មណ្ឌលគិរីៈ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​ចោទប្រកាន់​មនុស្ស​ ៦ ​នាក់ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​រឿង​បោះជំរំ​ជាង​ ១០ ដើម្បី​កាប់ឆ្ការ​ទន្ទ្រាន​យក​ដីព្រៃ​កាបូន​ជា​ទីតាំង​ដែល​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Disney របស់​សហរដ្ឋអាមេរិក​។

ក្រោយ​ឃាត់​ខ្លួន​សាកសួរ​ជាច្រើន​ថ្ងៃ បុរស​ជា​ជន​ចំណាកស្រុក​ ៥ ​នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការដាក់​ស្លាក​សញ្ញា​ដើម្បី​ទន្ទ្រាន​យក​ដីព្រៃ​នៅ​ភូមិ​​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ជា​កន្លែង​ក្រុមហ៊ុន​ Disney ​អាមេរិក​ទិញ​យក​កាបូន​ក្នុង​តម្លៃ​ជាង​ ២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​​លោក​ ឌិន ប៊ុនធឿន នាយក​ដែន​ជម្រក​។

លោក ប៊ុនធឿន បាន​បញ្ជាក់​ថា​៖ «​ពួកគេ​បាន​នាំ​គ្នា​ទៅ​បោះតង់​ជំរំ​ច្រើន​ដែរ​គឺ​ ១០ ​នៅក្នុង​ព្រៃ ហើយ​ត្រូវ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​ដាក់​សញ្ញា​​សម្គាល់​ដើម្បី​កាប់​យក​ដី​ដែល​មាន​ចែង​ក្នុង​ច្បាប់​តំបន់​ការពារ​»​។

លោក​បាន​បន្ថែម​ថា​ពលរដ្ឋ​ទាំង​ ៦ ​នាក់​បាន​សារភាព​ថា​ពួកគេ​ចូល​ទៅ​បោះជំរំ​ដើម្បី​ទន្ទ្រាន​យក​ដី​នោះ​គឺ​ធ្វើ​ឡើង​ក្រោម​ការដឹកនាំ​របស់​បុគ្គល​ម្នាក់​​ឈ្មោះ ប៉ាង ឈួន ជា​ប្រធាន​អង្គការ​ជនពិការ និង​សង្គ្រោះ​ការពារ​កុមារកំព្រា ដែល​ស្ថិត​នៅ​ភូមិ​ពូចារ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា​។

លោក គង់ ពុទ្ធីរ៉ា មន្ត្រី​គម្រោង​ RED+ ​នៃ​ដែនជម្រក​សត្វព្រៃ​កែវសីមា​របស់​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹងថា ប្រជាសហគមន៍​ពូគង់ និង​មន្ត្រី​ឧទ្យានុរក្ស​បាន​ដើរល្បាត​ព្រៃ ហើយ​បាន​ប្រទះ​ឃើញ​តង់​ទាំង​នោះ​នៅក្នុង​ព្រៃ​ និង​បាន​ចាត់​វិធានការ​បង្ក្រាប​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​ទាំង​ ៦ ​នាក់​នោះ ដែល​​ពួកគេ​មកពី​ខេត្ត​ព្រៃវែង ក្រចេះ ត្បូងឃ្មុំ ជាដើម​។

តាម​ការរាយការណ៍​ប្រាប់​លោក​ថា​ពួកគេ​បាន​អះអាង​ថា​មាន​មេខ្យល់ និង​ប្រធាន​អង្គការ​ឈ្មោះ ប៉ាង ឈួន ជា​អ្នក​អូសទាញ​ពួកគេ​ឲ្យ​ទៅ​កាប់​ព្រៃ​ការពារ​ដែល​ស្ថិត​ក្នុង​គម្រោង RED+ ដែល​ក្រុមហ៊ុន​​ផលិតភាព​យន្ត​ដ៏ល្បីល្បាញ​អាមេរិក​ឈ្មោះ Disney បាន​ទិញ​យក​កាបូន​នៅ​ទី​នោះ​។

