នំពេញ​ក៏បាន​បង្ហោះ​សេចក្ដី​ណែនាំ​មួយ​ផ្សេង​ផងដែរ​ស្ដីពី​ការ​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ។ សេចក្ដី​ណែនាំ​នោះ បញ្ជាក់​ថា ពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ទីតាំង​អាជីវកម្ម សេវាកម្ម ទីផ្សារ ទីកន្លែង​កម្សាន្ត​និង​ម្ចាស់​ប្រភព​សំណល់​នានា ត្រូវ​ញែក​សំរាម​សើម និង​ស្ងួត​ដាក់ថង់​ឬ​ធុង​ផ្សេង​ពីគ្នា​កុំឱ្យ​ជ្រាប​ទឹក​និង​មាន​ក្លិន​ស្អុយ​ដោយ​ត្រូវ​ដាក់​នៅ​មុខ​លំនៅឋាន និង​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​ឱ្យ​បាន​ទាន់​ពេល​ប្រមូល​សំរាម​តែ​បើ​មិន​ទាន់​រថយន្ត​មក​ប្រមូល​គឺ​មិន​ត្រូវ​ទុក​ចោល​លើ​ចិញ្ចើមផ្លូវ ​ឬ​ទ្រូង​ផ្លូវ​ឡើយ។

ដោយឡែក​សំណល់​ការដ្ឋាន​សំណង់ ដូចជា ថ្ម ឥដ្ឋ ក្បឿង បាយអ ខ្សាច់ មិនអាច​ដឹក​ទៅ​ចោល​នៅ​ទីតាំង​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ រីឯ​សំណល់​គ្រោះ​ថ្នាក់​ដូចជា កម្ទេច​ក្រណាត់ អេប៉ុង ភក់ កៅស៊ូ កញ្ចក់ សេរ៉ាមិច ម្នាង​សិលា ថ្នាំ​លាប​ជា​ដើម​ត្រូវ​ប្រមូល​ទៅ​ចាក់​នៅ​ទីលាន​សំណង់​ឧស្សាហកម្ម ដោយហាម​បោះ​ចោល ឬ​ដុត។

ជាមួយគ្នានេះ​សេចក្ដីណែនាំ​នោះ​ក៏បាន​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ត្រូវ​ប្រមូល​ឱ្យ​បាន​ស្អាត និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ដឹក​ជញ្ជូន​សំរាម​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ដើម្បី​ងាយ​ស្រួល​បញ្ចេញ​សំណល់​ឱ្យទាន់​ម៉ោង​ដឹក​ជញ្ជូន។

លើសពីនេះ ម្ចាស់​ទីតាំង​ត្រូវ​ទទួលយក​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដោយ​ត្រូវ​បង់​ថ្លៃ​តាម​តម្លៃ​ដែល​កំណត់​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

សេចក្ដីណែនាំ​បញ្ជាក់ថា ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំ​និង​ប្រព្រឹត្ត​ល្មើស​នឹង​ចំណុច​ណាមួយ ម្ចាស់​ទីតាំង និង​ក្រុមហ៊ុន​បញ្ចេញ​សំណល់​ឬ​ក្រុមហ៊ុន​ប្រមូល​សំរាម នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២ សែន​រៀល​តាម​អនុ​ក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំ​ជន ឬ​ពិន័យ​ចាប់​ពី ១ លាន​ដល់ ៥ លាន​រៀល ហើយ​ត្រូវ​បិទ​អាជីវកម្ម​ឬ​ផ្អាក​ការដ្ឋាន​សាង​សង់​បណ្ដោះ​អាសន្ន​ដោយ​យោង​តាម​ច្បាប់ «កិច្ច​ការពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ» ប្រសិន​បើ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម។

សាលា​រាជធានី​បញ្ជាក់ថា ករណី​មិន​រាងចាល ត្រូវ​ពិន័យ​ប្រាក់​ទ្វេដង ហើយ​បើ​មិន​បាន​បង់​ប្រាក់​ពិន័យ​រយៈពេល ៣០ ថ្ងៃ នោះ​ប្រាក់​ពិន័យ​នឹង​កើន ២ ដង តែ​បើ​លើស​ពី ៦០ ថ្ងៃ​ប្រាក់​ពិន័យ​នឹង​កើន ៣ ដង ហើយបើ​ផុត ៩០ ថ្ងៃ អាជ្ញាធរ​នឹង​ប្ដឹង​ទៅ​តុលាការ។

លោក មេ​ត មាស​ភក្ដី មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បន្ថែម​ពី​ម្សិលមិញ​ថា ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​នៅ​តែ​បន្ត​អប់រំ​ពលរដ្ឋ​ឱ្យ​កាន់​តែ​យល់​អំពី​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្សេងៗ ជាមុន​សិន មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​អនុវត្ត​ច្បាប់។

លោក​ថា៖ «មានពេលខ្លះ​ការតម្រង់ទិស​ការងារ ច្បាប់​មានហើយៗ​ការ​អនុវត្ត​ច្បាប់​ជា​រឿង​ដែល​យើង​ត្រូវធ្វើ ប៉ុន្តែ​ការ​អប់រំ​ផ្សព្វផ្សាយ និង​ការ​ជម្រាប​ជូន​ពួក​គាត់ (ពលរដ្ឋ) ធ្វើ​ម៉េច​ឱ្យ​ពលរដ្ឋ​យើង​យល់​ហ្នឹង​គឺជារឿង​ល្អ​ដែរ»។

ប៉ុន្តែ​សម្រាប់​លោក គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​យល់​ឃើញ​ថា ការ​អប់រំ​គឺ​អាជ្ញាធរ​បាន​ធ្វើ​ច្រើន​មក​ហើយ គួរ​មាន​វិធានការ​ផាក​ពិន័យ​ដល់​អ្នក​ដែល​មិន​ព្រម​ផ្លាស់ប្ដូរ​ឥរិយាបថ។

លោក​បាន​បន្តថា៖ «ឥរិយាបថ​ដែល​អាច​កែប្រែបាន​ហ្នឹងគឺ​ទាមទារ​ឱ្យមាន​ការ​គោរព​ច្បាប់​និង​អនុវត្ត​ច្បាប់​ឱ្យបាន​ស្មើភាព​គ្នា។ យើង​ឃើញ​ថា បញ្ហា​សំរាម​ហ្នឹង​គឺជា​បញ្ហា​ចោទ​ធ្ងន់​ជាង​គេ​បំផុត.។ សម្រាប់​ខ្ញុំ​ការ​អប់រំ ដូចជា មាន​ច្រើន​ហើយ ព្រោះ​ខ្ញុំ​បាន​ឃើញ​ស្លាក​នៅ​កន្លែង​សំរាម​ហ្នឹង​ដាក់​ពិន័យ​ពី ៥ ម៉ឺន​ទៅ ១០ ម៉ឺន​រៀល​ជាដើម ប៉ុន្តែ​អត់​ឃើញ​ពិន័យ​ទេ»៕