ភ្នំពេញៈ សាលា​រាជធានី​បាន​អំពាវនាវ​ដល់​អ្នក​កំពុង​ប្រើប្រាស់​បណ្ដាញ​ខ្សែកាប​អាកាស​តាមផ្លូវ​ចំនួន​ ១៧ ​ខ្សែ​ នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ប្រញាប់​រុះរើ​ខ្សែកាប​របស់ខ្លួន ខណៈ​ក្រុមការងារ​ចម្រុះ​រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​ខ្សែកាប​ទាំងនេះ​ដាក់​ទៅ​ក្រោម​ដី​វិញ​ចាប់ពី​ខែ​មករា ឆ្នាំ ​២០២០ ដល់​ខែឧសភា ​​ឆ្នាំ​ ២០២១​។

ឈ្មោះ​មហាវិថី វិថី តិរវិថី និង​ផ្លូវ​ទាំង​ ១៧ ​ខ្សែ​នោះ​មាន​ដូចជា វិថី​ក្រមួនស វិថី​ព្រះអង្គឌួង ផ្លូវ​សម្ដេចប៉ាន តិរវិថីព្រះស៊ីសុវត្ថិ វិថីប៉ាស្ទ័រ មហាវិថី​សម្ដេចសុធារស មហាវិថី​ហ្សាលដឺហ្គោល មហាវិថី​ព្រះមុនីរ៉េត មហាវិថី​នេរុហ៍ ផ្លូវ​ឧកញ៉ា​ទេពផន ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង ផ្លូវ​លេខ ១៩៨៦ ផ្លូវ​លេខ​ ២០០៤ ​មហាវិថី​មិត្តភាព​ភ្នំពេញហាណូយ មហាវិថី​យោធពលខេមរភូមិន្ទ ផ្លូវ​ចោមចៅ និង​កំណាត់​ផ្លូវជាតិ​លេខ​ ២​។

សេចក្ដី​ដូន​ដំណឹង​ចុះ​ថ្ងៃទី​ ១១ ​ធ្នូ​ ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សរសេរ​​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ទាំងឡាយ​ឱ្យបាន​ជ្រាបថា ដើម្បី​លើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង​ស័ក្ដិ​សម​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​បណ្ដាញ​ខ្សែកាប​អាកាស​តាមផ្លូវ​ទាំង​ ១៧ ​ខ្សែ​»​។

សេចក្ដី​ជូនដំណឹង​បន្ថែមថា​ «​សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ខ្សែកាប​អាកាស​នៅតាម​ផ្លូវ​ទាំង​ ១៧ ​ខ្សែ​ខាងលើ​នេះ​សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​ចាប់​ពីថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​»​។

កាលពី​ម្សិលមិញ​លោក ម៉េត មាសភក្ដី មន្ត្រី​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ការរៀបចំ​សណ្ដាប់ធ្នាប់​ខ្សែកាប​ដើម្បី​ទម្លាក់​ចូល​ទៅក្នុង​បំពង់​ក្រោម​ដី​នេះ​គឺមាន​ដូចជា ខ្សែ​អុបទិក ខ្សែ​ទូរស័ព្ទ និង​ខ្សែ​អ៊ីនធឺណិត​ ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​ខ្សែបណ្ដាញ​អគ្គិសនី​ឡើយ​។ លោក​បញ្ជាក់ថា តាម​ការងារ​បច្ចេកទេស គេ​មិន​អាចដាក់​ប្រព័ន្ធ​ខ្សែ​ទាំងនេះ​ឱ្យនៅ​ក្បែរ​គ្នា​ជាមួយ​បណ្ដាញ​ខ្សែ​អគ្គិសនី​នោះទេ​។

