ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានបើកសវនាការលើសំណុំរឿងចំនួន ២ ប្រឆាំងនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ហើយ បច្ចុប្បន្នជាប្រធានស្តីទីនៃគណបក្សនេះដោយចោទពីបទញុះញង់យោធិន និងប្រមាថព្រះមហាក្សត្រ ហើយសាលក្រមនៃសំណុំរឿងទាំងនេះត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់មិនឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងទ័ព» ធ្វើឲ្យ «ខូចទឹកចិត្តយោធិនយ៉ាងធ្ងន់ធ្ងរ» ចំពោះអត្ថាធិប្បាយរបស់លោកនៅលើហ្វេសប៊ុកដែលបានបង្ហោះកាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៧។
ការបង្ហោះនៅលើហ្វេសប៊ុករបស់លោកបានសរសេរថា៖ «សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ ទាហាននិងប៉ូលិស សូមកុំស្តាប់តាមបញ្ជារបស់មេដឹកនាំផ្តាច់ការ ប្រសិនបើគាត់បញ្ជាឲ្យបាញ់ ឬសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់»។
លោកក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ «ប្រមាថព្រះមហាក្សត្រ» ចំពោះការបង្ហោះនៅលើហ្វេសប៊ុកកាលពីខែមិថុនា ឆ្នាំមុន ដោយបានចាត់ទុកព្រះរាជសារមួយចេញដោយព្រះមហាក្សត្រដែលអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុនថា ក្លែងក្លាយនិងធ្វើឡើងក្រោមការបង្ខិតបង្ខំ។
លោក វង្ស ភក្តី មេធាវីតំណាងឲ្យកងយោធពលខេមរភូមិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លោក សម រង្ស៊ី បានបង្កាច់បង្ខូចឈ្មោះថ្នាក់ដឹកនាំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ និងបង្ខូចឈ្មោះថ្នាក់ដឹកនាំកងទ័ព។
គាត់បានញុះញង់កងទ័ពឲ្យប្រឆាំងនឹងរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងទ័ព។ លោកបានថ្លែងថា លោក សម រង្ស៊ី បានធ្វើឲ្យខូចដល់ទឹកចិត្តកងទ័ព ហើយអ្វីទាំងអស់នេះ ប៉ះពាល់ដល់សន្តិសុខជាតិ។
លោកបានថ្លែងថា សកម្មភាពរបស់លោក សម រង្ស៊ី មិនបានឈប់នោះទេ ប៉ុន្តែគាត់បានបន្តធ្វើសកម្មភាពដដែលៗ លើហ្វេសប៊ុករបស់គាត់បន្ទាប់ពីគាត់ត្រូវបានប្តឹងដោយកងយោធ ពលខេមរភូមិន្ទ។ លោកបានថ្លែងថា មេធាវីរបស់គាត់គឺលោក សំ សុគង់ បានធ្វើការថតចម្លងឯកសារទឡ្ហីករណ៍របស់ខ្ញុំ ប៉ុន្តែពួកគេមិនបានដាក់ឯកសារការពារណាមួយមកតុលាការទេ។
លោក ភក្តី បានថ្លែងថា៖ «នេះមានន័យថា ជាការទទួលស្គាល់ថា គាត់ពិតជាបានប្រព្រឹត្តដូចអ្វីដែលគាត់ត្រូវបានចោទប្រកាន់»។
លោកបន្តថា៖ «ខ្ញុំសូមស្នើចៅក្រមដាក់ទោសធ្ងន់ធ្ងរលើលោក សម រង្ស៊ី ឲ្យដល់កម្រិតអតិបរមា»។
លោក សំ សុគង់ មេធាវីការពារក្តីរបស់លោក សម រង្ស៊ី បានថ្លែងថា លោកស្នើសុំចៅក្រមទម្លាក់បទចោទប្រកាន់ដែលប្តឹងដោយកងយោធពលខេមរភូមិន្ទ។
លោកបានថ្លែងថា៖ «ភ័ស្តុតាងដែលដាក់ទៅតុលាការមិនអាចទទួលយកបាន ដោយសារយើងសង្ស័យថា វាត្រូវបានកែ។ ទី២ ខ្លឹមសារនៅក្នុងវីដេអូឃ្លីប ឯកឧត្តម សម រង្ស៊ី មិនបានញុះញង់យោធិនទេ។ គាត់គ្រាន់តែជំរុញឲ្យយោធិនកុំប្រើហិង្សាទៅលើប្រជាពលរដ្ឋដែលធ្វើការតវ៉ាដោយសារយោធាជាកូនរបស់ប្រជាពលរដ្ឋ»។
លោកបានថ្លែងថា និយមន័យនៃមាត្រា ៤៧១ និង ៤៧២ នៃក្រមព្រហ្មទណ្ឌ ដែលលោក សម រង្ស៊ី ត្រូវបានចោទប្រកាន់អនុវត្តតែនៅក្នុងពេលមានសង្គ្រាមប៉ុណ្ណោះ និងអ្នកដែលអំពាវនាវឲ្យកងទ័ពទម្លាក់អាវុធ។
លោក សុគង់ បានថ្លែងថា លោកមិនបានការពារលើបទ «ប្រមាថព្រះមហាក្សត្រទេ» ប៉ុន្តែចៅក្រម រស់ ពិសិដ្ឋ នឹងប្រកាសសាលក្រមទាំង២សំណុំរឿងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ៕