ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​ឲ្យ​ជូនដំណឹង​ដល់​សាធារណជន​កុំឱ្យ​ចាញ់បោក​ក្រុម​ជន​ដែល​ក្លែងបន្លំ​ខ្លួន​​ជា​មន្ដ្រី​រដ្ឋាករស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ដែល​ឱ្យ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​តាម​មូលប្បទានបត្រ​ (Cheque) ​ឬ​ជា​សាច់ប្រាក់​ផ្ទាល់ ព្រោះ​ការបង់ថ្លៃ​សេវា​នេះ​មានតែ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​តាម​បញ្ជរ​ធនាគារ និង​​មីក្រូហិរញ្ញវត្ថុ​ជា​ដៃគូ​ប៉ុណ្ណោះ​។

លោក ម៉េត មាសភក្ដី ​អ្នក​នាំពាក្យ​សាលា​រាជធានី​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ ១២ សីហា​ ថា ថ្មីៗ​នេះ​មាន​ជនខិលខូច​បាន​បន្លំខ្លួន​ធ្វើ​ជា​មន្ដ្រី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​​រាជធានី​ភ្នំពេញ​ទៅ​យក​ថវិកា​ថ្លៃ​សំរាម​ពី​ពលរដ្ឋ​ដោយ​ផ្ទាល់​។

លោក​ថា​៖ «​ជំហាន​ដំបូង​នេះ វិធានការ​របស់​យើង​គឺ​ជូនដំណឹង​ដល់​ពលរដ្ឋ​ឱ្យបាន​ដឹង​ជាមុនសិន​។ ​ករណី​រកឃើញ​ជនខិលខូច​ដែល​ឆបោក​ពលរដ្ឋ និង​ការអនុវត្ដ​វិធានការ​ច្បាប់​ចំពោះ​ជនខិលខូច​យើង​នឹង​ជូនដំណឹង​បន្តទៀត​នៅពេល​ក្រោយ​»​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​​ទី​ ១១ សីហា បញ្ជាក់ថា​៖ «​ថ្មីៗ​នេះ​មាន​ករណី​ជនខិលខូច ១ ​ក្រុម​បាន​ឆ្លៀតឱកាស​ក្លែងបន្លំ​ខ្លួន​ជា​មន្ដ្រី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​ធ្វើការ​ឆបោក​អតិថិជន​ឱ្យ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ដោយ​ចេញ​​ជា​មូលប្បទានបត្រ​ (Cheque) ​ឬ​ទូទាត់​ជា​សាច់ប្រាក់​ដោយផ្ទាល់​ជាមួយ​ពួកគេ​»​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​​រំឭក​ថា ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២០ មក​សេវា​ប្រមូល​សំរាម​មិន​ត្រូវ​បាន​ដាក់​ក្នុង​វិក្កយបត្រ​អគ្គិសនី​ទៀត​ទេ គឺ​តម្រូវឱ្យ​អតិថិជន​បង់ថ្លៃ​សេវា​នេះ​តាម​មធ្យោបាយ​អេឡិចត្រូនិក​ (​តាម​ទូរស័ព្ទដៃ​) ឬ​បញ្ជរ​ទូទាត់​នៅ​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ទូទាត់​ជា​ដៃគូ​របស់​សាលាក្រុង​។

បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ មធ្យោបាយ​បង់ថ្លៃ​សេវា​សំរាម​បច្ចុប្បន្ន ធ្វើ​តាម​ធនាគារ​ ACLEDA,ABA,Wing,AMK,WbFinance,Prince Bank,​ស្ថាបនា​ ឬ​តាម​ភ្នាក់ងារ​ទូទាត់​ប្រាក់​ផ្សេងៗ​ទៀត ដូចជា eMONEY, Lyhour Weiluy, Pi Pay, និង Dara Pay​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​​ដែរ​ថា រាល់​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម មិន​អនុញ្ញាត​ឱ្យ​ទូទាត់​ជា​សាច់ប្រាក់​ទេ​។ ​ប៉ុន្ដែ​ក្នុង​​ករណី​ការចេញ​ជា​មូលប្បទានបត្រ​ត្រូវ​សរសេរ​ទៅ​ឈ្មោះ​ «​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​» ​ឬ​ជា​ភាសា​អង់គ្លេស​ «Phnom Penh Solid Waste Management Authority» ដោយ​ផ្ទាល់​តែម្ដង​។

ជាមួយ​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ក្នុងករណី​បងប្អូន​ពលរដ្ឋ ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ស្ថាប័នឯកជន​ជួប​ករណី​ដូច​ខាង​លើ​មិនត្រូវ​ធ្វើ​តាម​ការឆបោក​នោះទេ​។ ​ផ្ទុយ​ទៅវិញ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​តាមរយៈ​ទូរស័ព្ទ​លេខ ០៨៧ ២៥៨ ៨៣៥ ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​របស់​ពលរដ្ឋ​ផ្ទាល់ ដើម្បី​ចាប់ខ្លួន​ក្រុម​ជនខិលខូច​ទាំងនោះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

វីដេអូ៖