លោក​បញ្ជាក់​ថា​៖ «​អ្នក​ ៦ ​នាក់​ហ្នឹង​បាន​ឆ្លើយ​ថា​គេ​មក​តាម​ប្រធាន​អង្គការ​ជនពិការ និង​សង្គ្រោះ​កុមារកំព្រា​ឲ្យ​មក​កាប់​រាន​ព្រៃ​ដែល​រដ្ឋាភិបាល​លក់​កាបូន​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​។ គេ​ធ្វើ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ទេ​គឺ​តាមតែ​ខ្សែរយៈ​ការ​កេណ្ឌ​របស់​ប្រធាន​អង្គការ​»​។

លោក​បាន​បន្ត​ថា​ប្រធាន​អង្គការ​នេះ​បាន​ប្រើ​ឈ្មោះ​សង្គ្រោះ​កុមារកំព្រា​ដើម្បី​ជា​លេស​ក្នុង​សកម្មភាព​នេះ​ដែល​ជា​ទង្វើ​មួយ​មិន​គប្បី​។ លោក​ថា ពួកគេ​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​​ជាច្រើន​សប្តាហ៍​មក​ហើយ ដោយ​នាំ​គ្នា​បោះជំរំតង់ កាប់ឆ្ការ​ព្រៃ​ចូល​វាស់វែង​ដី​ដើម្បី​ចែកគ្នា និង​បាន​ចាប់ផ្តើម​កាប់ឆ្ការ​ព្រៃ​បាន​ខ្លះ​ហើយ​។ បើ​គ្មាន​ការទប់ស្កាត់​ទេ ពេល​កាប់​ហើយ ពួកគេ​អាច​នឹង​លក់​ដី​នោះ​។

លោក ពុទ្ធីរ៉ា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​តាម​សេចក្តី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​ពលរដ្ឋ​ប្រមាណ​ជា​ ៨០០ ​នាក់​ត្រូវ​បាន​កេណ្ឌ​យក​មក​កាប់​ព្រៃ​នេះ​តាម​ប្រធាន​អង្គការ​នេះ​។ ប៉ុន្តែ​តាម​ការបំភ្លឺ​របស់​ប្រធាន​អង្គការ​នេះ​ថា មាន​តែ​ ១០០ ​នាក់​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជាសកម្មភាព​មួយ​ធ្វើ​ដោយ​ចិត្ត​ឯង​មក​បំផ្លាញ​ព្រៃ​។ អាច​កាប់​ហើយ​វា​លក់ដូរ​គ្មាន​ច្បាប់​ទម្លាប់​។ យើង​កំពុង​ស្រាវជ្រាវ​ទៀត ព្រោះ​ថា​មាន​មនុស្ស​ច្រើន​ណាស់​ត្រូវ​បាន​កេណ្ឌ​ទៅ​កាប់​ទីនោះ​...៨០០ ​នាក់​គឺ​ខ្ទេចខ្ទី​គ្មាន​សល់​ទេ បើ​គ្រប់គ្រង​មិន​បាន​ល្អ​»​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​​កាលពី​ម្សិលមិញ​ថា​លោក​មិន​ទាន់​បាន​ដឹង​ពី​ការបញ្ជូន​អ្នក​កាប់​ព្រៃ​ទាំង​ ៦ ​នាក់​ទៅ​ចៅក្រម​ស៊ើបសួរ​ទេ ដោយសារ​ជាប់​រវល់​ប្រជុំ​នៅ​ភ្នំពេញ​។

ទោះ​យ៉ាង​ណា​នាយក​ដែនជម្រក​លោក ឌិន ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា​ចៅក្រម​ម្នាក់​បាន​សម្រេច​ដោះលែង​​ពលរដ្ឋ​ទាំង​ ៦ ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​។ ​ក៏ប៉ុន្តែ​នៅតែ​ស្ថិត​ក្រោម​ការ​តាមដាន​តាម​នីតិវិធី​ដើម្បី​ចាប់​មេខ្លោង​នៃ​បទល្មើស​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគាត់​ត្រូវ​​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ​ពួកគាត់​ក៏​ជា​ជនរងគ្រោះ​ដែរ ដោយសារ​មក​តាម​គេ​តាម​ឯង​ថា​បាន​ដី​បាន​អីហ្នឹង​»​។ លោក​បាន​បន្ថែម​ថា លោក​នឹង​ធ្វើ​របាយការណ៍​ជូន​ព្រះរាជអាជ្ញា​ដើម្បី​បន្ត​ការស៊ើបអង្កេត និង​កោះហៅ​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​លោក ប៉ាង ឈួន ដែល​រង​ការចោទប្រកាន់​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