ភ្នំពេញៈ លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​មិនឱ្យ​អាជ្ញាធរ​កាប់​ដើមឈើ​ចំនួន​ ៣ ​ដើម​ ដែល​មាន​អាយុកាល​ជាង​ ៣០០ ​ឆ្នាំ​ ដែល​ស្ថិតនៅតាម​បណ្តោយ​សួន​ផ្លូវភ្លោះ​នៅមុខ​មន្ទីរពេទ្យ​អង្គឌួង ឬ​សួន​កាណាឌីយ៉ា​ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

ក្នុងពេល​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ដើមឈើ​ទាំង​ ៣ ​ដើម​ជាក់ស្តែង​ពី​ម្សិលមិញ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការសម្រេច​ឱ្យ​រក្សាទុក ដើមឈើ​ទាំងនេះ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា ដើមឈើ​ទាំង​ ៣ ​ដើម​នេះ​អាច​នៅ​បន្ត​ឈរ​ទៀត​បាន​។

លោក​ ឃួង ស្រេង ក៏បាន​ប្រាប់​ឱ្យ​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ សហការ​គ្នា​មើលថែ ដោយ​ធ្វើបាន​ត្រឹមតែ​លះ​មែក ឬ​កាត់​មែក​ដែល​ស្អុយ​ចេញ​បាន​។ ចំណែក​ដើមឈើ​ទាំងមូល​ត្រូវធ្វើ​ជើង​ទម្រ​ទប់​ដើម ដើម្បី​កុំឱ្យ​រលំ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​សម្រាប់​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​គ្មាន​ការកាប់​ដើមឈើ​ណាមួយ​យក​ចេញ​នោះទេ ប៉ុន្តែ​អាជ្ញាធរ​មានតែ​ដាំ​ដើមឈើ​ថ្មី​បន្ថែម ដើម្បីឱ្យ​ទីក្រុង​ភ្នំពេញ​ក្លាយ​ជា​ទីក្រុង​មាន​ពណ៌​បៃតង និង​មាន​បរិស្ថាន​ល្អ​»​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​លោក​ ម៉េត មាសភក្តី ឱ្យដឹង​ពី​ម្សិលមិញ​ដែរ​ថា មូលហេតុ​ដែល​លោក​អភិបាល​សម្រេច​រក្សាទុក​នូវ​ដើមឈើ​ចំនួន​ ៣ ​ដើម ដែល​មាន​អាយុកាល​ ៣០០ ​ឆ្នាំ​នេះ គឺ​ដើម្បី​រក្សា​ឱ្យអស់​លទ្ធភាព​នូវ​ដើមឈើ​ដែល​មាន​រួចហើយ​។

ទោះជា​យ៉ាងណា​លោក​ ម៉េត មាសភក្តី មិនបាន​ផ្តល់ព័ត៌មាន​ពី​ចំនួន​ដើមឈើ​នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​អាយុកាល​ជាង​ ១០០ ​ឆ្នាំ​មាន​ប៉ុន្មាន​ដើម​នោះទេ លោក​បាន​ប្រាប់​ឱ្យ​សួរ​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ដោយឡែក​លោក​ សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ ខែ​មករា ឱ្យដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោយ​មាន​ការឯកភាព​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​អាច​កាត់​យកចេញ​នូវ​ដើមឈើ​ចំនួន​ ៣ ​ដើម​នេះ ហើយ​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​។

បើតាម​មន្ត្រី​រូបនេះ ដើមឈើ​ធំៗ​នៅ​សួន​ផ្លូវភ្លោះ​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​មាន​ចំនួន​ប្រមាណ​ ៥០ ​ដើម​ដោយ​ក្នុងនោះ ដើមឈើ​ធំៗ​ចំនួន​ ៣ ​ដើម​នេះ​មាន​សភាព​ពុក​គល់ ប្រហោង​ក្នុង​ដែល​អាច​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ជាយថាហេតុ​ណាមួយ​កើតឡើង​។

លោក​ លឿង វង្សវិសុទ្ធិ ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែល​ឧស្សាហ៍​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​សួន​ផ្លូវភ្លោះ​កាណាឌីយ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​នេះ បាន​និយាយ​ថា អាជ្ញាធរ​គួរតែ​ខិតខំ​រក្សាទុក​ដើមឈើ​ទាំង​ ៣ ​ដើម​នេះ​ឱ្យ​គង់វង្ស​បាន​យូរ ដើម្បី​សម្រាប់​លម្អ​សោភណភាព​ទីក្រុង ផ្តល់​ម្លប់​ដល់​អ្នកធ្វើដំណើរ និង​ពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

ទោះជា​យ៉ាងណា​លោក​ វង្សវិសុទ្ធិ បញ្ជាក់​ទៀត​ថា បើ​អាជ្ញាធរ​ពិនិត្យ​មើលឃើញថា វា​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​ក៏​គួរ​មាន​វិធានការ កាប់​វា​ចេញ ឬ​ត្រួតពិនិត្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ហានិភ័យ ឬ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ និង​អ្នកធ្វើដំណើរ និង​អ្នក​រស់នៅក្នុង​តំបន់​នេះ​៕