ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងបរិស្ថាន​បំភ្លឺ​ទៅ​ក្រុម​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ៧ ​នាក់​ ដែល​ចោទសួរ​ពី​ការអភិវឌ្ឍ​តំបន់​បឹង​ជើងឯក និង​បឹងទំពុន ដោយ​ក្រុមហ៊ុន ING Holdings ដែលថា​ធ្វើឱ្យប៉ះពាល់​តំបន់ដីសើម​នៅ​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​ប្រឈម​ទឹកជំនន់ និង​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​។

ការបំភ្លឺ​នេះ​ធ្វើឡើង​តាមរយៈ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ UN ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ក្នុង​លិខិត​ ២ ​ដាច់​ដោយឡែក​ពីគ្នា​ចុះ​ថ្ងៃទី​ ១៧ និង​ទី​ ១៨ ​កុម្ភៈ ២០២១ ឆ្លើយតប​ទៅ​អ្នករាយការណ៍​ពិសេស​ ៧ ​នាក់​របស់ UN ក្នុងនោះ​ក៏​​មាន​លោកស្រី​រ៉ូណា ស្ម៊ីត ផងដែរ​។

ក្រុម​អ្នករាយការណ៍​សេស​ពី​ថ្ងៃទី​ ២៣ ​ខែ​ធ្នូ ឆ្នាំមុន​បាន​សរសេរ​លិខិត​មួយ​ផ្ញើឱ្យ​កម្ពុជា​តាមរយៈ​យន្តការ​សិទ្ធិមនុស្ស​របស់​ UN ដែលមាន​ ១៣ ​ទំព័រ លើកឡើង​ពី​សាវតារ និង​ផលប៉ះពាល់ ផ្នែក​បរិស្ថាន អេកូឡូស៊ី និង​សិទ្ធិមនុស្ស​ដែល​កើតមាន និង​អាច​កើតមាន​ចេញពី​ការអភិវឌ្ឍ​នេះ​។

អ្នករាយការណ៍​ពិសេស​ថ្លែងថា បើតាម​ព័ត៌មាន តំបន់ដីសើម​បឹងទំពុន និង​​បឹង​ជើងឯក​គឺជា​តំបន់​មាន​ពលរដ្ឋ​យ៉ាង​ហោចណាស់​ ១ ០០០ ​គ្រួសារ​រស់នៅ ប្រកបរបរ​នេសាទ និង​ធ្វើ​កសិកម្ម​។ ​ការអភិវឌ្ឍ​នេះ​ធ្វើឡើង​ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​គ្រួសារ​រងគ្រោះ​។

គម្រោង​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ផ្ទះសំបែង​របស់​គ្រួសារ​ទាំងនេះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​ខូច​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​តំបន់​ដី​សើម​ដែល​មិនអាច​ស្ដារ​ឡើងវិញ​បាន​។

លើស​ពី​នេះ​វា​ធ្វើឱ្យ​មនុស្ស​ជាង​ ១​ លាន​នាក់​ប្រឈម​គ្រោះថ្នាក់​នៃ​ទឹកជំនន់ និង​ធ្វើឱ្យ​កខ្វក់​ដល់​ទន្លេមេគង្គ និង​ទន្លេសាប​។

ក្រុម​អ្នករាយការណ៍​ពិសេស​ថ្លែងថា ជា​រៀងរាល់ថ្ងៃ​មានទឹក​ ៣៧ ​ម៉ឺន​ម៉ែត្រគុប ត្រូវ​បាន​បង្ហូរ​ចេញពី​ភ្នំពេញ​ទៅ​តំបន់ដីសើម​នេះ​ដែល​ភាគច្រើន​ជា​ទឹកស្អុយ​មិនទាន់​បាន​ចម្រោះ​។ ​ដើម្បី​លុប​បឹង​នេះ ខ្សាច់​ជាង​ ៧៧ ​លាន​ម៉ែត្រគុប​​ត្រូវ​បូម​បញ្ចូល​តាំងពី​ឆ្នាំ​ ២០០៤ ​មក​។

ក្រុម​អ្នករាយការណ៍​ថ្លែងថា​៖ «​ប្រសិនបើ​តំបន់ដីសើម​នេះ​នៅ​បន្ត​លុប វា​អាច​ថា មនុស្ស​ជិត​ពាក់កណ្ដាល​នៃ​ពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ ឬ​ប្រមាណ​ ១,២ ​លាន​នាក់​ នឹង​ប្រឈមមុខ​កាន់តែ​ខ្លាំង​ដោយសារ​គ្រោះទឹកជំនន់​ដែល​កើតចេញពី​ទឹក​កខ្វក់​....»​។

