ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​ដោយ​បង្គាប់​ឲ្យ​ចាប់ និង​ឃុំ​ខ្លួន​លោក គឹម សុខ ពាក់ព័ន្ធ​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​, បរិហារកេរ្តិ៍​ជា​សាធារណៈ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧ ដែល​សំណុំ​រឿង​នេះ​ប្តឹង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ចុះ​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា ឆ្នាំ​ ២០១៨ ​បាន​ឲ្យ​ដឹងថា​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំ​ខ្លួន​លោក គឹម សុខ ដោយសារ​លោក​បាន​គេចវេះ​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា ឆ្នាំ​ ២០១៨​។

លោក គឹម សុខ បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ ដោយ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ថា បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស​រួច​ហើយ​រកមុខ​ឃាតករ​មិន​ឃើញ​។

ពាក្យបណ្តឹង​នេះ​ត្រូវ​បាន​ដាក់ចូល​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ កន្លង​ទៅ​ហើយ​នៅពេល​នេះ​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំ​ខ្លួន​តែ​ម្តង​។

កាលពី​យប់​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ លោក គឹម សុខ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​វិទ្យុ​អាស៊ីសេរី​យ៉ាង​ដូច្នេះ​ថា​៖ «​គេ​នេះ​គឺ​សំដៅ​ទៅ​លើ​ប្រព័ន្ធ​.... ប្រព័ន្ធ​មួយ​ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង វា​បណ្តោយ​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​មាន​ការសម្លាប់​មនុស្ស​ហើយ​រួច​ហើយ​រកមុខ​ឃាតករ​មិន​ឃើញ មិន​ត្រឹមតែ​លោក​បណ្ឌិត កែម ឡី ទេ អ្នក​តស៊ូ​មតិ​មុនៗ​....»​។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​លោក លាង សំណាត់ ចុះ​ថ្ងៃទី​ ១៤ ខែ​កញ្ញា ឆ្នាំ​ ២០១៨ ​នេះ​បាន​សរសេរ​បញ្ជាក់​ថា​៖ «​សម្រេច​បញ្ជា​ដល់​កម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំ​ខ្លួន​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ (​កើត​ថ្ងៃទី​ ១៣ ខែ​តុលា ឆ្នាំ​ ១៩៨០) ទៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ និង​បញ្ជា​ដល់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ​ឲ្យ​ទទួល និង​ឃុំ​ខ្លួន​បុគ្គល​នោះ​»​។

លោក គឹម សុខ ត្រូវ​បាន​អនុវត្ត​ទោស ១ ​ឆ្នាំ ៦ ​ខែ ពី​បទ​ញុះញង់ និង​បរិហារកេរ្តិ៍​ដែល​ប្ដឹង​ដោយ​លោក គី តិច តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ដោះលែង​កាលពី​ថ្ងៃ​សុក្រ ទី​ ១៧ ខែ​សីហា ក្រោយ​អនុវត្ត​ទោស​រយៈពេល​ ១ ​ឆ្នាំ​កន្លះ​។

លោក​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ បន្ទាប់ពី CPP ប្ដឹង​ថា លោក​បាន​និយាយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា​នៅ​ពី​ក្រោយ​ខ្នង​ការសម្លាប់​អ្នកវិភាគ​នយោបាយ​លោក កែម ឡី​។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ២ ​ករណី​ផ្សេង​គ្នា​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៧ ចោទ​ពី​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដាក់​ពន្ធនាគារ​រយៈពេល ១៨ ខែ ពិន័យ ៨ លាន​រៀល និង​ត្រូវ​សង​សំណង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន ចំនួន ៨០០ លាន​រៀល ឬ​ប្រហាក់​ប្រហែល​ ២០ ​ម៉ឺន​ដុល្លារ ខណៈ​ដែល​លោក​ធ្លាប់​ព្រមាន​រួចហើយ បើ​មិន​សង​ចាប់​៕