ភ្នំពេញៈ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ មឿង ស្រីទូច និងបក្ខពួក២នាក់ពាក់ព័ន្ធ នឹងករណីប៉ងធ្វើឃាតកម្មមន្ត្រី កងរាជអាវុធហត្ថខេត្តព្រះសីហនុម្នាក់ កាលពីថ្ងៃទី ៩ ខែមិថុនាថ្មីៗនេះ។ នេះបើតាមលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ២៨ ខែមិថុនានេះ។
ខណៈចុះបំពេញការងារនៅតំបន់ពយម៉ាចូវស្ថិតក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ជាទីទាក់ទងនឹងវិវាទដីធ្លីដែលមានហិង្សា កាលពីថ្ងៃទី៩ខែមិថុនា លោកអនុសេនីយ៍ឯក ញ៉ា ពិសិទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរងរបួសធ្ងន់ បន្ទាប់ពីលោកបានព្យាយាមលោតចេញពីរថយន្តស្រ្តីម្នាក់ ឈ្មោះ មឿង ស្រីទូច និងបក្ខពួកដែលបានចាប់បង្ខាំងរូបលោកក្នុងរថយន្ត មិនឲ្យទាក់ទងជាមួយក្រុមការងារនិងក្រុមគ្រួសារហើយបានបើកចេញយ៉ាងលឿនចេញពីកន្លែងកើតហេតុសំដៅរាជធានីភ្នំពេញ។
លោកស្រី សូរស្មី បានថ្លែងថា៖ «បទល្មើសខាងលើនេះជាករណីជាក់ស្តែង ហើយ ក្រុមជនសង្ស័យត្រូវបានតំណាងអយ្យការនិងចៅក្រមសាកសួរនៃសាលាដំបូងខេត្ត ព្រះសីហនុ យើងសម្រេចចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតនិងបានចេញដីកាបង្គាប់បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធនាំខ្លួនស្ត្រីឈ្មោះ មឿង ស្រីទូចនិងបក្ខពួកមកតុលាការដើម្បីដោះស្រាយសំណុំរឿងខាងលើនេះទៅតាមនីតិវិធីច្បាប់»។
ប៉ុន្តែ លោកស្រី មិនបានបញ្ជាក់ពីថ្ងៃចេញដីកានោះទេ។
លោកស្រីបានថ្លែងថា រហូតមកទល់ពេលនេះ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកគ្នា៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានមួយថ្ងៃក្រោយអំពើប៉ុនប៉ងឃាតកម្មនោះត្រូវបានតុលាការខេត្តព្រះសីហនុបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្នដើម្បីរង់ចាំការជំនុំជម្រះជាក្រោយ។
គិតរហូតមកទល់ពេលនេះ មានរយៈពេល ២០ ថ្ងៃមកហើយ ប៉ុន្តែ កម្លាំងសមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនស្ត្រីសង្ស័យ និង បក្ខពួកផ្សេងទៀតបាននៅឡើយទេ ខណៈជនរងគ្រោះជាច្រើននិងមន្ត្រីកងរាជអាវុធហត្ថម្នាក់ផងកំពុងរង់ចាំយុត្តិធម៌ ។
ជុំវិញករណីនេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ពេលនេះសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវដើម្បីឈានទៅរកការឃាត់ខ្លួនស្ត្រីសង្ស័យនិងបក្ខពួកឲ្យខានតែបានដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកបានបញ្ជាក់ថា៖«បច្ចុប្បន្នសមត្ថកិច្ចយើងបានទទួលដីកាបញ្ជាឲ្យនាំខ្លួនក្រុមជនសង្ស័យពីតុលាកា[ខេត្តព្រះសីហនុ]ហើយ។ ព្រមជាមួយគ្នានេះ សមត្ថកិច្ចយើងកំពុងបន្តអនុវត្តនីតិវិធីលើករណីនេះផងដែរ»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ស្ត្រីសង្ស័យឈ្មោះ មឿង ស្រីទូច និងបក្ខពួក ក៏ធ្លាប់ត្រូវបានលោក កែ ផា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រះសីហនុផងដែរដោយចោទប្រកាន់ពីបទ«ទន្ទ្រានហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើរបស់រដ្ឋខុសច្បាប់នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់» ។
ក្នុងបណ្តឹងនោះ លោក កែ ផា បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ ២០១៥-២០១៦ កើតមានចលនាទិញ-លក់ដីក្នុងដែនគម្របព្រៃឈើក្នុងភូមិសាស្រ្តខាងលើយ៉ាងផុសផុល។ ស្របពេលជាមួយគ្នានេះស្រាប់តែមានវត្តមានរបស់ស្ត្រីឈ្មោះ មឿង ស្រីទូច បានធ្វើសកម្មភាពហ៊ុមព័ទ្ធកាន់កាប់ដីព្រៃឈើក្នុងតំបន់នោះជាចំហនិងបានធ្វើឲ្យកាន់តែស្មុគស្មាញថែមទៀត។
មិនតែប៉ុណ្ណោះស្ត្រីរូបនេះបានយកឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តមកប្រើជាមធ្យោបាយដើម្បីគំរាមកំហែងពលរដ្ឋស្លូតត្រង់រំលោភយកដីធ្លីពីពួកគាត់។
បច្ចុប្បន្នសំណុំរឿងពាក់ព័ន្ធការរំលោភបំពានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋនៅពយម៉ាចូវនេះនៅមិនទាន់មានចំណាត់ការនៅឡើយទេ៕