
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយវត្ថុតាងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ ប៉ូលីស
ខេត្តស្ទឹងត្រែងៈ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កំពុងសាកសួរជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែនចូលពីឡាវមកកម្ពុជា។ សំណុំរឿងនេះមិនទាន់បានបញ្ជូនទៅដល់ដៃចៅក្រមស៊ើបសួរនៅឡើយទេនៅរសៀលថ្ងៃ ៣០ ខែវិច្ឆិកា។
លោក គីម ហុងសាន អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងថា តុលាការនៅមិនទាន់អាចសម្រេចចំពោះជនសង្ស័យថាយ៉ាងណាបាននៅឡើយទេ ព្រោះសំណុំរឿងកំពុងស្ថិតនៅក្នុងការសាកសួរនៅដំណាក់កាលអយ្យការអមសាលាដំបូងខេត្តនៅឡើយ។
លោក គីម ហុងសាន បញ្ជាក់ថាមុនការផ្តន្ទាទោសចំពោះជនសង្ស័យនេះត្រូវបញ្ជូនគ្រឿងញៀនដែលជាវត្ថុតាងឱ្យមន្ទីរពិសោធន៍គ្រឿងញៀនបញ្ជាក់ចំនួនភាគរយឱ្យដឹងច្បាស់សិន។
លោក គីម ហុងសាន ថ្លែងថា៖ «មុនធ្វើការផ្តន្ទាទោសជនសង្ស័យរូបនេះត្រូវការធ្វើការផ្ដល់សំណាកខ្លះបញ្ជូនមកមន្ទីរពិសោធន៍គ្រឿងញៀនដើម្បីបញ្ជាក់ពីភាពសុទ្ធមានចំនួនប៉ុន្មានភាគរយជាមុនសិនទើបដឹងបានពីកម្រិតទោសរបស់ជនសង្ស័យនោះមានកម្រិតទោសយ៉ាងណា»។
លោក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែងបានឱ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខេត្តបញ្ជូនខ្លួនរួមទាំងវត្ថុតាងថ្នាំញៀនទៅកាន់អយ្យការសាលាដំបូងកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា។ ជនសង្ស័យមានឈ្មោះ ធីង សីហា ភេទប្រុស ឣាយុ ២០ ឆ្នាំជាជនជាតិខ្មែររស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ។ វត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០ ដុំ ស្មើ ២០០០០ គ្រាប់ស្មើទម្ងន់ ២០៣២, ២ ក្រាម។
ជននោះត្រូវសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងអធិការនគរបាលស្រុកស្រុកបុរីឣូរស្វាយសែនជ័យ ឃាត់ខ្លួនបាននៅវេលាម៉ោង ៤ រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
លោក ផៃ រស្មី បញ្ជាក់ថាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងនៅតែបន្តស៊ើបអង្កេតទៀតក្នុងការស្វែងរកមុខសញ្ញាផ្សេងៗទៀត ដើម្បីឃាត់ខ្លួន។
លោក រស្មី ថ្លែងថា៖ «វាជាការស៊ើបអង្កេតបន្តទៀត យើងមិនអាចទម្លាយបានទេពេលនេះ ព្រោះមានបុគ្គលពាក់ព័ន្ធមួយចំនួនផ្សេងទៀតយើងកំពុងស្រាវជ្រាវរកមុខសញ្ញា»៕