The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលាក្រុង​បដិសេធ​សំណើ​លោក រ៉ុង ឈុន

សាលាក្រុង​បដិសេធ​សំណើ​លោក រ៉ុង ឈុន

សាលាក្រុង​បដិសេធ​សំណើ​លោក រ៉ុង ឈុន

131010_05
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​សុំ​ធ្វើការ​ជួប​ជុំ​ប្រារព្ធ​ទិវា គ្រូ​បង្រៀន​ពិភពលោក​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ទីលាន ប្រជាធិយតេយ្យ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីស្នាក់ការ​របស់​សមាគម ឬ​ទីតាំង ឯកជន​ណា​មួយ​ដោយ​ពុំ​មាន​ការ​ដង្ហែ​ក្បួន។

បន្ទាប់​ពី​មាន​ការ​ប្រជុំ​ពិភាក្សា​លើ​ការ​ស្នើ​សុំ​នេះ​នៅ​សាលា​រាជធានី ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី៩ ខែ តុលា ឆ្នាំ ២០១៣ លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី ភ្នំពេញ បាន​ថ្លែង​ក្នុង​អង្គ​ប្រជុំ​ថា មាន​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ បាន​ស្នើ​សុំ​ប្រារព្ធ​ពិធី​ដែរ​នៅ​ថ្ងៃ ទី១៣ ខែ តុលា ឆ្នាំ ២០១៣ ដូចនេះ​សាលា​រាជធានី ភ្នំពេញ រក្សា​ជំហរ​ស្មើ​ភាព​គ្នា​ចំពោះ​ការ​ស្នើ​សុំ​ទីលាន​នេះ។ លោក​បាន​ថ្លែង​បន្ត​ថា៖ «ចំពោះ​ការ​ដាក់​ញត្តិ សមាគម​អាច​ចាត់ តំណាង​របស់​ខ្លួន ៥ រូប ទៅ​ប្រគល់​ជូន​នៅ​ក្រសួង អប់រំ យុវជន និង កីឡា ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី និង​មន្ទីរ​រដ្ឋសភា​ជាតិ នៅ​ពេល​ម៉ោង​បម្រើ​ការងារ​សម​ស្រប​ណា​មួយ ឬ​ប្រគល់​ជូន​មក​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ចែង​ជូន»។

ស្រប ពេល​ដែល​សមាគម​ចង់​ប្រារព្ធ​ទិវា​នេះ សមត្ថកិច្ច និង​សាលា​រាជធានី ភ្នំពេញ កំពុង​មាន​ភារកិច្ច​រៀបចំ​ការពារ​ព្រះ​រាជពិធី សម្ពោធ​វិមាន​ព្រះ​បរម​រូប​ព្រះ​ករុណា​ព្រះ​បរម​រតនកោដ្ឋ​នៅ​ថ្ងៃ ទី១០ និង ទី១១ ខែ តុលា ឆ្នាំ ២០១៣ និង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ ទី១៥ ខែ តុលា ឆ្នាំ ២០១៣។ ដូចនេះ​សាលា​រាជធានី​ស្នើ​ឲ្យ​សមាគម​ធ្វើ​ការ​ប្រារព្ធ​ពិធី​នេះ​នៅ ស្នាក់ការ​របស់​ខ្លូន ឬ​ទី​តាំង​ឯកជន​ណា​មួយ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ ម្សិលមិញ​ដោយ​ប្រកាន់​ជំហរ​របស់​ខ្លួន និង​ចាត់​ទុក​ការ​បដិសេធ​របស់​សាលា​រាជធានី ភ្នំពេញ គ្រាន់​តែ​ជា​លេស​ទៅ​វិញ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​អស់​សំណើច​នៅ​ពេល​ដែល​ឮ​ថា សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នេះ ដែល​ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ទូទាំង​ប្រទេស»។

លោក រ៉ុង ឈុន បាន​បន្ត​ទៀត​ថា លោក​មិន​អាច​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​លោក​បាន​ទេ ដោយ​សារ​លោក​បាន​ជូន​ដំណឹ​ទៅ​សមាជិក​របស់​លោក​រួច​ហើយ​ថា ទិវា​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ លោក រ៉ុង ឈុន ថ្លែង​ថា៖ «ខ្ញុំ​នឹង​ទៅ​ទទួល​សមាជិក​ប្រមាណ​ជា ៦០០ នាក់​របស់ ខ្ញុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដង្ហែ​មក​កាន់​ទីស្នាក់ការ​របស់​ខ្ញុំ ហើយ​យើង​អាច​បិទ​ផ្លូវ​ណា​មួយ​ដោយ​សារ​ទីស្នាក់ការ​របស់​ខ្ញុំ​មាន​ទីតាំង​តូច​ចង្អៀត មិន​អាច​ផ្ទុក​មនុស្ស​រាប់​រយ​នាក់​បាន​ទេ»។

ជាមួយ​គ្នា​នេះ ដែរ លោក រ៉ុង ឈុន នឹង​ដាក់​ញត្តិ ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ក៏​ដូចជា រដ្ឋសភា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គិត​គូ​ដល់​គ្រូ​បង្រៀន និង​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គ្រូ​ឲ្យ​បាន ១ លាន​រៀន​ក្នុង​មួយ​ខែ​ផង​ដែរ។

កាល​ពី​ថ្ងៃ ទី៦ ខែ សីហា រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ដំឡើង​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាប​បំផុត​ឲ្យ​បាន ៣២០ ០០០ រៀល ពោល​គឺ​ប្រហាក់​ប្រហែល​នឹង ៨០ ដុល្លារ​អាមេរិក។ មន្ត្រី​រាជការ​ទាំង​នោះ​រួម​មាន​មន្ត្រី​ក្របខ័ណ្ឌ គ និង ឃ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ឋានន្តរស័ក្តិ ទី២ និង ទី៣ និង​ក្របខ័ណ្ឌ គ។ ពួក​គេ​នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​នេះ​ចាប់​ពី​ថ្ងៃ ទី១ ខែ កញ្ញា៕

អត្ថបទគួរចាប់អារម្មណ៍