ភ្នំពេញៈ ស្ត្រីជន​ជាប់ចោទ​ម្នាក់​ និង​បុរស​ជនជាប់ចោទ​ ១២ ​នាក់​ ត្រូវបាន​នាំខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​បន្ត​ការជំនុំជម្រះ​លើ​សំណុំរឿង​ប៉ុនប៉ង​លួច​ប្រមូល​កម្លាំង​ប្រដាប់​អាវុធ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​,​ខេត្តកំពត​ និង​ខេត្តពោធិ៍សាត់​កាលពី​ឆ្នាំ​ ២០១៨​។

នៅក្នុង​បន្ទប់​សវនាការ​ជំនុំជម្រះ​មាន​សមាសភាព ចៅក្រម​ ៣ ​រូប​ដែល​មាន​លោកស្រី​ចៅក្រម ស៊ លីនណា និង មាន លោកស្រី កែវ សុគន្ធា ជា តំណាង​អយ្យការ​រីឯ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ចំនួន​ ៨ ​រូប និង​មាន​វត្តមាន​ជនជាប់ចោទ​ទាំង​ ១៣ ​នាក់​ផង​។ ជនជាប់ចោទ​ឈ្មោះ ហុង គឹមអេង អាយុ ៥៤ ​ឆ្នាំ​បាន​ឆ្លើយ​ប្រាប់​ទៅ​ចៅក្រម​នៅក្នុង​អង្គជំនុំជម្រះ​ថា​៖ «​ខ្ញុំ​ជា​អ្នក​ធ្វើ​ចម្ការ​រស់នៅ​ខេត្ត​ប៉ៃលិន ហើយ​ខ្ញុំ​ទៅ​ប្រទេស​ថៃ​តាមរយៈ​បុរស​ម្នាក់​ឈ្មោះ​ សំ តាំង ដែល​បុរស​ម្នាក់​នេះ​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ទៅ​ស្គាល់​បុរស​ខ្មែរ​ម្នាក់​ទៀត​នៅ​ប្រទេស​ថៃ​ឈ្មោះ​អាចារ្យឯក​»​។

លោក ហុង គឹមអេង និយាយ​ថា​បំណង​របស់​គាត់​ដែល​ទៅ​ប្រទេស​ថៃ​នោះ​ដើម្បី​ខ្ចីលុយ​ព្រោះ​ឈ្មោះ សំ តាំង ​ប្រាប់​គាត់​ថា បុរស​ឈ្មោះ អាចារ្យឯក ​នោះ​ជា​អ្នក​មាន​លុយ​ច្រើន​ហើយ​អាច​ឲ្យ​គាត់​ (​ហុង គឹមអេង​) ខ្ចីលុយ​បាន​។ ពេល​គាត់​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ឆ្នាំ​ ២០១៨ ហើយ​លោក អាចារ្យឯក រូប​នោះបាន​បំបែក​ឲ្យ​គាត់​នៅ​ឆ្ងាយ​ពី​លោក​ សំ តាំង​។ គាត់​បាន​ទៅ​ជួប​បុរស​ឈ្មោះ​ អាចារ្យឯក លើក​ទី​ ៣ ​ដែល​បុរស​នោះ​សន្យា​ជាមួយ​គាត់​ថា​គេ​នឹង​ឲ្យ​លុយ​គាត់​ខ្ចី ប៉ុន្តែ​ពេល​ទៅ​ដល់​បុរស​ឈ្មោះ​ អាចារ្យឯក ​នោះ​បាន​និយាយ​ណែនាំ​ឲ្យ​គាត់​ដើរ​ប្រមូល​មនុស្ស បង្កើត​ជា​កម្លាំង​ប្រដាប់អាវុធ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ទៅ​វិញ​។

លោក ហុង គឹមអេង និយាយ​ប្រាប់​ចៅក្រម​ថា តាមពិត​ទៅ​គាត់​ទៅ​ជួប​បុរស​ឈ្មោះ​ អាចារ្យឯក ​នោះ​បំណង​ទៅ​ខ្ចីលុយ​ទេ ប៉ុន្តែ​ពេល​គាត់​ទៅ​ជួប​ទាំង​ ៣ ​លើក​គឺ​ឈ្មោះ​ អាចារ្យឯក ​រូបនោះ​មិនបាន​និយាយ​រឿង​លុយកាក់​ទេ តែ​បែរជា​និយាយ​ពី​រឿង​នយោបាយ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​។ ប៉ុន្តែ​គាត់​បដិសេធ​រហូត​នឹង​ការណែនាំ​របស់​បុរស​នោះ​។ គាត់​រស់នៅ​ក្រុង​ប៉ៃលិន ក្រៅពី​ធ្វើ​ចម្ការ​គឺ​គាត់​ជា​អនុប្រធាន​សមាគម​មួយ​ឈ្មោះ​ថា សមាគម​បៃតង ដែល​សមាគម​នេះ​ធ្វើ​ការងារ​ផ្តោត​ទៅ​លើ​ការដាំ​កូនឈើ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។ បន្ទាប់ពី​ខ្ចីលុយ​ឈ្មោះ​ អាចារ្យឯក ​មិន​បាន​គាត់​បាន​ស្គាល់​ព្រះសង្ឃ​ ១ ​អង្គ​ព្រះនាម វន សាវ៉ាន់ ហើយ​ខ្ចីលុយ​ព្រះសង្ឃ​អង្គ​នោះ​បាន​ ៥ ​ពាន់​ដុល្លារ​ដើម្បី​ធ្វើ​ចម្ការ តែ​ក្រោយ​មក​លោក​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដែរ​។

