សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍​នេះ កំពុង​សាក​សួរ​ជនជាតិ​ចិន ៥ នាក់ រឿង​បង្ខាំង​មនុស្ស​ទុក​ជំរិត​ទារ​ប្រាក់ បន្ទាប់​ពី​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចូន​ពួកគេ​មក​តុលាការ ក្រោយ​ពី​ពួកគេ​បាន​ចាប់​បង្ខាំង​ជនជាតិចិន​ម្នាក់ ដើម្បីទារ​ប្រាក់ ៣ ម៉ឺន​ដុល្លា។

លោក គុជ គឹមឡុង អ្នក​នាំ​ពាក្យ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ម្សិលមិញ​ថា ជនជាតិចិនទាំង ៥ នាក់​នេះ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​ស្ថាប័ន​អយ្យការ​នៅ​ឡើយ។ តែ​លោក​បាន​បញ្ជាក់​ថា ការ​សាកសួរ​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា៖ «សំណុំរឿងនេះ បាន​បញ្ចូន​មក​ដល់​ការិយាល័យ​ព្រះ​រាជ​អាជ្ញាយើង​ហើយ ដែល​កំពុង​តែ​សាកសួរ មិន​ទាន់​បាន​ចប់​យ៉ាង​ម៉េច​ទេ។ ចាំ​សាកសួរ​ចប់ សម្រេច​យ៉ាង​ណា យើង​នឹង​បញ្ជាក់​ព័ត៌មាន​ទៀត»។

តាម​គេហទំព័ររបស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​សុក្រ ៨ វិច្ឆិកា បាន​​ឲ្យ​ដឹង​​ថា ជន​ជាតិចិន​ទាំង​ ៥ នាក់​នោះ​មាន​ឈ្មោះ១. ឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ភេទ​ប្រុស អាយុ ៤៩ឆ្នាំ ២. ឈ្មោះ លី ជីយ៉ាង (LI JI YAN) ភេទ​ប្រុស អាយុ ៣៥ឆ្នាំ ៣. ឈ្មោះ ថាង វ៉ៃ ភេទប្រុស អាយុ ៣៥​ឆ្នាំ ៤. ឈ្មោះ ជេរ ឈីង (JIA GUING) ភេទប្រុស អាយុ ៣៣ឆ្នាំ និង៥. ឈ្មោះ ស៊ូន ស៊ីង (SUN XIN) ភេទប្រុស អាយុ ២៩ឆ្នាំ។

ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី ០៥ ខែវិច្ឆិកា នៅ​ចំណុច​ហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិន វេស ម៉ិន អ.ក ផ្ទះលេខ128A7AB ភូមិ​១ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

បន្ទាប់​ពី​ទទួល​​បាន​ការ​រាយការណ៍ ថា​មាន​ចិន​មួយ​ក្រុម បាន​អុកឡុក​ហាង​​បាយ​​មួយ​​កន្លែង និង​បាន​បង្ខាំង​ជន​ជាតិ​ចិន​ម្នាក់​ក្នុងហាង​បាយ​នោះ ដើម្បី​គម្រាម​ទារ​ប្រាក់ សមត្ថកិច្ច​ជំនាញ ក៏​បាន​ចាត់​វិធាន​ការ​ចុះ​បង្ក្រាប​និង ឃាត់​ខ្លួន​ជន​សង្ស័យ នៅ​ទីតាំង​ខាង​លើ។ នេះបើតាម​គេហទំព័រ​របស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដដែល។

តាម​របាយការណ៍ របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​អនុឡោម​តាម​ការ​ណែនាំ​របស់​ព្រះរាជអាជ្ញា ក្រោម​ទម្រង់​ជា​ការ​ស៊ើប​អង្កេត​ជាក់ស្តែង និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​មូលដ្ឋាន ចៅ​សង្កាត់​និង​មេភូមិ​ផង​នោះ ជន​សង្ស័យ ត្រូវ​បាន​ឃាត់​ខ្លួន និង បាន​សារភាព​ថា ពួកគេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស ក្នុង​ទីតាំង​ហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិនវេសមិន និង​បណ្តេញ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ រួម​និង​បណ្តេញ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ចេញ​ពិត​​ប្រាកដ​មែន។

របាយការណ៍បន្តថា៖ «ដោយ​ក្នុង​នោះ​ឈ្មោះ វ័ង ជីងប៉ង (WANG.JINBO) ជា​មេ​ក្លោង បាន​បញ្ជា​ឲ្យ​កូន​ចៅ ០៤ នាក់​ទៀត បិទទ្វារ​ចាក់​សោរ​បង្ខាំង​មេការ​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង ស៊ីន វ៉ាងដា (ខេមបូឌា) អ៊ិនវេសមិន ចាប់​ពី​ថ្ងៃទី ០៤ រហូត​ដល់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បី​ទុក​ជំរិត​ទារ​ប្រាក់​ចំនួន ៣ ម៉ឺន​ដុល្លារ​អាមេរិក ពី​ថៅកែ​ដែល​នៅ​ឯ​ប្រទេស​ចិន»។

លោក អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាង​ខ្លី​កាល​ពី​ម្សិលមិញ​ថា ជន​សង្ស័យ​ជា​ជនជាតិទាំង ៥ នាក់​នោះ ពិត​ជា​ត្រូវ​បាន​បញ្ចូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ពិត​មែន។ ប៉ុន្តែ​យ៉ាង​ណា លោកបដិសេធ​ផ្តល់​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណីនេះ ដោយ​អះអាង​ថា កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត៕