ភ្នំពេញ: សាលា​រាជធានី-ភ្នំពេញ​បាន​ប្រាប់​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម​សេវាកម្ម និង​ពលរដ្ឋ​ឲ្យ​រៀបចំ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន​ដោយសារ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ត្រូវ​បាន​ឈប់​សម្រាក​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ក្រសួង​ចំនួន​ ៣ ​ចេញ​ប្រកាស​រួមគ្នា​ឲ្យ​មន្ត្រី​គ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​បាន​ពី​ការពិន័យ​អ្នក​ចោល​សំរាម​តាម​ភាពចាំបាច់​។

តាម​លិខិត​ជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ២៣ កញ្ញា​ បាន​ឲ្យ​ដឹងថា​ «​សូម​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម​សេវាកម្ម និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​យោគយល់​ និង​អធ្យាស្រ័យ​កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ​ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​»​។

លិខិត​សាលា​រាជធានី​ភ្នំពេញ​បន្ត​ថា​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៧-២៩ ​ខែ​កញ្ញា បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​បម្រើ​ការងារ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ឈប់​សម្រាក ហើយ​មួយ​ចំនួន​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​នានា​ដែល​ធ្វើឲ្យ​ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​មាន​ភាពរអាក់រអួល​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​កាល​​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ការជូន​ដំណឹង​នេះ​នៅឡើយ​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​, ឧបនាយក​រដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក សាយ សំអាល់ រដ្ឋមន្ដ្រី​​ក្រសួង​បរិស្ថាន​បាន​ចេញ​ប្រកាស​រួមគ្នា​ស្ដីពី​ការគ្រប់គ្រង​ និង​ការប្រើប្រាស់​ចំណូល​ពី​ការពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​។

តាម​ប្រកាស​អន្ដរក្រសួង​ចុះ​ថ្ងៃទី​ ១០ ​កញ្ញា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួលបាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​/​ស្រុក​​ត្រូវ​រៀបចំ​គណៈកម្មការ​ទទួល​បន្ទុក​អនុវត្ត​ការពិន័យ​អន្ដរការណ៍​រាជធានី​ចំពោះ​អំពើ​ល្មើស​នានា​ដែល​មាន​ចែង​ក្នុង​ជំពូក​ទី​ ៧ ​នៃ​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។

សេចក្ដី​ប្រកាស​បន្ត​ថា ប្រាក់ចំណូល​ប្រមូល​បាន​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ទោស​បញ្ញត្តិ​ដូច​មានកំណត់​ក្នុង​ជំពូក​ទី​ ៧ ​នៃ​អនុក្រឹត្យ​នេះ​ត្រូវ​បែងចែក​ជា​ចំណែក​សម្រាប់​បង់​ចូល​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សាមី​ចំនួន​ ៥០ ​ភាគរយ​។

ចំណែក​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ផ្ដល់​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សាមី​ ៤៤ ​ភាគរយ ចំណែក​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ផ្ដល់ជូន​មន្ទីរ​បរិស្ថាន​ ៥ ​ភាគរយ​ និង​ចំណែក​ប្រាក់រង្វាន់​លើក​ទឹកចិត្ត​សម្រាប់​ផ្ដល់ជូន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ១ ​ភាគរយ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​ «​រដ្ឋបាល​រាជធានី​/​ក្រុង និង​រដ្ឋបាល​ស្រុក​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​ខ្លឹមសារ​នៃ​ប្រកាស​អន្តរក្រសួង​នេះ​ក្នុង​រយៈពេល​ ៦ ​ខែ​ចាប់​ពីថ្ងៃ​ចេញប្រកាស​នេះ​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​ទទួល​បណ្ដឹង​តវ៉ា​ដែល​អាច​កើតមានឡើង​ជាយថា​ហេតុ​លើ​ការជំទាស់​ ឬ​ការមិន​សុខចិត្ត​របស់​អ្នកប្រព្រឹត្ត​អំពើ​ល្មើស​នឹង​ទោស​បញ្ញត្តិ​ដូច​មានកំណត់​ក្នុង​ជំពូក​ទី​ ៧ ​នៃ​អនុក្រឹត្យ ចំពោះ​ការអនុវត្ត​ការពិន័យ​អន្តរការណ៍​របស់​បុគ្គលិក​ និង​ភ្នាក់ងារ​អនុវត្ត​ការពិន័យ​អន្តរការណ៍​»​។

