The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​ចោទប្រកាន់​មនុស្ស​ ៤ ​នាក់ រឿង​ជួញដូរ​គ្រឿងញៀន




សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​ចោទប្រកាន់​មនុស្ស​ ៤ ​នាក់ រឿង​ជួញដូរ​គ្រឿងញៀន

Content image - Phnom Penh Post
​ជនសង្ស័យ​ទាំង​ ៤ ​នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀននៅ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង។ រូបថត ប៉ូលិស

សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​ចោទប្រកាន់​មនុស្ស​ ៤ ​នាក់ រឿង​ជួញដូរ​គ្រឿងញៀន

ឧត្តរមានជ័យៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ចោទប្រកាន់​មនុស្ស​ ៤ ​នាក់​ កាលពី​ម្សិលមិញ រឿង​គ្រឿងញៀន ក្រោយពី​ចាប់ខ្លួន​បាន​នៅ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។

លោក ហង់ ហ្រ៊ីដា អ្នក​នាំពាក្យ​តុលាការខេត្ត​ឧត្តរមានជ័យ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ​ឧសភា​ថា បុរស​ជា​ជនសង្ស័យ​ទាំង​ ៤ ​នាក់ ​មាន​អាយុ​ចាប់​ ២៩ ​ដល់​ ៣៧ ​ឆ្នាំ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៤ ​នាក់​នេះ មាន​ម្នាក់​ត្រូវបាន​ចោទប្រកាន់​បន្ថែម​រឿង​ប៉ុនប៉ង​មនុស្សឃាត​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​មនុស្ស​ ៣ ​នាក់​ត្រូវ​ចោទ​បទជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។

ចំណែក​ជន​ម្នាក់​ត្រូវ​ចោទ​បទជួញដូរ​គ្រឿងញៀន និង​បទ​ប៉ុនប៉ង​មនុស្សឃាត​មាន​ស្ថាន​ទម្ងន់ទោស​»​។

លោក ថោង សាមិ ស្នងការរង​ទទួល​ការងារ​ផែន​គ្រឿងញៀន​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែឧសភា​ផងដែរ​ថា កាលពី​ថ្ងៃទី​ ២៣ ​ឧសភា​ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ស្ថិតនៅ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង​។

ពេលនោះ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បាន​ ៣ ​នាក់ និង ​រឹបអូស​បាន​វត្ថុតាង​មាន​ថ្នាំញៀន​មេតំហ្វេតាមីន​ ៨ ​កញ្ចប់​តូច រថយន្ត​ ១ ​គ្រឿង កាំបិត​ ៣ ​ដើម រួម​នឹង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀត​។

លោក សាមិ បានឱ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ទៀត​មាន​ដីកា​តាម​ចាប់ខ្លួន​ផងដែរ​ពី​តុលាការខេត្ត​ឧត្តរមានជ័យ​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​វែង​ប្រភេទ​ AK-៤៧ បាញ់​ទៅលើ​សមត្ថកិច្ច​បណ្ដាល​ឱ្យ​របួសធ្ងន់​ហើយ​បានគេច​ខ្លួន​៕

អត្ថបទគួរចាប់អារម្មណ៍