កណ្តាលៈ សាលាដំបូង​ខេត្តកណ្ដាល​កាលពី​ចុង​សប្ដាហ៍​សម្រេច​ឃុំខ្លួន​មនុស្ស​ ១៣ ​នាក់​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត រឿង​ប្រកប​មុខរបរ​មិនមាន​ភាពសុចរិត បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១២ ​នាក់ ​នៅក្នុង​ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

លោក សូ សារិន អ្នក​នាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ​ ២០២១ ថា មនុស្ស​ទាំង​ ១៣ ​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពើ​មិន​សុចរិត​ទាក់ទង​ទៅនឹង​ទំនិញ​ ឬ​សេវា​ ឬ​ការអះអាង​ដោយ​បំភាន់​មាន​ស្ថាន​ទម្ងន់ទោស​។ មនុស្ស​ទាំង ១៣ នាក់​ជា​អ្នកលក់ និង​បិត​ស្រាស និង​ស្រា​ត្រាំ​ថ្នាំ​ក្នុង​ចំណោម​នោះ​មាន​ស្រី​ចំនួន ៧ នាក់​។

លោក សូ សារិន ថ្លែងថា​ជន​ប្រុស​ស្រី​ទាំង ១៣ នាក់​នេះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ឃុំខ្លួន​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​។ ចំពោះ​នីតិវិធី​បន្ត​មិនទាន់​ដឹង​នៅឡើយ​ទេ អាស្រ័យ​លើ​ចៅក្រម បញ្ជូន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា​ទៀត ឬ​យ៉ាងណា​។

លោក ហេង សុផល អធិការ​ស្រុក​ល្វាឯម​បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ផឹក​ស្រាស​ និង​ស្រា​ត្រាំ​ថ្នាំ​នៅក្នុង​ពិធី​បុណ្យសព​កាលពី​ថ្ងៃទី​ ១០ ​ខែឧសភា នៅ​ភូមិ​តាស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល មាន​មនុស្ស​ ១៩ ​នាក់​ ក្នុង​នោះ​ ១២ ​នាក់​ស្លាប់​ និង​ ៧ ​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ តាម មាត្រា​ ៤៣ ​នៃ​ស្ថាន​ទម្ងន់ទោស​នៃ​អំពើ​មិន​សុចរិត​អាច​នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ឆ្នាំទៅ​ ៥ ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ៤ លាន រៀល​ទៅ​ ១០ ​រៀល​។

យោងតាម​លទ្ធផល​វិភាគ​បាន​បង្ហាញថា សំណាក​ស្រា​មាន​សារធាតុ​មេតាណុល​ដែលជា​សារធាតុពុល​ច្រើន​ហួស​កម្រិត​អនុញ្ញាត​ពី ១០ ​ដង ទៅ​ ១០០ ​ដង ដែល​អាច​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់ ប្រសិន​បើ​បរិភោគ​ចាប់ពី ១០០ មិលី្លលីត្រ​ឡើងទៅ​៕