ពួកគាត់​លើកឡើង​នូវ​សំណើសុំ​បំភ្លឺ​ និង​ព័ត៌មាន​បន្ថែម​ពី​រដ្ឋាភិបាល​លើ​ចំនួន​ ១២ ​ចំណុច រួមមាន ផលប៉ះពាល់​លើ​សិទ្ធិមនុស្ស បរិស្ថាន និង​សង្គម​, ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​លើ​ផលប៉ះពាល់​នោះ និង​សំអាង​ផ្លូវច្បាប់​ក្នុង​ការជួល​បឹង​ទាំងនេះ​ទៅឱ្យ​ក្រុមហ៊ុន ING Holdings​។

ជាការ​ឆ្លើយតប សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹងទំពុន​បឹង​ជើងឯក គឺជា​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​មួយ​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ ២ ៥៧២ ​ហិកតា ស្ថិតក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ និង​ខណ្ឌចំការមន​។ ការសិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់​ត្រូវ​បាន​ធ្វើ​នៅ​ឆ្នាំ​ ២០០៨ មុនពេល​គម្រោង​ចាប់ផ្ដើម​។

សាលា​រាជធានី​បញ្ជាក់ថា គម្រោង​នេះ​មិន​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ឬ​តំបន់​អភិរក្ស​ទេ ហើយ​នៅ​តំបន់​នេះ​ក៏​គ្មាន​វត្តមាន​សត្វព្រៃ​កម្រ​ដែរ ចំណែក​ព្រៃ និង​ដើមឈើ​វិញ​មិន​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​ទេ​។ ​សាលា​រាជធានី​ទទួលស្គាល់ថា ការអភិវឌ្ឍ​នេះ​ធ្វើឱ្យ​បាត់បង់​តួនាទី​ចម្រោះ​ទឹក​តាម​ធម្មជាតិ និង​បន្ថយ​សមត្ថភាព​ផ្ទុក​ទឹក​ពី​ ៧៥ ​លាន​ម៉ែត្រគុប​ មក​នៅ​ ១៨,៧៦ ​លាន​ម៉ែត្រគុប​។ ​ប៉ុន្តែ​ប៉ះពាល់​តិចតួច​បំផុត​លើ​ប្រព័ន្ធ​បង្ហូរទឹក​បឹងត្របែក បឹងទំពុន ប្រឡាយទឹក​ភូមិ​មូល និង​ភូមិ​រលួស​។

ការរំដោះ​ទឹក​ពី​ទីក្រុង​ភ្នំពេញ​ធ្វើឡើង​តាមរយៈ​ការសង់​ស្ថានីយ​ចម្រោះ​ទឹកកខ្វក់ ការស្ដារ​ប្រឡាយ និង​អាង​ស្តុក​ទឹក ការសាងសង់​ទ្វារ​ទឹក​នៅ​ស្ទឹងជ្រោយ និង​ប្រឡាយ​ព្រែកថ្មី ការដំឡើង​ម៉ាស៊ីនបូមទឹក​ដែលមាន​សមត្ថភាព​បូម​ ១០ ​ម៉ែត្រគុប ​ក្នុង​ ១ ​វិនាទី​នៅក្នុង​ស្ទឹង និង​ប្រឡាយ​នីមួយៗ​។ ​ដូច្នេះ​ទឹកជំនន់​នៅ​ទីក្រុង​ត្រូវ​បាន​ដោះស្រាយ ហើយ​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ទេ​។ ​នេះ​ជា​ការពន្យល់​របស់​សាលា​រាជធានី​ភ្នំពេញ​។

សាលា​រាជធានី​ថា​ «​គម្រោង​អភិវឌ្ឍន៍​នេះ​នឹង​បង្កើត​ចំណូល​សេដ្ឋកិច្ចជាតិ​ជាង​ ៤ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ខាងមុខ តាមរយៈ​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ ពន្ធ​លើ​អចលនទ្រព្យ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការបង្កើត​មុខរបរ​ទាំង​ផ្ទាល់ និង​ប្រយោល​សម្រាប់​មនុស្ស​ជាច្រើន​»​។

