បាត់ដំបងៈ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​នេះ បាន​សាកសួរ​បុរស​ជា​មេខ្យល់​ម្នាក់ រឿង​គម្រោង​នាំ​ពលរដ្ឋ​ខ្មែរ៦នាក់ ចេញទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ព្រំដែន ក្នុង​តំបន់ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

លោក ផាន់ រតនា អ្នកនាំពាក្យ​សាលាដំបូង​ខេត្តបាត់ដំបង មិនអាច​ទាក់ទង​​​ ដើម្បី​សុំ​ការបញ្ជាក់​ពី​ចំណាត់ការ​របស់​តុលាការ​​បាន​ទេនៅ​ថ្ងៃទី១៩ឧសភានេះ។

ទោះជា​យ៉ាងណាក៏ដោយ លោក​ប៊​ន វណ្ណា​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី១៩ឧសភា​ថា ជនសង្ស័យ​ឈ្មោះ អ៊ុ​ល ផេ​ន ភេទប្រុស​អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

លោក វណ្ណា ថ្លែងថា៖«តុលាការ​កំពុង​សាកសួរ​បុរស​មេខ្យល់​នោះ​ហើយ ព្រោះ​គាត់​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស។ នៅក្នុង​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ ​គឺ​ខ្ញុំ​ចោទ​បឋម​ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា១១នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ។ បើ​យោងតាម​បញ្ញត្ត​មាត្រា១១នៃ​ច្បាប់​នេះ​ អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី៧ទៅ១៥ឆ្នាំ»។

លោក វណ្ណា ថ្លែងថា លោក សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ តែងតែ​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

ជាក់ស្តែង​កាលពី​ថ្ងៃទី១៨​ខែ​ឧសភា កម្លាំងចម្រុះ​សឹក​រង​ស្រុក​សំពៅ​លូន ឈរជើង​ការពារ​តាមខ្សែបន្ទាត់​ព្រំដែន​ក្នុងស្រុក​សំពៅ​លូន ដូចជា​វរ​សេនា​តូច​លេខ៨១៧និង៥៣៣និង​កម្លាំង​មូលដ្ឋាន បានធ្វើការ​ឃាត់ខ្លួន​បាន​មេខ្យល់​​ម្នាក់​និង​ពលករ​ជា​មនុស្សពេញវ័យ ស្រី២នាក់​និង​ប្រុស​ម្នាក់ រួមកូនៗរបស់​ពួកគេ​ មាន​ក្មេងប្រុស២នាក់​ និង​ក្មេងស្រី​ម្នាក់ អំឡុង​ពេលដែល​ពួកគេ​ បម្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ តាម​ច្រករបៀង​ជាប់​ភូមិសាស្ត្រ​ចំណុច​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន។

លោក​បន្ថែមថា​ ក្រោយ​ឃាត់ខ្លួន ​សមត្ថកិច្ច​បាន​នាំ​ក្រុម​ជនរងគ្រោះ​ទៅ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​និង​នាំយកទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ចំណែក​បុរស​ជា​មេខ្យល់​ឈ្មោះ អ៊ុ​ល ផេ​ន បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។

ដោយឡែក​កាលពី​ល្ងាច​ថ្ងៃទី១៧ឧសភា នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ​ខេត្តបន្ទាយមានជ័យ​ សម​ត្ថ​កិច្ច​ចម្រុះ​ប្រចាំការ​នៅ​ស្រុក​អូរជ្រៅ​ បាន​ឃាត់ខ្លួន​ពលករ​ប្រុស​ស្រី​ចំនួន២៦នាក់​ បម្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ ក្នុងនោះ​មាន​មនុស្ស​ស្រី​ចំនួន​១៣នាក់។

លោក​ម៉ាន់ ធី អធិការរង​នគរបាល​ស្រុក​អូរជ្រៅ​ បានឱ្យដឹង​នៅ​ថ្ងៃទី១៩ឧសភា​ថា ពលករ​ប្រុស​ស្រី​ទាំង២៦នាក់​នោះ ​គ្មាន​មេខ្យល់​ណា​ជា​អ្នក​នាំ​ផ្លូវ​នោះទេ​ គឺ​ពួកគាត់​ប្រមូល​ផ្តុំគ្នា​បម្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខ្លួនឯង​ទ។

ប៉ុន្តែ​ដោយសារ​មាន​បុរស​ម្នាក់​ជា​អ្នក​ឃ្វាលគោ​ឃើញ​ពួកគេ​ កំពុង​អង្គុយ​ប្រមូល​ផ្តុំគ្នា​លាក់ខ្លួន​ក្បែរ​គុ​ម្ពឫស្សី​ស្ថិត​ក្បែរ​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ ហើយ​​ពលរដ្ឋ​​រូប​នោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង។

លោក​បន្ថែមថា​ពលករ​ប្រុស​ស្រី​ទាំង២៦នាក់ ពួកគេ​មកពី​ខេត្តកំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តតាកែវ​ ដែល​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅតាម​ខេត្តរៀងៗខ្លួន​​វិញ​អស់​ហើយ​ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក៕