រតនគិរី៖ ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​សម្រេច​ដក​អ្នក​បើកបរ​រថយន្ត​គិលាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ចេញ​ពី​ក្របខ័ណ្ឌ បន្ទាប់​ពី​បាន​រក​ឃើញ​កំហុស​របស់​បុរស​រូប​នេះ ​បំពេញ​ការងារ​មិន​បាន​ល្អ​ជុំវិញ​ករណី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​ដាក់​ចុះ​សព​ស្ត្រី​ម្នាក់​នៅ​ពាក់​កណ្តាល​ផ្លូវ ដោយ​មិន​ព្រម​ដឹក​ឱ្យ​ដល់​លំនៅឋាន។

លោក ​ញ៉ែម សំអឿន អភិបាលរង និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​រតនគិរី ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​បាន​ដឹង​ថា មាន​អ្នក​បើកបរ​រថយន្ត​គិលានសង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ដឹក​សព​មិន​ដល់​ផ្ទះ ដោយ​ដាក់​ចុះ​នៅ​កណ្តាល​ផ្លូវ លោក​បាន​ឱ្យ​មន្ត្រី​ធ្វើ​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់។ ក្រោយ​មក​ក៏​បាន​រក​ឃើញ​ថា នេះ​មិនមែន​ជា​កំហុស​ស្ថាប័ន​មន្ទីរពេទ្យ​បង្អែក​នោះ​ទេ តែ​គឺ​ជា​កំហុស​បុគ្គល​ផ្ទាល់​ដែល​ជា​អ្នក​បើកបរ។

លោក​បាន​បន្តថា អ្នក​បើកបរ​នោះ​ជា​មន្ត្រី​ជាប់​កិច្ចសន្យា តែ​បំពេញ​ការងារ​មិន​បាន​ល្អ ហើយ​ក៏​មាន​ការ​រិះគន់​ពី​អ្នក​ជំងឺ​ជាច្រើន​ក្នុង​ពេល​កន្លងមក​ដែរ បូក​រួម​ជាមួយ​កំហុស​លើក​នេះ​ទៀត ​គណៈ​អភិបាលខេត្ត​ក៏​បាន​ប្រជុំ ​និង​សម្រេច​ថា ​នឹង​បញ្ឈប់​តែ​ម្តង។ «ស្មារតី​នៃ​អង្គ​ប្រជុំ​គណៈអភិបាល​ខេត្ត​ក្នុង​រឿង​នេះ​យើង​សម្រេច​ថា នឹង​ដក​គាត់​ចេញ ​ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ»។ លោក ​អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​ថ្លែង​ថា មន្ទីរ​បាន​ចេញ​សេចក្តី​បំភ្លឺ​រួច​ហើយ លោក​មិន​មាន​អ្វី​បញ្ជាក់​បន្ថែមទៀត​ទេ ព្រោះ​ការ​ចេញ​សេចក្តី​បំភ្លឺ​នេះ មិនមែន​ធ្វើ​ឡើង​ដោយ​មន្ទីរ​តែ​ឯង​នោះ​ទេ គឺ​សុទ្ធ​តែ​មាន​ការ​ប្រជុំ​គណៈ​អភិបាល​ខេត្ត​ត្រឹមត្រូវ​មុន​នឹង​ចេញ។

លោក​បាន​បញ្ជាក់​ថា៖«មិនមែន​សម្រេច​តែ​ខ្ញុំ​ទេ​ណា គឺ​ប្រជុំ​គណៈ​អភិបាល​ខេត្ត ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​វា​ត្រឹមត្រូវ ​ឬ​អត់​ហើយ​ទណ្ឌកម្ម​របៀប​ម៉េច​ក៏​ស្ថិត​លើ​គណៈ​អភិបាលខេត្ត​ដែរ»។

តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​ចេញ​ថ្ងៃទី ១៧ ខែ​មីនា ដែល ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី ២ ខែ​កុម្កៈ ឆ្នាំ ២០២១ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​អនុញ្ញាត​ឱ្យ​រថយន្ត​គិលាន​សង្គ្រោះ​ម៉ាក​ឡង់គ្រីស័រ​ស្លាកលេខ​រដ្ឋ 12-2-0129 បើកបរ​ដោយ​ឈ្មោះ អ៊ន ប៊ុនឡេង បាន​ដឹក​ជញ្ជូន​សព​ស្ត្រី​ម្នាក់​ឈ្មោះ គ្វីម ម៉ក់ អាយុ ៣១ ឆ្នាំ ទៅ​លំនៅឋាន ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផាក់​ណាម ឃុំ​កោះ​ពាក្យ ស្រុក​វើនសៃ ខេត្ត​រតនគិរី។

លុះ​ដល់​ចំណុច​ត្រង់​ស្ពាន​អូរលីង ស្ថិត​នៅ​ក្បែរ​ភូមិ​ឃួន ឃុំ​កោះពាក្យ ស្រុក​វើនសៃ អ្នក​បើកបរ​រថយន្ត​ឈ្មោះ អ៊ន ប៊ុនឡេង បាន​សម្រេច​ចិត្ត​ដាក់​សព​ស្ត្រី​នោះ​ចុះ​ដោយ​ឯក​ឯង ហើយ​បន្ទាប់​មក​សព​របស់​ស្ត្រី​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ជញ្ជូន​បន្ត​ដោយ​ម៉ូតូ​ទៅ​លំនៅឋាន​របស់​ខ្លួន។

នៅ​ក្នុង​លិខិត​នោះ​បន្ថែម​ថា៖ «ករណី​នេះ​វា​ជា​ទង្វើ​ផ្ទាល់​របស់​សាមី​ខ្លួន​អ្នក​បើកបរ​ដែល​បាន​ប្រព្រឹត​ខុស​ឆ្គង​ទៅ​នឹង​វិជ្ជាជីវៈ​សុខាភិបាល និង​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គភាព។ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី ពិត​ជា​មាន​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង»។

ក្នុង​សេចក្តី​បំភ្លឺ​នោះ​បញ្ជាក់​ថា ករណី​នេះ​មន្ទីរសុខាភិបាល​ខេត្ត​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព្វ​ផង​ដែរ ចំពោះ​ទង្វើ​មិន​សមរម្យ​របស់​អ្នក​បើកបរ​រថយន្ត​គិលាន​សង្គ្រោះ​ឈ្មោះ អ៊ន ប៊ុនឡេង នេះ។

លោក ម៉ង វិចិត្ត នាយក​ប្រតិបត្តិ​ស្តីទី​អង្គការ​សមាគម​ខ្មែរ​លើ​បាន​ថ្លែង​ថា ការ​ធ្វើ​បែប​នេះ​ជា​រឿង​មិន​គួរ​ឡើយ ​ទោះបី​មនុស្ស​ស្លាប់​ក្លាយ​ជា​សាកសព​ក៏​ដោយ ក៏​គាត់​នៅ​តែ​អាច​មាន​សិទ្ធិ​ថ្លៃថ្នូរ​ដដែល។ ទោះបី​ជា​មាន​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​រារាំង​មិន​ឱ្យ​អ្នក​ស្លាប់​តៃហោង ​ឬ​ស្លាប់​ដោយ​មាន​ផ្ទៃពោះ​ចូល​ភូមិ​យ៉ាង​ណា​ក៏​ដោយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ប្រហែល​ជា​តៃកុង​ឡាន​គាត់​យល់​ខុស​ពី​អត្ថន័យ​នៃ​ការ​ផាក​ហ្នឹង ​អ៊ីចឹង​ទើប​គាត់​ដាក់​សព​ចុះ​ត្រឹម​ពាក់​កណ្តាលផ្លូវ​អ៊ីចឹង​ទៅ។ នៅ​ទី​នេះ​ពិត​ជា​មាន​ប្រពៃណី​តាម​ភូមិ​មែន ប៉ុន្តែ​គេ​មិនមែន​ផាក​អ្នក​បើកបរ​ជូន​សព​ទៅ​នោះ​ទេ ​គឺ​គេ​ផាក​គ្រួសារ​សព អាហ្នឹង​បើ​តាម​ប្រពៃណី​ពួក​ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគតិច»៕