ភ្នំពេញៈ ​ស្ត្រី​ខ្មែរ​ស៊ីឈ្នួល​ពពោះ​ឲ្យ​បរទេស​ចំនួន​ ៧ ​នាក់ ​ក្នុងចំណោម​ ៣៣ ​នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ខែ​មិថុនា ​ឆ្នាំ​ ២០១៨ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​បន្ដ​កាលពី​ថ្ងៃ​ ២១ មករា ឆ្នាំនេះ បន្ទាប់​មាន​ស្ត្រី​ពពោះ​ ៤ ​នាក់ និង​បុរស​ចិន​ម្នាក់​ត្រូវបាន​តុលាការ​សួរដេញដោល​កាលពី​ចុង​ឆ្នាំមុន​។

សវនាការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​សមាសភាព​ចៅក្រម​​ចំនួន​ ៣ ​រូប ដែល​មាន​លោកស្រី​ចៅក្រម ស៊ លីនណា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោកស្រី កែវ សុគន្ធា ជា​តំណាង​អយ្យការ​។

ឆ្លើយ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ស្ត្រី​ឈ្មោះ ផៃ សុផា អាយុ ៣៣ ​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​បាន​និយាយថា គាត់​ត្រូវបាន​ស្ត្រី​ម្នាក់​ធ្វើការ​ជាមួយ​គ្នា​ណែនាំ​ថា មាន​គេ​ត្រូវការ​ស្ត្រី​ខ្មែរ​ស៊ីឈ្នួល​ពពោះ​កូន​ឲ្យ​គេ​ដោយ​ឲ្យ​ឈ្នួល​ ១ ​ម៉ឺន​ដុល្លារ​។

បន្ទាប់មក​គេ​បាន​ឲ្យ​គាត់​ទៅ​ជួប​ស្ត្រី​ម្នាក់​ដែល​ចង់​ជួល​នោះ​នៅ​បុរី​វិមាន​ភ្នំពេញ​ក្នុង​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ស្ត្រី ផៃ សុផា បន្តថា ពេល​គាត់​ទៅដល់​បាន​ជួប​ស្ត្រី​ម្នាក់​ឈ្មោះ ថៃ ផាន់ណា ត្រូវជា​ប្រពន្ធ​របស់​ថៅកែ​ចិន​ម្នាក់ ហើយ​​គេ​បាន​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យាថា​ពី​ពេល​ពពោះ​ដល់​ឆ្លងទន្លេ​គឺ​គាត់​ទទួល​បាន​ប្រាក់​ ១ ​ម៉ឺន​ដុល្លារ​។

ប៉ុន្តែ​ត្រូវ​ដក​ ១ ​ពាន់​ដុល្លារ​ ឲ្យ​ទៅ​អ្នក​ណែនាំ និង​ទទួលបាន​ប្រាក់​ក្នុង​ ១ ​ខែ​ ៣០០ ​ដុល្លារ​ទៀត​។ ​ក្រោយពី​ធ្វើ​កិច្ចសន្យា​រួច​គាត់​ត្រូវគេ​នាំទៅ​ពិនិត្យ​សុខភាព ហើយ​គ្រូពេទ្យ​បាន​ចាក់​បញ្ចូល​មេជីវិត​ក្នុង​ខ្លួន​គាត់​។ ​លុះ​ចាក់​មេជីវិត​រួច​គេ​តម្រូវ​ឲ្យ​គាត់​ស្នាក់នៅ​​រួមគ្នា​ក្នុង​បុរី​វិមាន​ភ្នំពេញ​នោះ​ជាមួយ​ស្ត្រី​ ៧-៨ ​នាក់​ទៀត​ដែល​ជា​អ្នកស៊ីឈ្នួល​ពពោះ​ដូចគ្នា​។

សុផា ប្រាប់​ចៅក្រម​បន្តថា​ពេល​គាត់​ពពោះ​បាន​ ៨ ​ខែ​ក៏ត្រូវ​​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​រួមជាមួយ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ទៀត​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៨​។

