កណ្ដាល៖ សាលា​ខេត្ត​កណ្តាល​បាន​រៀបចំ​ទីលាន​កីឡដ្ឋាន​ខេត្ត​កណ្តាល ទៅ​ជា​ផ្សារ​លក់ដូរ​បណ្តោះអាសន្ន សម្រាប់​អាជីវករ និង​ប្រជាពលរដ្ឋ ដោយសារ​ទីតាំង​នេះ​មាន​ទំហំ​ធំ សម្រាប់​អ្នក​លក់​ និង​អ្នក​ទិញ ដោយ​អាច​រក្សា​គម្លាត​សុវត្ថិភាព​បាន​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​ទិញ​អាច​ចូល​ទិញ​បាន​តែ​ពី ១០ ទៅ ១៥ នាទី​ប៉ុណ្ណោះ។

តាម​ការ​ផ្សាយ​ផ្ទាល់ នៅ​កន្លែង​កីឡដ្ឋាន​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ចូល​ទិញ​ម្ហូប​អាហារ នៅ​ក្នុង​ផ្សារ​បណ្តោះអាសន្ន​នេះ​បាន​ហើយ ប៉ុន្តែ​មុន​នឹង​ចូល​ត្រូវ​បាន​ក្រុម​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ទាំង​សមត្ថកិច្ច បាន​ជួយ​សម្រួល​ក្នុង​វាស់​កម្ដៅ បាញ់​អាល់កុល និង​តម្រូវ​ឱ្យ​រក្សា​គម្លាត​គ្នា​ផង​ដែរ។

អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភណ្ឌ បាន​សម្រេច​រៀបចំ​ទីតាំង​ក្នុង​កីឡដ្ឋាន​ខេត្ត​កណ្តាល​នេះ ធ្វើ​ជា​ផ្សារ​បណ្តោះអាសន្ន​បន្ទាប់​ពី​ផ្សារ​មួយ​ចំនួន​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​បិទ​ជា​បណ្តោះអាសន្ន។ ផ្សារ​ដែល​បាន​បិទ​នោះ​មាន ផ្សារ​ព្រែកហូរ ផ្សារ​តាខ្មៅ​ថ្មី ផ្សារ​តាខ្មៅ​ចាស់ និង​ផ្សារ​ដើមអំពិល​ជាដើម ដែល​ត្រូវ​បាន​បិទ​រយៈពេល ១៤ ថ្ងៃ ដោយសារ​ភាព​ចង្អៀត​ណែន និង​ដើម្បី​រក្សា​គម្លាត​រវាង​អ្នក​លក់ និង​អ្នក​ទិញ។

ប្រជាពលរដ្ឋឈរដំរងជួរ ដើម្បីចូលផ្សារទិញទំនិញនៅផ្សារក្នុងក្រុងតាខ្មៅដែលរៀបចំដោយអាជ្ញាធរ។ រូបថត ស្នងការខេត្តកណ្ដាល

លោក ជៀម ខូយ ចៅ​សង្កាត់​តាខ្មៅ បាន​ប្រកាស​ប្រាប់​អ្នក​ទិញ​ទាំង​អស់​ដែល​បាន​ចូល​ទិញ​រួច​ហើយ​មិន​ត្រូវ​នៅ​និយាយ​លេង ឬ​អូស​បន្លាយ​ពេល​វេលា​យូរ​នៅ​ក្នុង​ផ្សារ​នោះ​ទេ គឺ​ត្រូវ​តែ​ប្រញាប់​ចាកចេញ​ពី​ផ្សារ​នេះ ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ច្រើន។

លោក​បាន​ថ្លែង​ថា៖ «អ្នក​ដែល​បាន​ទិញ​រួច​ហើយ ត្រូវ​ប្រញាប់​ចាកចេញ​ទៅ​វិញ ដើម្បី​ឱ្យ​អ្នក​ថ្មី​អាច​ចូល​ទិញ​ជា​បន្ត​បន្ទាប់​ទៀត។ ត្រូវ​ទិញ​ឱ្យ​បាន​លឿន មិន​ត្រូវ​នៅ​និយាយ​គ្នា​លេងនោះ​ទេ។ ម្នាក់​ចំណាយ​តែ ១០ ទៅ ១៥ នាទី បាន​ហើយ​សម្រាប់​ដើរ​ទិញ​អីវ៉ាន់​នេះ»។

លោក​ ជៀម ខូយ បាន​បញ្ជាក់ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ការពារ​នូវ​ការ​ចម្លង​នៃ​វីរុស​កូវីដ ១៩​ ទៅ​ដល់​ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ក្នុង​កីឡដ្ឋាន​ខេត្ត​កណ្តាល​នេះ អាច​រៀបចំ​ដាក់​ស្តង់​លក់​ដូរ​បាន​ប្រមាណ​ជាជាង ១០០ តូប​តូចៗ និង​មាន​គម្លាត​គ្នា​ផង​ដែរ៕