លោក​ថា​៖ «​មូលហេតុ​អី​ដែល​ខ្សែ​ទាំងអស់​ហ្នឹង​មិន​អាចដាក់​នៅក្បែរ​ខ្សែបណ្ដាញ​អគ្គិសនី ឬក៏​ហេតុ​អី​បាន​ជា​ទម្លាក់ ហើយ​យើង​មិន​ព្រម​ទម្លាក់​ទាំង​ខ្សែ​អគ្គិសនី​មក​ក្រោម​ដី​ផង អាហ្នឹង​ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ ព្រោះ​វា​ជា​ការងារ​បច្ចេកទេស ហើយ​ទាល់តែ​អ្នក​បច្ចេកទេស​ទើប​អាច​ឆ្លើយបាន​»​។

លោក​បញ្ជាក់ថា កន្លង​មក​គឺ​មាន​មហាវិថី​ធំៗ​មួយចំនួន​ហើយ​ដែល​បាន​ទម្លាក់​ប្រព័ន្ធ​ខ្សែកាប​ឱ្យមក​នៅ​ក្រោម​ដី​ក្នុង​នោះ​មានដូចជា មហាវិថី​សហព័ន្ធ​រុស្ស៊ី​ជាដើម​។ លោក​ថា ការរៀបចំ​ខ្សែកាប​លើផ្លូវ​ទាំង​ ១៧ ​ខ្សែ​នាពេល​ខាងមុខនេះ​គឺ​ដើម្បី​ធ្វើឱ្យ​ទីក្រុង​កាន់តែ​មាន​សោភណភាព​។

ចំណែក​លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ​បាន​ថ្លែងថា សេចក្ដី​ជូនដំណឹង​នេះ​គឺ​ដើម្បីឱ្យ​ពលរដ្ឋ​សហការ​ដើម្បី​ក្រុមការងារ​អាច​ចុះ​ធ្វើការ​ដោយ​រលូន និង​ស្របតាម​បច្ចេកទេស​ក្នុង​ការ​ទម្លាក់​ខ្សែកាប​ទៅ​ក្រោម​ដី​។

លោក​បន្តថា ប្រសិន​បើ​ការចុះ​បំពេញ​ការងារ​នៅតាម​ផ្លូវ​ខ្លះ​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​មុខរបរ​របស់​ពលរដ្ឋ​គឺ​ក្រុមការងារ​នឹង​ពិចារណា​ប្ដូរ​ពី​ធ្វើការ​ពេល​ថ្ងៃ​ទៅធ្វើ​ពេលយប់​វិញ​។

លោក​ថា​៖ «​ឧទាហរណ៍​ទីតាំង​ហ្នឹង​ប្រជាពលរដ្ឋ​មមាញឹក​ខ្លាំង ត្រូវ​រកស៊ី​ហើយ​បើ​ទៅ​ខួង​ពេល​ថ្ងៃ វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខរបរ និង​ប្រាក់ចំណូល​គាត់ អ៊ីចឹង​យើង​ដូរ​ពេលវេលា​មក​ពេលយប់​វិញ ដោយ​កម្លាំង​អាជ្ញាធរ​ចូលរួម​សហការ​ចុះទៅ​ការពារ​សន្ដិសុខ​ និង​ជួយ​សម្រួល​ចរាចរណ៍​...»​។

លោក ​សុខ ពេញវុធ បញ្ជាក់ថា​នៅ​ខណ្ឌ​របស់លោក​គឺ​មាន​ផ្លូវ​ជាច្រើន​​ខ្សែ​ដែល​ស្ថិត​ក្នុង​សេចក្ដី​ជូនដំណឹង​នេះ​​ប៉ុន្តែ​វិថី​ក្រមួនស​គឺជា​ផ្លូវ​មួយ​ក្នុង​ខណ្ឌដូនពេញ​ដែល​នឹងត្រូវ​ចាប់ផ្ដើម​ដំបូង​គេ​ក្នុង​ការទម្លាក់​ខ្សែកាប​ទៅ​ក្រោម​ដី​។