ប៉ុន្តែ​គាត់​ត្រូវបាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​រហូត​កើត​បានកូន​ប្រុស​ម្នាក់​ដែល​មកទល់​ពេល​នេះ​កូន​នោះ​មាន​អាយុ​ជាង​ ១ ​ឆ្នាំ​ហើយ​។ សុផា បាន​និយាយថា គាត់​មាន​ប្តី និង​មាន​កូន​ប្រុស-ស្រី​ ២ ​នាក់​។ ​ប៉ុន្តែ​​គាត់​បាន​លែងលះ​គ្នា​ជាមួយ​ប្ដី​តាំងពី​មុនពេល​ស៊ីឈ្នួល​ពពោះ​​ម្ល៉េះ ហើយ​ថា​មូលហេតុ​ដែល​គាត់​ធ្វើ​បែប​នេះ​មកពី​ក្រពេក​។

នាង ផៃ សុផា បញ្ជាក់ប្រាប់​ចៅក្រម​ថា​៖ «​ថ្វី​ដ្បិត​កូន​ពពោះ​មិនមែន​បាន​ពី​មេជីវិត​ប្តី​ខ្ញុំ តែ​ខ្ញុំ​ស្រឡាញ់​កូន​ខ្ញុំ​ខ្លាំង​ជាង​កូនបង្កើត​​របស់​ខ្ញុំ​ទៅទៀត​។ បើ​គេ​ទាមទារ​យក​វិញ​ខ្ញុំ​មិន​ឲ្យ​ទេ​»​។

រីឯ​ស្ត្រី ឈ្មោះ យន់ លីន អាយុ ៣៤ ​ឆ្នាំ ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា គាត់​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មិន​ធ្លាប់​មាន​កូន​ទេ ហើយ​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ជួប​ស្ត្រី ឈ្មោះ​ ថៃ ផាន់ណា នៅផ្ទះ​ក្នុង​បុរីវិមាន​ភ្នំពេញ​ដូចគ្នា​។ ​ពេល​ទៅដល់​ស្ត្រី​ឈ្មោះ ថៃ ផាន់ណា បាន​ប្រាប់​គាត់​ថា ពេល​គេ​ចាក់​បញ្ចូល​មេជីវិត​រួច​បាន​ ៧ ​ថ្ងៃ​ គេ​ឲ្យ​លុយ​ ៥០០ ​ដុល្លារ​ ទោះ​ជា​មេជីវិត​នោះ​ទំ​ក្នុង​ពោះ​ ឬ​មិន​ទំ​ក៏ដោយ​។ ប៉ុន្តែ​ ៣ ​ថ្ងៃ​ក្រោយមក​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន តែ​តុលាការ​បាន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ដែរ​រហូត​ដល់​ឆ្លង​ទន្លេ​បាន​កូនប្រុស​ដែល​សព្វថ្ងៃ​មាន​អាយុ​ ១១ ​ខែ​ហើយ​។

ស្ត្រី​រូបនេះ​ថា ទោះ​ជា​គាត់​នៅក្រៅ​ឃុំ​ក្ដី ប៉ុន្តែ​ពេល​តុលាការ​ឲ្យ​ចូល​ខ្លួន​គឺ​ត្រូវ​គោរព​តាម​។

ស្រដៀង​គ្នា​នេះដែរ​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ រី អ៊ី បាន​ប្រាប់​ចៅក្រម​ដែរ​ថា គាត់​ក៏ត្រូវ​បាន​គេ​​ណែនាំ​ឲ្យ​ទៅ​ទីតាំង​បុរី​វិមាន​ភ្នំពេញ​ដូចគ្នា​ដោយ​ឲ្យ​ទៅ​ផ្ទះ​លេខ​ ២ ​ដើម្បី​ស៊ីឈ្នួល​ពពោះ​នេះ​។

ស្ត្រី​រូបនេះ​បាន​បញ្ជាក់ថា គាត់​មាន​ប្ដី​ហើយ តែ​រឿងនេះ​មិនបាន​ប្រាប់​ប្តី​ឲ្យ​ដឹង​ទេ ខណៈ​គាត់​ក៏មាន​កូនស្រី​ម្នាក់ តែ​ក្រោយមក​ទើប​បាន​ប្តី​ដឹង តែ​គាត់​មិន​បន្ទោស​ទេ​។