លោក គឹមអេង ​ថា​៖ «​ពេល​ឈ្មោះ​ អាចារ្យឯក ប្រាប់​ខ្ញុំ​ឲ្យ​ប្រមូល​កម្លាំង​សម្ងាត់​នោះ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​មក​ខ្ចីលុយ​លោក តែ​ខ្ញុំ​មិន​ធ្វើតាម​លោក​ប្រាប់​ទេ​»​។

ចំពោះ​ជនជាប់ចោទ​ឈ្មោះ​ វន សាវ៉ាន់ និយាយប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ដែរ​ថា គាត់​ពិត​ជា​បាន​ឲ្យ​លុយ​ទៅ​លោក​ ហុង គឹមអេង ខ្ចី​ ៥ ​ពាន់​ដុល្លារ​ពិតមែន​តែ​គាត់​មិនដឹងថា លោក​ ហុង គឹមអេង ខ្ចីលុយ​យក​ទៅ​ធ្វើ​អ្វី​ទេ​។

វន សាវ៉ាន់ ​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ទាក់ទង​លោក​ ហុង គឹមអេង​ដើម្បី​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រដ្ឋាភិបាល តែ​ខ្ញុំ​គ្មាន​តួនាទី​អី​ក្នុង​ក្រុម​នោះទេ​»​។

ជនជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ រស់ សាម៉ុន បាន​ថ្លែង​ទៅកាន់​អង្គជំនុំជម្រះ​ថា​៖ «​ខ្ញុំ​ស្គាល់ឈ្មោះ​ ហុង គឹមអេង តាមរយៈ​បុរស​ឈ្មោះ​ អាចារ្យឯក ​នៅ​ប្រទេស​ថៃ ហើយ​បុរស​នោះ​ប្រាប់​ខ្ញុំ​ថា ឈ្មោះ​ ហុង គឹមអេង ​ដែល​រស់នៅ​ខេត្ត​ប៉ៃលិន​ជា​អ្នករៀបចំ​អាវុធ​បាន​ ១០០ ​ដើម និង​ប្រមូល​មនុស្ស​បាន​ ១ ​ពាន់​នាក់​ហើយ​»​។

ចំណែកឯ​ឈ្មោះ​ សំ តាំង បាន​ប្រាប់​ចៅក្រម​ពី​ម្សិលមិញ​ដែរ​ថា គាត់​បាន​ស្គាល់​អតីត​សង្ឃ​ឈ្មោះ​ វន សាវ៉ាន់ ​ជា​យូរ​មកហើយ ហើយ​បាន​ណែនាំ​ឲ្យ​លោក​ ហុង គឹមអេង ​ស្គាល់​ព្រះសង្ឃ​នោះ​ក្នុង​ការធ្វើ​បុណ្យទាន និង​ណែនាំ​ឲ្យ​ខ្ចីលុយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គាត់​បាន​ទៅ​ជួប​លោក​ អាចារ្យឯក ​នោះ​ដែរ​នៅ​ប្រទេស​ថៃ​។

ដោយសារ​តែ​ការសួរ​ដេញដោល​ពី​​សំណាក់​ចៅក្រម​ទៅ​ជនជាប់ចោទ​មិនទាន់​អស់​គ្នា​នោះ ចៅក្រម​បាន​លើក​ទៅ​បន្ត​សវនាការ​នៅ​ខែ​មីនា​ខាងមុខ​ទៀត​។ ជនជាប់ចោទ​ ១៣ ​នាក់​នេះ​ត្រូវ​បាន​នគរបាល​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០១៨ នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត​,​ ពោធិ៍សាត់ និង​ខេត្តកំពង់ចាម និងឆែកឆេរ​ឃើញ​កាំភ្លើង​អាកា​ចំនួន ២៥ ​ដើម​រួម​សម្ភារ​មួយចំនួនទៀត​។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ជន​ទាំង​ ១៣ ​នាក់ ​ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​បទ​ធ្វើ​សន្និធិ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​មាត្រា​ ៤៨៥ មាត្រា ៤៨៦ និង​មាត្រា​ ៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​៕