ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នក្នុងភូមិចំនួន ២ ក្នុងក្រុងសៀមរាប បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ក្នុងតំបន់នោះកាលពីសប្តាហ៍មុន។
សេចក្តីប្រកាសរបស់អាជ្ញាធរខេត្តនេះបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ភូមិគោកតាចាន់ និងភូមិខ្វៀនក្នុងសង្កាត់គោកចក ក្រុងសៀមរាបត្រូវបិទការចេញ-ចូលជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។
រដ្ឋបាលខេត្តនេះបានអះអាងថា៖ «ចំពោះការបិទការចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពេលស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូរស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ»។
រដ្ឋបាលខេត្តសៀមរាបក៏បានឲ្យដឹងដែរថា ការឈានទៅបិទភូមិនេះ ដោយសារក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ២០ កុម្ភៈ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១ នាក់កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឬ អ្នកដែលបានចូលទៅកាន់ផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល ឆាយ លាង កាលពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័ក្កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តនេះបញ្ជក់ថា៖ «ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ និង០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារបាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ»៕