ស្ត្រី រី អ៊ី បន្តថា ក្រោយ​មាន​ផ្ទៃពោះ​ប្រហែល​ ៧ ​ខែ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ក្រោយមក​គាត់​កើត​បាន​កូន​ប្រុស​ម្នាក់​ដែល​​សព្វថ្ងៃ​មាន​អាយុ​ ១ ​ឆ្នាំ​ ៥ ​ខែ​ហើយ ហើយ​ប្តី​របស់​គាត់​ស្រឡាញ់​កូន​នោះ​ខ្លាំង​ណាស់​។

ស្ត្រី​រូបនេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹងថា​មេជីវិត​ជា​ជនជាតិ​ណា​ទេ ហើយ​ក៏​មិនដឹងថា ឪពុកម្តាយ​កូនប្រុស​ខ្ញុំ​ជា​ជនជាតិ​អី​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ចង់​រស់នៅ​ជាមួយ​កូន​ខ្ញុំ​អស់​ ១ ​ជីវិត​»​។

ដោយឡែក ស្ត្រី​ឈ្មោះ ផល ផល្លា និង ឈ្មោះ​ ហួន ដាណែត សុទ្ធតែ​មាន​កូន​ប្រុស​ម្នាក់​ ១ ​ដូចគ្នា ខណៈ​ពួកគេ​ក៏​មាន​ប្តី​មាន​កូន​ផ្ទាល់ខ្លួន​។ ​អ្នក​ទាំង​ ២ ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ដែរ​ថា​ពួកនាង​ក៏ដូចជា​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ដែល​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទៅ​ផ្ទះ​ខាងលើ​ដូចគ្នា​។ ប៉ុន្តែ​ពេល​ពួកគាត់​មាន​ផ្ទៃពោះ​ទើប​តែ​ ៨ ​ខែ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែម្តង​។

ពាក់ព័ន្ធ​នឹង​តុលាការ​កោះហៅ​ស្ត្រី​ពពោះ​ទាំងនេះ​ចៅក្រម​ក៏បាន​ប្រកាស​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃក្រោយ​ទៀត ខណៈ​ស្ត្រី​ទាំង​ ៣៣ ​នាក់​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចោទ​បទ​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន​តាម​មាត្រា​ ១៦ ​ច្បាប់​ស្តីពី​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

តាម​កំណត់ហេតុ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​បង្ហាញ​ថា ស្ត្រី​ស៊ីឈ្នួល​ពពោះ​ទាំង​ ៣៣ ​នាក់​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២១ ខែ​មិថុនា ឆ្នាំ​ ២០១៨​នៅផ្ទះ​លេខ ​៩A និង​ផ្ទះ​លេខ​ ២A ​ក្នុង​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ LIU QIANG ភេទ​ប្រុស​អាយុ​ ៤៩ ​ឆ្នាំ​ ជនជាតិ​ចិន​,​ទី​២- ​ឈ្មោះ ស្វាយ ស៊ីណុច អាយុ​ ៣៤ ​ឆ្នាំ​,​ ទី​៣- ឈ្មោះ​ ​លឹម សុភាព ភេទ​ស្រី អាយុ​ ១៩ ​ឆ្នាំ​,​ ទី​៤- ​ឈ្មោះ ថៃ ភាព ភេទ ស្រី អាយុ​ ៤៣ ​ឆ្នាំ​ និង​ទី​៥- ​ឈ្មោះ​ នឿនស្រី ឡាង ភេទ​ស្រី អាយុ ២៧ ​ឆ្នាំ​។ ក្រៅពី​នេះ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ឈ្មោះ​ CHEN HAO MING ភេទ ប្រុស ជនជាតិ​ចិន​,​ ទី​២- ​ឈ្មោះ ថៃ ផាន់ណា ភេទ​ស្រី និង​ឈ្មោះ អ៊ី យ៉េងគង់ ភេទ​ប្រុស​៕