ភ្នំពេញៈ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​កាត់បន្ថយ​ការប្រើប្រាស់​ភេសជ្ជៈ​ផ្អែម​នៅតាម​សាលារៀន​ ដើម្បី​ចូលរួម​ភាព​ជា​ដៃគូ​ជួយសង្គ្រោះ​ជាមួយ​ទីក្រុង​ចំនួន​ ៧០ ​ក្នុង​ពិភពលោក​ដែល​បាន​ប្ដេជ្ញាចិត្ត​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​ពលរដ្ឋ ស្រប​ពេល​ដែល​ក្រសួង​អប់រំ​កម្ពុជា​ធ្លាប់​បានដាក់​បម្រាម​ស្រដៀង​គ្នា​នៅតាម​សាលារៀន​អស់​ជាច្រើន​ខែ​មកហើយ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ខែ​ធ្នូ ​ថា លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ផែនការ​ថ្មី​​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ភេសជ្ជៈ​ផ្អែម​។

ទំព័រ​ហ្វេសប៊ុក​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុវត្ត​ការកាត់បន្ថយ​ការទទួលទាន​ភេសជ្ជៈ​ផ្អែម​នៅតាម​សាលារៀន​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​ដើម្បី​សុខុមាលភាព​ទីក្រុង ដែល​ជា​បណ្ដាញ​ពិភពលោក​ដ៏ល្បីល្បាញ​នៃ​ទីក្រុង​ចំនួន​ ៧០ ​ដែល​ប្ដេជ្ញា​សង្គ្រោះ​ជីវិត​ដោយ​ការទប់ស្កាត់​ជំងឺ​មិនឆ្លង​ដូចជា​ជំងឺមហារីក ឬ​ជំងឺ​ទឹកនោមផ្អែម និង​របួស​»​។

ភាព​ជា​ដៃគូ​ដើម្បី​សុខុមាលភាព​ទីក្រុង​ទាំង​ ៧០ ​នេះ​គឺមាន​ពលរដ្ឋ​សរុប​ជាង​ ៣០០ ​លាន​នាក់​​ នៅ​ជុំវិញ​ពិភពលោក​ដែល​ត្រូវបាន​គាំទ្រ​ដោយ​មូលនិធិ Bloomberg Philanthropies ដែលជា​ដៃគូ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ Vital Strategies​។

មិនអាច​ទាក់ទង​លោក ឃួង ស្រេង និង​លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានទេ​កាលពី​ថ្ងៃម្សិលមិញ​។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា លោក​មិនអាច​បញ្ជាក់​អំពី​ផែនការ​ថ្មី​របស់​​សាលា​រាជធានី​នេះ​បាន​ទេ ​ប៉ុន្តែ​លោក​ថា ខាង​ក្រសួង​អប់រំ​បាន​ដាក់​ផែនការ​ហាម​លក់​ចំណីអាហារ និង​គ្រឿង​ភេសជ្ជៈ​មួយចំនួន​នៅ​តាម​គ្រឹះស្ថានសិក្សា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។

លោក​ថា​៖ «​អ្វីដែល​ខ្ញុំ​ជម្រាប​ជូន​គឺ​មន្ទីរអប់រំ​រាជធានី-ខេត្ត​គឺ​អនុវត្តតាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ស្ដីពី​ការលក់​ចំណី​អាហារ​តាម​គ្រឹះស្ថានសិក្សា​ដែល​ត្រូវ​ហាមឃាត់​»​។

កាលពី​ខែ​ឧសភា​ក្រសួង​អប់រំ​បានប្រកាស​ហាម​លក់​ចំណី ៦ ​ប្រភេទ​ នៅតាម​គ្រឹះស្ថានសិក្សា​ដើម្បី​សុខភាព ដូចជា ចំណី​ហួស​កាលកំណត់​ប្រើប្រាស់ គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ ចំណីអាហារ​គ្មាន​ប្រភព​ច្បាស់លាស់ ភេសជ្ជៈ​​ប៉ូវ​កម្លាំង ភេសជ្ជៈ​ផ្អែម កាហ្វេ​ការ៉េម និង​ទឹកស៊ីរ៉ូ​គ្រប់​ប្រភេទ ស្ករសូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ ព្រមទាំង​ចាហួយ​គ្រប់​ប្រភេទ នំដូណាត់ និង​នំផ្អែម​។

លោក ហែម ស៊ីណារ៉េត បន្ថែម​​ថា កន្លងមក​មន្ទីរអប់រំ​បាន​ចុះ​ធ្វើ​អធិការកិច្ច​តាម​សាលារៀន​មួយចំនួន ដើម្បី​ពិនិត្យ​ការលក់​ចំណី​របស់​អាជីវករ​ខ្លះ​ដែល​មិន​គោរព​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ និង​បាន​ឱ្យ​ពួកគេ​ធ្វើ​កិច្ចសន្យា​បញ្ចប់​ការលក់​ចំណី​ហាមឃាត់​ទាំងនោះ​។

ចំណែក​លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ដែរ​ថា ការប្រកាស​ពី​ផែនការ​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​​គឺជា​ការពង្រឹង​បន្ថែម​នូវ​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​។

លោក​បន្តថា​ចាប់ពី​ចុង​ឆ្នាំ​ ២០១៨ ​ដល់​ដើម​ឆ្នាំ​ ២០១៩ ​មន្ទីរ​សុខាភិបាល មន្ទីរអប់រំ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​សិក្ខាសាលា​សិក្សា​ចំនួន​ ៧ ​ដង ​ដោយ​មាន​ការចូលរួម​ពី​នាយក​សាលា សមាជិក​ក្រុមប្រឹក្សា​​សង្កាត់​ទាំង​ ១០៥ គណៈ​អភិបាលខណ្ឌ​ទាំង​ ១២ និង​ប្រធានភូមិ​មួយចំនួន​ហើយ​បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​រយៈពេល​ ១ ​ខែ​​ តាម​ម៉ូតូកង់៣ និង​ស្ថានីយ​ទូរទស្សន៍ វិទ្យុ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ទៅកាន់​ពលរដ្ឋ​។

លោក ងី មានហេង បន្ថែម​ថា​នៅ​ខែមករា និង​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​ក៏​នឹង​មាន​ការធ្វើ​យុទ្ធនាការ និង​ការរៀបចំ​​សិក្ខាសាលា​ ៤ ​លើក​បន្ថែម​ទៀត​ដោយ​ត្រូវ​អញ្ជើញ​គ្រូ​ ២ ​នាក់​ពី​​សាលារៀន​នីមួយៗ​នៃ​សាលា​​ចំនួន​ ៤០ មាតាបិតា​សិស្ស និង​អាជីវករ​លក់​ចំណី​តាម​សាលា​មួយចំនួន​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​បន្ថែម​លើ​ការណែនាំ​ឲ្យ​​ឈប់​ប្រើប្រាស់​ភេសជ្ជៈ​ផ្អែម​នៅតាម​សាលារៀន​នេះ​៕