
កម្មករកំពុងរៀបចំក្រាលចិញ្ចើមផ្លូវលើមហាវិថីព្រះនរោត្តម។ ផា លីណា
ភ្នំពេញៈ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងចាប់ផ្ដើមរៀបចំកែលម្អសោភណភាព និងសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីមហាវិថីព្រះនរោត្តមដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានក្រាលការឺឡាថ្មី និងរៀបចំជាគំនូសពណ៌សម្រាប់ជនពិការផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបាន។
តាមសេចក្ដីជូនដំណឹងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីខាងលើនេះមេត្តាចូលរួមសហការរុះរើនូវរាល់សំណង់របស់ខ្លួនដែលសាងសង់នៅលើចិញ្ចើមផ្លូវសាធារណៈចេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសុំការយោគយល់ និងអធ្យាស្រ័យចំពោះការរំខានក្នុងការធ្វើដំណើរចេញចូលគេហដ្ឋាន ឬទីតាំងស្ថាប័នរដ្ឋ និងឯកជននានា ដើម្បីឲ្យការអនុវត្តគម្រោងនេះបានប្រព្រឹត្តទៅបានជោគជ័យតាមការគ្រោងទុក។
លោកបានបញ្ជាក់ថា៖ «គម្រោងរៀបចំកែលម្អសោភណភាព និងសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈនៅសងខាងនៃដងមហាវិថីសហព័ន្ធរុស្ស៊ីនេះនឹងធ្វើឲ្យរាជធានីភ្នំពេញរបស់យើងកាន់តែមានភាពទាក់ទាញកាន់តែខ្លាំង។ គម្រោងនេះ ក៏នឹងជួយសម្រួលដល់ជនពិការភាពឲ្យធ្វើដំណើរនៅលើចិញ្ចើមផ្លូវប្រកបដោយសុវត្ថិភាពផងដែរ»។
លោក ស្រី វណ្ណថុន នាយកប្រចាំប្រទេស នៃអង្គការសកម្មភាពលើពិការភាព និងការអភិវឌ្ឍបានសម្ដែងក្ដីអបអរសាទរចំពោះគម្រោងនេះ និងរំពឹងថា ផ្នែកពាក់ព័ន្ធនានា ពិសេសបងប្អូនពលរដ្ឋដែលរស់នៅអមសងខាងនៃដងមហាវិថីនេះនឹងចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញដើម្បីអនុវត្តគម្រោងនេះបានជោគជ័យតាមការគ្រោងទុក។
លោក វណ្ណថុន បានថ្លែងថា៖ «កន្លងមកចិញ្ចើមផ្លូវសាធារណៈតូចធំក្នុងរាជធានីភ្នំពេញ ត្រូវបានបងប្អូនពលរដ្ឋ អាជីវករ និងបុគ្គលិកនៃស្ថាប័នរដ្ឋ និងឯកជនមួយចំនួនរំលោភយកធ្វើជាកន្លែងលក់ដូរនិងចតយានជំនិះដោយខុសច្បាប់ធ្វើឲ្យអ្នកថ្មើរជើងពិសេសជនពិការភាព ដែលធ្វើដំណើរតាមរទេះរុញ ឬជនពិការភ្នែកមិនអាចធ្វើដំណើរបាន»។
លោក វណ្ណថុន បានបន្តថា ទោះជាបែបណាក្ដី ការរៀបចំខឿនចិញ្ចើមផ្លូវ និងសណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈ តែមួយមុខមិនគ្រប់គ្រាន់នោះទេបើគ្មានការចូលរួមផ្សព្វផ្សាយបំផុសផ្នត់គំនិតរបស់ពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀតឲ្យមានការយល់ដឹងអំពីសារៈសំខាន់នៃចិញ្ចើមផ្លូវសាធារណៈនិងបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវជាកន្លែងលក់ដូរ និងចតយានជំនិះដោយខុសច្បាប់តទៅទៀត៕