ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដោយ​បាន​ឲ្យ​ដឹងថា សាលា​ដំបូង​បានសម្រេច​កំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​ជន​ជាប់ចោទ​លោក កឹម សុខា នៅ​ថ្ងៃទី​ ១៥ ខែ​ មករា ឆ្នាំ​ ២០២០ នៅវេលា​ម៉ោង​ ០៨ និង​ ៣០ ​នាទី​ព្រឹក​ ដែល​ជាប់ចោទ​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា​ ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៧៧៧ ចុះ​ថ្ងៃទី​ ០៣ ខែ ធ្នូ ឆ្នាំ​ ២០១៩ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ​កើត​ថ្ងៃទី​ ២៧ ខែ មិថុនា ឆ្នាំ​ ១៩៥៣»​។

សេចក្ដី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​បើកសវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​ដោយ​បាន​សម្រេច​បន្ត​រក្សាទុក​ជនជាប់ចោទ​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

សវនាការ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ធ្វើ​ឡើង​ដោយ​បិទទ្វារ​ដែល​មាន​រយៈពេល​ ២ ​ម៉ោង​ ដែលមាន​លោក ឃុន លាងម៉េង ជា​​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​លោក សួស សំអាត និង​លោក យូ ប៊ុនណា ជា​​ចៅក្រម​ប្រឹក្សា​ដោយ​មាន​ការចូលរួម​ដោយ​ក្រុម​មេធាវី​របស់​លោក កឹម សុខា គឺ​លោក ចាន់ ចេន អ្នកស្រី ម៉េងសុភារី លោក ផែន ហេង លោក ផាន់ច័ន្ទស័ក្តិ និង​មេធាវី​របស់​រាជរដ្ឋាភិបាល តំណាង​ដោយ លោក គី តិច ផងដែរ​។

សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ក៏បាន​សម្រេច​ផងដែរ​លើ​បណ្ដឹងឧទ្ធរណ៍​លើ​ដីកា​ដំណោះស្រាយ​របស់​មេធាវី​ជនជាប់ចោទ​មិនអាច​ទទួល​យក​បាន​ដោយ​យោងតាម​មាត្រា​ ២៤៩ និង​មាត្រា​ ២៦៧ ​និង​មាត្រា​ ៤០៤ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ដែល​មិន​អនុញ្ញាត​ឲ្យ​ធ្វើបណ្ដឹង​ឧទ្ធរណ៍ និង​ដីកា​​ដំណោះស្រាយ​បញ្ជូន​ជន​ជាប់ចោទ​ទៅ​តុលាការ​ជំនុំជម្រះ​បានឡើយ​។

ទី​២- ​បណ្ដឹង​ឧទ្ធរណ៍​ពី​ការសម្រេច​បន្ត​ការដាក់​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ សភា​ស៊ើបសួរ​បាន​បដិសេធ​ចោល​ដោយ​មាន​ហេតុផល​ពាក់ព័ន្ធ​នឹង​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ និង​ជាពិសេស​សម្រាប់​ធានា​វត្ត​មាន​នៃ​ដំណើរការ​នីតិវិធី​​បន្ត​។ ការសម្រេច​បើក​សវនាការ​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ធ្វើឡើង​ក្រោយពី​មេធាវី​ជនជាប់ចោទ​បានដាក់​បណ្ដឹង​ជា​លាយលក្ខណ៍អក្សរ ប្ដឹង​ឧទ្ធរណ៍​ ២ ​ចំណុច​ក្នុង​នោះ​មាន​ទាំង​ដីកា​ដំណោះស្រាយ និង​ការសម្រេច​បន្ត​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

លោក ផែន ហេង មេធាវី​ ១ ​រូប​ក្នុងចំណោម​មេធាវី​ ៤ ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​មេធាវី​គ្មាន​ជម្រើស​មាន​តែ​ធ្វើ​តាម​ដំណើរការ​នីតិវិធី​របស់​តុលាការ​។

លោក​មេធាវី​ថ្លែង​ថា​៖ «​ប្រសិន​បើ​តុលាការ​នៅតែ​បន្ត​នីតិវិធី យើង​មាន​តែ​ដើរទៅ​តាម​​នីតិវិធី​ហ្នឹង​។ សម្រាប់​មេធាវី​យើង​នៅតែ​កត់សម្គាល់​ឃើញថា​រឿង​ហ្នឹង ការ​ចោទ​នេះ​មិន​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ទេ​ដូច្នេះ​ហើយ​យើង​សង្ឃឹម​ថា​ចៅក្រម​នឹង​ទម្លាក់​ការចោទប្រកាន់​។ អាជ្ញាធរ​យក​តែ​ឃ្លីប​វីដេអូ​យក​មក​សំអាង​ដែល​នាំ​ឲ្យ​មាន​ការស៊ើបអង្កេត​តែ​ភ័ស្ដុតាង​រឹងមាំ​សម្រាប់​ការគាំទ្រ​វីដេអូឃ្លីប​នោះ​វា​មិនមាន​។ មែនទែន​សាក្សី​ដែល​ចៅក្រម​បាន​ហៅ​នាពេល​កន្លងមក​គឺ​មិន​បាន​ឆ្លើយ​ដាក់បន្ទុក​ទៅលើ​​ឯកឧត្តម​ កឹម សុខា ​នោះទេ​»​។

លោក ចាន់ ចេន មេធាវី​ ១ ​រូប​ក្នុង​ចំណោម​មេធាវី​ ៤ ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​ថា​ក្រុម​មេធាវី​មាន​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​ការសម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​ដែល​បាន​បដិសេធ​បណ្តឹង​របស់​ពួកគេ​ដោយ​អះអាង​ថា វា​ជា​រឿង​​អយុត្តិធម៌​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​ការសោកស្តាយ​ជាខ្លាំង​ដែល​សភា​ស៊ើបសួរ​ឧទ្ធរណ៍​មិន​បាន​ផ្តល់​ភាពយុត្តិធម៌​ឲ្យ​កូនក្តី​ខ្ញុំបាទ​ក៏ដូចជា​តាម​សំណូមពរ​ប្តឹង​របស់​មេធាវី​»​។

លោក​បាន​បន្តថា​៖ «​ក្រុម​មេធាវី​នឹង​បន្ត​តស៊ូ​លើ​សមរភូមិ​ផ្នែក​ច្បាប់ ហើយ​លោក​សង្ឃឹម​ថា​នឹង​មាន​ការជជែក​គ្នា​រវាង​អ្នកនយោបាយ​ដើម្បី​ដោះស្រាយ ករណី​លោក​ កឹម សុខា ​ដើម្បី​ការផ្សះផ្សា​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ និង​បង្រួបបង្រួម​អ្នកនយោបាយ​»​។

កាលពី​ថ្ងៃទី​ ១០ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល ប៉ុន្តែ​ទទួល​បាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាម​ផ្លូវការ​។ ការទទួល​បាន​ការបន្ធូរបន្ថយ​កាតព្វកិច្ច​នៅពេល​នេះ​ដោយសារ​ជន​ត្រូវ​ចោទ​លោក កឹម សុខា នាពេល​កន្លងមក​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ជាពិសេស​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ​ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល​។ លោក​ កឹម សុខា ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ជាង​ ១ ​ឆ្នាំ​នៅ​ខេត្ត​ត្បូងឃ្មុំ​៕

វីដេអូ៖