កំពតៈ សាលា​ដំបូង​​ខេត្តកំពត​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ បាន​សម្រេច​ឃុំខ្លួន ​អ្នក​ផលិត​ស្រា​ម្នាក់​ក្នុង​ចំណោម​គ្នា២នាក់ ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ក្រោយពី​ក្រសួង​សុខាភិបាល​ បាន​រកឃើញថា​ សំណាក​ស្រា ដែល​ពួក​គាត់​ផលិត​​មាន​សារ​ធាតុ​មេ​តា​ណុល​ខ្ពស់​ហួស​កម្រិត ដែល​នាំ​ឲ្យ​អ្នក​បរិភោគ​ពុល​ស្លាប់​​រហូត​ដល់​១០​នាក់​។

លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរ​បាល​ខេត្ត​កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ លោក គុយ សុខ អាយុ៤៨ឆ្នាំ និង អ្នកស្រី ជ័យ សុផល អាយុ​៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​របង​ក្រាស់ ឃុំ​កំពង់​ត្រាច​ខាង​កើត ស្រុក​កំពង់​ត្រាច ត្រូវបាន​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពត ឃាត់​ខ្លួន​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២១ ដើម្បី​សួរនាំ​ជុំវិញ​ករណី​អ្នកភូមិ១០នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ ក្រោយពី​អ្នក​ភូមិ​ទាំង​នោះ បាននាំគ្នា​បរិភោគ​ស្រា​ក្នុង​ពិធី​បុណ្យសព​របស់​លោក មុំ សាមុត កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ២០២១​ដែល​ស្រា​នោះ ត្រូវបាន​អ្នក​ភូមិ​អះ​អាងថា​ បាន​ទិញ​ពី​សិប្បកម្ម​ផលិត​ស្រា​របស់​ពួក​គាត់។

លោក ច័ន្ទ​មធុ​រិ​ទ្ធ បញ្ជាក់​ថា៖«មន្ត្រី​នគរបាល​ជំនាញ​យើង​ បានសម្រេច​កសាង​សំណុំរឿង និង បញ្ជូន​ពួកគាត់​ទាំង​២នាក់​ទៅកាន់​តុលាការ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ»។

ជុំវិញ​ករណី​នេះ លោក​ម៉ាន បូ​រេ​ត អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្តកំពត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី២៧ ខែ​ឧសភា​ថា ក្រោយពី​ធ្វើការ​សាកសួរ និង​ពិនិត្យ​ទៅលើ​របាយការណ៍ របស់​សមត្ថកិច្ច​ជំនាញ​បាន​ល្អិត​ល្អន់ តុលាការ​បានសម្រេច​ឃុំខ្លួន​បុរស​ជាប់​សង្ស័យ​ឈ្មោះ គុយ សុខ ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន។

ចំណែក​ស្ត្រី ឈ្មោះ ជ័យ សុផល ត្រូវ​បាន​ដោះលែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ដោយសារ​លទ្ធផល​នៃ​ការពិសោធ​ន៍លើ​សំណាក​ស្រា​របស់​គាត់ ដែល​សមត្ថកិច្ច​ជំនាញ​បាន​ភ្ជាប់​មកជា​មួយ​នោះ បាន​បញ្ជាក់ថា «ពុំមាន​សារធាតុ​មេ​តា​ណុល» ។

លោក បូ​រេ​ត​បាន​បញ្ជាក់​ថា៖«អ្នក​ផលិត​ស្រា ឈ្មោះ គុយ សុខ ត្រូវបាន​តុលាការ ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា ឬ​ការអះអាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់​ទោស តាម​ប​ញ្ញ​តិ​មាត្រា៤៣នៃ​ច្បាប់​ស្ដីពី​កិច្ចការ​ពារ​អ្នក​ប្រើ​ប្រាស់ និង បាន​បង្គាប់​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកំពត​ជា​បណ្ដោះអាសន្ន»។

យោង​តាម​ប​ញ្ញ​តិ​មាត្រា៤៣នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជនសង្ស័យ​ក្នុង​បទល្មើស​ខាងលើនេះ នឹងត្រូវ​ប្រឈម​ការផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី ២ឆ្នាំ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី៤​លាន​រៀល​ដល់១០លាន​រៀល។

ករណី​ពុល​ស្រា​ក្នុងស្រុក​កំពង់ត្រាច​ខេត្តកំពត បានកើត​ឡើង​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ដោយ​ផ្ដើមចេញពី​បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ មុំ សាមុត មាន​ទីលំនៅ​ភូមិ​ធ្នុង ឃុំ​ឫស្សីស្រុក​ខាងកើត​បាន​ស្លាប់ ក្រោយពី​គាត់​បាន​បរិភោគ​ស្រា។