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​បណ្តុះ​ស្មារតី​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​បរិស្ថាន និង​មាន​មេត្រីភាព​ចំពោះ​បរិស្ថាន​ក្នុង​ការរស់នៅ​របស់​ពួកគាត់​ដោយ​ទុកដាក់​វេចខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​បន្តថា សាលា​រាជធានី និង​រដ្ឋបាល​ក្រុង​នៅ​ទូទៅ​ប្រទេស​បាន​ទទួល​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន​ប្រចាំ​ឆ្នាំ ដើម្បី​រៀបចំ​ទីក្រុង​របស់​ខ្លួន ហើយ​ក្រុង​ភាគច្រើន​បាន​បង្កើត​ផែនការ​រៀងៗ​ខ្លួន ដើម្បី​គ្រប់គ្រង​បរិស្ថាន​។

លោក​បញ្ជាក់ថា​៖ «​យើង​ជឿជាក់​ថា ការប្រកាស​អន្តរក្រសួង​នេះ​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​ការងារ​ក្នុង​ការគ្រប់គ្រង​សំណល់​រឹង​ទីប្រជុំជន ដើម្បី​ធ្វើឲ្យ​ទីប្រជុំជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​បរិស្ថាន អនាម័យ​ល្អ​ស្អាត ហើយ​វា​កាន់តែ​ទាក់ទាញ​ក្នុង​ការរស់នៅ​ និង​ទីមនោរម្យ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​»​។

លោក កែវ ចាន់ណារិទ្ធ ប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ​បាន​គាំទ្រ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់ ខណៈ​ការ​ទុកដាក់​សំរាម​មួយចំនួន​បានល្អ ប៉ុន្ដែ​មួយ​ចំនួន​ទៀត​មិន​ព្រម​ចូលរួម​ទេ ថែមទាំង​យឺតយ៉ាវ​ក្នុងការ​បង់ថ្លៃ​សេវា​ទៀត​។

លោក​ថា​៖ «​វា​គួរតែ​ដល់​ពេល​ដែល​ត្រូវដាក់​កំហិត​លើ​អ្នក​ដែល​មិន​ព្រម​អនុវត្តតាម​ការណែនាំ​ព្រោះ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ចង់​ឲ្យ​ប្រទេស​យើង​គ្មាន​សំរាម ស្អាត និង​មាន​បរិយាកាស​ល្អ​...»​។

លោក សាន ដារ៉ាវិត ប្រធាន​ក្រុមយុវជន​សំរាម​បាន​ថ្លែង​ថា បើ​ទោះបី​ជា​ធ្លាប់​មាន​អនុក្រឹត្យ​ ឬ​សេចក្ដី​ប្រកាស​ពាក់ព័ន្ធ​ការផាកពិន័យ​ ឬ​ផ្តន្ទាទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ចោល​សំរាម​ ឬ​ការ​ទុក​សំរាម​មិន​ត្រឹមត្រូវ​ក្ដី ក៏​មិន​ទាន់​មាន​ប្រសិទ្ធភាព​ដែរ​។

លោក​បញ្ជាក់ថា​៖ «​សេចក្ដី​ប្រកាស​ចុងក្រោយ​នេះ ខ្ញុំ​មាន​សង្ឃឹម​តិចតួច​ដែរ​ថា អាជ្ញាធរ​នឹង​អនុវត្តតាម​អន្តរក្រសួង​នេះ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ការអប់រំ​ពលរដ្ឋ​គ្រប់​ទីកន្លែង​ដែល​មិនទាន់​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​ឲ្យ​ងាក​មក​ទុកដាក់​សំរាម​បានល្អ​។ ​ជាពិសេស​ខ្ញុំ​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​កែច្នៃ​សំរាម​ដែរ ព្រោះ​សព្វថ្ងៃនេះ​យើង​មិន​ទាន់​មាន​ក្រុមហ៊ុន​កែច្នៃ​សំរាម​ទេ​»​។

លោក នួន សំណាវុធ នាយក​ទីចាត់ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន​នៃ​សាលា​រាជធានី-ភ្នំពេញ​បាន​ថ្លែង​កាលពី​ថ្ងៃទី ១៩ កញ្ញា​ថា ជា​រៀងរាល់ថ្ងៃ​គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយ​បាន​បង្កើត​ឲ្យ​មាន​កាកសំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី​ ២ ​ពាន់​ទៅ ៣ ​ពាន់​តោន​ក្នុងនោះ​មាន ៦០០ តោន​ជា​កាកសំណល់​ប្លាស្ទិក​។

នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មាន​កាកសំណល់​សំរាម​ជាង​ ១ ​ម៉ឺន​តោន​ជា​រៀងរាល់​ថ្ងៃ ឬ​ច្រើន​ជាង​ ៣,៦ ​លាន​តោន​នៅ​​ក្នុង​ ១ ​ឆ្នាំ​៕