ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ធ្វើការ​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ឆ្លងកាត់​ក្រោម​ដី​ចំនួន​ ៣ ​ទីតាំង ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ដោយ​គម្រោង​ទាំងនោះ​នឹងត្រូវ​សាងសង់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ១ ផ្លូវ​សហព័ន្ធរុស្ស៊ី​ខាងមុខ​វិទ្យាស្ថាន IFL និង​ម្ដុំ​ក្ដាន់​ ២ ​ក្បែរ​ក្រសួង​ការពារជាតិ​។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ថ្លែង​ពី​ម្សិលមិញ​ថា គម្រោង​ធ្វើ​ផ្លូវ​ឆ្លងកាត់​ក្រោម​ដី​ទាំង ៣ ​ទីតាំង​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​សាលារាជធានី បាននិង​កំពុង​សិក្សា​ពី​ផលប៉ះពាល់​នានា និង​ដំណោះស្រាយ​មួយចំនួន​ដែល​ទាក់ទង​នឹង​គម្រោង​ផ្លូវ​ក្រោម​ដី ដើម្បី​ឈាន​ទៅ​វាយតម្លៃ​ពី​ខ្នង់​ចំណាយ​ផ្សេងៗ​ទៀត​។

លោក​បញ្ជាក់ថា​៖ «​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​ដើម្បី​ដឹងថា តើ​យើង​ធ្វើ​ផ្លូវ​ហ្នឹង​របៀប​ម៉េច ដើម្បី​ឆ្លើយតប​នូវ​អ្វីដែល​យើង​ចង់​បាន​មក​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ព្រោះ​ទីតាំង​ផ្សេងៗ​គ្នា យើង​ត្រូវ​រចនា​ប្លង់​របៀប​ណា​ឲ្យ​ស្អាត អស់​លុយ​ប៉ុនណា ហើយ​វា​មាន​ផលប៉ះពាល់​ដែរឬទេ​។ ពិសេស​នៅ​ក្រោម​ដី​នោះ​មាន​ទុយោ​ទឹកធំ និង​ខ្សែ​កាប្លិ៍​បង្កប់​ដី​ឬ​អត់​? ហើយ​បើសិន​ជា​មាន​អ្វី​ទាំងអស់​ហ្នឹង តើ​យើង​គួរ​ចៀសវាង​យ៉ាងម៉េច ដើម្បី​បន្ត​ដំណើរការ​គម្រោង​យើង​។ ដូច្នេះ​យើង​កំពុង​សិក្សា​បញ្ហា​ទាំងអស់​ហ្នឹង​»​។

លោក​បន្តថា នៅពេល​ដែល​បញ្ចប់​ការសិក្សា​ពី​ផលប៉ះពាល់​ទាំងនេះ​រួចរាល់​ទើប​មន្ត្រី​ជំនាញ​ចាប់ផ្ដើម​វាយតម្លៃ​ពី​ការចំណាយ ការទិញ​សម្ភារ និង​ពេលវេលា​ជាក់លាក់​ក្នុង​ចាប់ផ្ដើម​សាងសង់​។ ម្យ៉ាងទៀត​ត្រូវ​គិតថា តើ​គួរ​ប្រគល់​ការងារ​នេះ​ជូន​ទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​មួយណា​ជា​អ្នកទទួល​សាងសង់​។

លោក ម៉េត មាសភក្ដី បន្ថែម​ទៀត​ថា ផ្លូវ​ឆ្លងកាត់​ក្រោម​ដី​ទាំង​ ៣ ​ទីតាំង​នោះ​រួមមាន គម្រោង​ផ្លូវ​ក្រោម​ដី​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ១ ដែល​រដ្ឋបាល​រាជធានី​ និង​ក្រុមហ៊ុន​បុរី​ប៉េងហួត​បាន​ឯកភាព​គ្នា​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ដែល​តភ្ជាប់​ពី​ផ្សារ PH ECO MALL ទៅ​ផ្លូវជាតិ​លេខ​ ១ ស្ថិត​នៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ គម្រោង​ទី​ ២ ផ្លូវ​ក្រោម​ដី​នៅ​ម្ដុំ​ខាងមុខ​វិទ្យាស្ថាន​ភាសាបរទេស​ (IFL) ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី និង​គម្រោង​ទី​ ៣ ស្ថិតនៅ​ម្ដុំ​ក្ដាន់​ ២ ជិត​ក្រសួង​ការពារ​ជាតិ​។

លោក លីម សុភា អភិបាលខណ្ឌ​ ៧ ​មករា និង​លោក ចេង មុនីរ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​បញ្ហា​នេះ​បានទេ ដោយ​ពួកលោក​មិន​លើក​ទូរស័ព្ទ​។

គេហទំព័រ​ក្រសួង​ព័ត៌មាន​កាលពី​ម្សិលមិញ​បាន​ដកស្រង់​សម្ដី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថា គម្រោង​សាងសង់​ផ្លូវ​ក្រោម​ដី​ចំនួន​ ៣ ទីតាំង​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​ដែល​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការជួយ​សម្រួល​រំដោះ​ចរាចរណ៍​ដែល​តែងតែ​កកស្ទះ​នៅតាម​តំបន់​ទាំងនោះ​។

លោក​បន្ដថា លោក​បាន​ស្នើ​ទៅ​ក្រុមហ៊ុន​បុរី ប៉េង ហួត នូវ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ដែល​ឆ្លងកាត់​ពី​បុរី​ប៉េងហួត​ (​បឹង​ស្នោ​) ​មក​ផ្លូវជាតិ​លេខ​ ១ ​ដើម្បី​កុំ​ឲ្យ​មាន​ការកកស្ទះ​ដល់​ពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​ ១ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​នេះ​ផ្ទាល់ ដែល​ធ្វើ​ដំណើរ​ចេញ-ចូល​រាជធានី​ភ្នំពេញ​។

លោក គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ឲ្យ​មាន​ការធ្វើ​ផ្លូវ​បន្ថែម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការធ្វើ​ផ្លូវ​ក្រោម​ដី ផ្លូវអាកាស ផ្លូវដែក និង​ផ្លូវ​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ការ​ចង្អៀត​ណែន​នៅតាម​ដងផ្លូវ​នានា​។

លោក​បន្តថា បើទោះបី​ជាមាន​ផ្លូវ​ច្រើន ឬ​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ប៉ុនណា​ក៏ដោយ​អ្នកបើកបរ​ត្រូវតែ​ប្រកាន់ខ្ជាប់​ការគោរព​ច្បាប់​ចរាចរណ៍ យោគយល់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ពេល​បើកបរ ព្រោះ​វា​ជា​កត្តា​សំខាន់​ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ផងដែរ​។ លោក​បញ្ជាក់​ថា​៖ «​យើង​មិនអាច​មើលរំលង​ច្បាប់​បានទេ បើ​យើង​គោរព​ទាំង​ច្បាប់ ហើយ​បាន​ទាំង​ផ្លូវ​ល្អ​ថែមទៀត គឺ​ពិតជា​ល្អប្រសើរ​ខ្លាំងណាស់​សម្រាប់​វិស័យ​ចរាចរណ៍​ស្រុក​យើង​»៕