សៀមរាប៖ សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​ឈ្មោះ អ៊ឹង ថៃលី ភេទ​ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដាក់ ពន្ធនាគារ​ខេត្តសៀមរាប​ពី​បទ​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក។

យោងតាម​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ ៣១២ ឃខ/ដ ​ចុះ​ហត្ថលេខា​ដោយ​លោក ស៊ិន សង្ហា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ៧ ខែឧសភា បាន​បង្គាប់​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ​ខាងលើ ទៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់ រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ។

បើតាម​ដីកា​បង្គាប់ ជននេះ​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​​នៅក្រោម​ការពិនិត្យ​ពី​បទ​គេចវះ​ពី​ការធ្វើ​ ចត្តាឡីស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក ប្រព្រឹត្ត​នៅ​ភូមិ​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប។

យោងតាម​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រង់​មាត្រា ៧ ចែងថា បទ​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ឬ​គេច​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ​ទៅ ៣ ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល​ទៅ ១០ លាន​រៀល៕