សាលា​រាជធានី​បញ្ជាក់ថា ការងារ​ជាង​ ១០ ​ម៉ឺន​កន្លែង​ ត្រូវ​បាន​បង្កើត​ក្នុងដំណាក់កាល​ប្រតិបត្តិ ហើយ​នឹង​មាន​ការងារ​ជាង​ ១១ ​លាន​ទៀត​ក្នុង​ដំណាក់កាល​សាងសង់​ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០៣៥ ដែល​អ្នកធ្វើការងារ​ទាំងនេះ​មាន​ទាំង​កម្មករ កម្មករ​ជំនាញ ជាងជុសជុល អ្នកបច្ចេកទេស និង​អ្នក​ជំនាញ​ដែល​អាច​ទទួល​ប្រាក់ខែ​ពី​ ២៥០ ​ដុល្លារ ដល់​ ១ ២០០ ​ដុល្លារ​។

គម្រោង​នេះ​នឹង​បង្កើន​សោភណភាព​នៅ​ខាងត្បូង​ទីក្រុង​ភ្នំពេញ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រួល​ចរាចរណ៍​តាមរយៈ​ការសង់​មហាវិថី​ចំនួន​ ៣ ផ្លូវ​សំខាន់ៗ​ ៦១ ​ខ្សែ​ ដែល​មាន​ប្រវែង​សរុប​ជាង​ ៩៥ ​គីឡូម៉ែត្រ ការសាងសង់​លូក្រោមដី​ដែល​ទាំងអស់នេះ​មាន​ទឹកប្រាក់​ ៨៣៧ ​លាន​ដុល្លារ​ ដើម្បី​បម្រើ​ប្រយោជន៍​មនុស្ស​ប្រហែល​ ៣ ​លាន​នាក់​នៅ​ទីក្រុង​ភ្នំពេញ និង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​តាខ្មៅ​។

សាលា​រាជធានី​បញ្ជាក់ថា​៖ «​ការរីកចម្រើន និង​សមិទ្ធផល​សំខាន់​នៃ​គម្រោង​នេះ​បាន​លេច​ឡើង​ជា​បណ្ដើរៗ​ដែល​នេះ​ផ្ទុយស្រឡះ​ពី​ការធ្វើ​វិទ្ធង្សនា​បង្ក​ការយល់ច្រឡំ​នៃ​សារព័ត៌មាន​បរទេស និង​របាយការណ៍​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​បានបង្ហាញ​ដោយ​គ្មាន​ការសិក្សា​ច្បាស់លាស់​ដោយ​ជ្រើសរើស​យកតែ​ចំណុច​ខ្លះ​ចេញ​ពី​គំនិត​ផ្ទាល់ខ្លួន មាន​លក្ខណៈ​មួលបង្កាច់ និង​បំផុសបំផុល ដោយ​ហេតុផល​នយោបាយ​»​។

ស្រដៀង​គ្នា​នេះ ក្រសួង​បរិស្ថាន​ក៏បាន​បំភ្លឺ​ទៅនឹង​សំណួរ​របស់​អ្នក​រាយការណ៍​ពិសេស​ផងដែរ​នូវ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ក្រសួងបរិស្ថាន​។ ​ក្រសួង​បញ្ជាក់ថា ផ្ទៃដី​ជាក់ស្ដែង​ដូច​បាន​វាយតម្លៃ​លើ​ផលប៉ះពាល់​មានតែ ៨៦៣ ​ហិកតា​ប៉ុណ្ណោះ មិនមែន​ ១ ៥០០ ​ហិកតា​ ដូច​ក្រុម​អ្នករាយការណ៍​ពិសេស​លើកឡើង​នោះទេ​។

ក្រសួង​ក៏​ចោទសួរ​ត្រឡប់​ទៅវិញ​ចំពោះ​ការលើកឡើង​ដែល​ថា គ្រួសារ​ចំនួន​ ១ ០០០ ​បាន​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍ ពីព្រោះ​ជាក់ស្ដែង​ចំនួន​គ្រួសារ​មាន​តិចជាង​នេះ​។ ​រាល់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​សុទ្ធតែ​បាន​ឆ្លងកាត់​ការសិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ការបំពុល​ដែល​បាន​ចោទប្រកាន់​ថា​បង្កដោយ​គម្រោង​អភិវឌ្ឍន៍​នេះ​មិនមាន​អ្វី​ជា​សំអាង​ទេពី​ព្រោះ​តំបន់ដីសើម​ដែល​នៅ​សេសសល់​អាច​ទទួល​ទឹក​កខ្វក់​ពី​គេហដ្ឋាន​ពី​តំបន់​នានា​នៅ​ជុំវិញ​បឹងទំពុន និង​​ពី​ស្ថានីយ​បូមទឹក​បឹងត្របែក​»៕