លោក​បាន​បន្ថែមទៀត​ថា​ក្រៅពី​ខ្សែកាប​គឺ​មាន​ខ្សែ​អគ្គិសនី​ក៏ត្រូវ​រុះរើ​ជាមួយ​គ្នា​ក្នុងការ​បញ្ចូល​ទៅ​ក្រោម​ដី​ដែរ​។

លោក​ថា​៖ «​ខ្ញុំ​មិន​ច្បាស់​ទេ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​អគ្គិសនី​នេះ ប៉ុន្តែ​ចំពោះមុខ​នេះ ប្រហែល​ដូច​នឹង​ខ្សែកាប​ហើយ​។ បើ​ចង់​ច្បាស់ សួរ​ឯកឧត្តម ​ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​លោក​ទទួល​ជា​ប្រធាន​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ខ្សែកាប​ និង​សំរាម​លើ​អាកាស​»​។

ប៉ុន្តែ​លោក​ ស៊ុយ សេរិទ្ធ ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា លោក​គ្មាន​ពេល​ដើម្បី​ឆ្លើយតប​ជុំវិញ​ករណីនេះ​ទេ​។

អ្នកតំណាង​ក្រុមហ៊ុន​ខ្សែកាប​មួយ​ឈ្មោះ ស៊ីហ្វុក​ (CFOCN) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ខ្សែកាប​ក្រុមហ៊ុន​របស់​លោក​គឺ ជា​ប្រព័ន្ធ​ខ្សែកាប​មេ​ដែល​លក់​ប្រព័ន្ធ​ទៅឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទូរទស្សន៍​ និង​អ៊ីនធឺណិត ហើយ​ខ្សែកាប​ទាំងនោះ​សុទ្ធតែ​ដាក់បញ្ចូល​ទៅក្នុង​បំពង់​ក្រោម​​ដី​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ឡើយ​។

លោក​បន្តថា សម្រាប់​ប្រព័ន្ធ​ខ្សែកាប​ដែល​ឃើញ​ដាក់ពង្រាយ​រញ៉េរញ៉ៃ​​តាម​ដងផ្លូវ​គឺជា​ខ្សែកាប​របស់​ក្រុមហ៊ុន​តូចៗ​មួយចំនួន ដោយសារ​ពួកគេ​មិន​ចង់​ចំណាយ​ដើមទុន​ច្រើន​ក្នុង​ការទិញ​បំពង់​ដើម្បី​បង្កប់​ខ្សែកាប​ឱ្យនៅ​ក្រោម​ដី​។ ការដាក់​ខ្សែកាប​ពង្រាយលើ​អាកាស​ធ្វើឱ្យ​ពលរដ្ឋ​ត្រូវ​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅនឹង​គ្រោះថ្នាក់​ជាយថា​ហេតុ ប្រសិន​បើ​ខ្សែកាប​នោះ​ដាច់​ធ្លាក់​មកលើ​ផ្លូវ​ធ្វើដំណើរ​។

លោក​ថា​៖ «​ដោយសារ​ការដាក់​ខ្សែកាប​ដាក់​ក្នុង​បំពង់​ក្រោម​ដី​គឺ​ចំណាយ​ដើមទុន​ច្រើនណាស់ គ្រាន់តែ​បំពង់​ ១ ​ដើម​តម្លៃ​ជាង​ ២០ ​ដុល្លារ ហើយ​គ្រាន់តែ​កប់​បំពង់​ ១ ​ផ្លូវ​អស់​រាប់ម៉ឺន​ដុល្លារ​។ តែបើ​ដាក់​នៅលើ​មាន​អស់​អី វា​ចំណេញ​ច្រើន ប៉ុន្តែ​វា​មាន​ហានិភ័យ​ខ្ពស់​។ ប៉ុន្តែ​ពួក​ខ្ញុំ​ដាក់​នៅក្នុង​បំពង់​ក្រោម​ដី អត់​មាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​​ប្រជាពលរដ្ឋ​ទេ​»៕

វីដេអូ៖