បន្ទាប់មក​អ្នកភូមិ​ជាច្រើន​នាក់​ ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់គាត់ ហើយ​បាន​ទទួល​ទាន​ស្រា​បាន​ធ្លាក់ខ្លួន​ឈឺ​និង​ស្លាប់​ជា​បន្ត​បន្ទាប់ ដែល​គិត​ចាប់ពី​ថ្ងៃទី២៤ ខែឧសភា មាន​អ្នក​ឈឺ​សរុប​៥៦​នាក់ ក្នុង​នោះ​ស្លាប់​១០នាក់។ នេះ​បើ​យោង​សេចក្ដី​ជូន​ដំណឹងរ​បស់​ក្រសួង​សុខា​ភិបាល កាល​ពី​ល្ងាច​ថ្ងៃទី​២៥ ខែ​ឧសភា​ឆ្នាំ ២០២១។

បើ​តាម​ក្រសួងសុខាភិបាល​ ក្នុងចំណោម​សំណាក​ស្រា​​ចំនួន​១១​ ដែល​ប្រមូល​មក​ពី​ភូមិ​ឃុំ​កើត​ហេតុ​នៃ​ខេត្ត​កំពត មាន៦សំណាក​ មាន​សារធាតុ​មេ​តា​ណុល​លើ​ពី​កម្រិត ០,២ភាគរយ ដល់១១,៩ភាគរយ ដែល​ធ្វើ​ឲ្យ​ពុល ដែលជា​ទូទៅ​កម្រិត​សារធាតុ​មេ​តា​ណុល ​នៅក្នុង​ស្រា​គឺ​ត្រឹមតែ ០,១​ភាគរយ​ប៉ុណ្ណោះ ដែល​មិន​បង្ក​ឲ្យ​ពុល។

ក្រសួង​សុខាភិបាល​បាន​សន្និដ្ឋានថា៖«ករណី​ស្លាប់​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ និង​ករណី​ស្លាប់​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល គឺ​បណ្ដាលមកពី​អ្នក​ភូមិ​បាន​ពិសា​ស្រាស ឬ ស្រា​ត្រាំ​ថ្នាំ ដែលមាន​សារធាតុ​មេ​តា​ណុល​ខ្ពស់»។

ករណី​ពុល​ស្រា​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល បាន​កើត​ឡើង​ពីថ្ងៃ​ទី ៨-១៩ ខែឧសភា ឆ្នាំ ២០២១ ដោយ​មាន​ជនរង​គ្រោះ​សរុប​២៣​នាក់ ក្នុង​នោះ​១២​នាក់​បាន​ស្លាប់ និង​១១​នាក់​ធ្លាក់​ខ្លួន​ឈឺ។

ក្នុងករណីនេះ អ្នក​ផលិត​និង​អ្នក​លក់​ចែកចាយ​បន្ត​សរុប​ចំនួន​១៣​នាក់ ត្រូវបាន​តុលាការ​ខេត្តកណ្ដាល​ បានសម្រេច​ឃុំ​ខ្លួន​​ពួកគេ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ដោយ​ចោទប្រកាន់​ពីបទ«អំពើ​មិន​សុចរិត​ ទាក់​ទង​នឹង​ទំនិញ សេវា ឬ​ការអះ​អាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់​ទោស» តាម​ប​ញ្ញ​តិ​មាត្រា៤៣នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ផងដែរ។ នេះ​បើ​តាម​ លោក សូ សារិន​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល​។

លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ បាន​កត់​សម្គាល់​ឃើញថា ករណី​ពុល​ស្រាស​នេះ គឺជា​រឿងដដែលៗ ដែល​ធ្លាប់​កើត​មាន​ឡើង​នៅក្នុង​ខេត្តកំពង់ឆ្នាំង ក្រចេះ បាត់​ដំបង បន្ទាយ​មាន​ជ័យ កណ្ដាល ហើយ​ចុង​ក្រោយ​នេះ បាន​កើត​មាន​ឡើង​នៅក្នុង​ខេត្ត​​កំពត។

លោក បាន​ក្រើនរំឭក​សាជាថ្មី​ម្ដងទៀត ដល់​​ប្រជាពលរដ្ឋ សូម​​កុំ​ពិសា​ស្រាបិត​ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការត្រួតពិនិត្យ។ ចំពោះ​អ្នក​ប្រកប​អាជីវកម្ម ហាម​ដាច់ខាត កុំ​យក​សារធាតុ​មេ​តា​ណុល​ មក​លាយ​ធ្វើ​ស្រាស ដែល​បង្ក​ឱ្យ​ពុល​និង​ស្លាប់។

ចំណែក​អាជ្ញាធរ​ខេត្ត ស្រុក ក្រុង ខណ្ឌ​រដ្ឋបាល​ឃុំ/សង្កាត់ ត្រូវ​ចាត់​តាំង​កម្លាំង​គ្រប់​គ្រង ឃ្លាំមើល និងទប់ស្កាត់​ការលក់​ស្រា​បិត​ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ និង​ណែនាំ​ប្រជា​ពលរដ្ឋ​ឱ្យចៀសវាង យក​សារធាតុ មេ​តា​ណុល​លាយ​ធ្វើ​ស្រា ស ដែល​បង្ក​ឱ្យ​ពុល​និង​ស្លាប់៕