ភ្នំពេញៈ​ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពញ លោក សៀង សុខ បាន​ចេញ​ដីកា​កោះ​ហៅ​ អតី​ត​ប្រធាន​គណ​បក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​​សាលា​ដំបូង​រាជ​ធានី នៅ​​ថ្ងៃ​ទី ១២ កក្កដា ឆ្នាំ ២០១៨ ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង​​ពាក់​ព័ន្ធ​​ «ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ»។

នៅ​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ដែល​ទើប​តែ​ឃើញ​ផ្សព្វ​ផ្សាយ​កាល​ពី​ម្សិល​មិញ លោក ​សៀង សុខ បាន​កោះ​ហៅ​លោក សម រង្ស៊ី ក្នុង​នាម​ជា​ជន​សង្ស័យ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី ១២ កក្កដា ឆ្នាំ ២០១៨ ពី​ដំណើរ​រឿង «ករណី​ពាក់​ព័ន្ធ​ការ​ប្រមាថ​ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តាម​គណ​នី​ហ្វេស​ប៊ុក ឈ្មោះ Sam Rainsy ជា​បន្ត​បន្ទាប់​ចាប់​ពី​ខែ​មិថុនា​ឆ្នាំ ២០១៨»។

ដីកា​បញ្ជាក់​ថា សាមី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ ឲ្យ​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់​ទង​និង​រឿង​ខាង​លើ​មក​ជា​មួយ​ផង​ប្រសិន​បើ​មាន​។

ការ​ចេញ​ដីកា​នេះ បាន​ធ្វើ​ឡើង​​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​លោក អង្គ វង្ស​វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ចេញ​​ «អធិបញ្ជា»​ (បញ្ជា​ដាច់​ណាត់) ឲ្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចាត់​វិធាន​ការ​​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ លោក​ សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ដោយ​ខ្លួន​ឯង​ នៅ​ក្រៅ​ប្រទេស ពី​បទ «ប្រមាថ​»​ព្រះ​មហា​ក្សត្រ ចំពោះ​អ្វី​ដែល​ប្រធាន​ចលា​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ធ្វើ​អធិប្បាយ​ជា​សាធារណៈ​ថា ព្រះ​រាជ​សារ​របស់​ព្រះ​មហា​ក្សត្រ ចុះ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ហើយ​ទើប​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត គឺ «ក្លែង​ក្លាយ​»៕