ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យដោះលែងលោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិពីពន្ធនាគារ ហើយដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យរបស់តុលាការ។
ឯកសារដែលចុះហត្ថលេខាកាលពីថ្ងៃចន្ទ និងចេញផ្សាយដោយសារព័ត៌មាន Fresh News បានបង្គាប់ឲ្យពន្ធនាគារ PJ ដោះលែងជនត្រូវចោទឈ្មោះ ញឹក ប៊ុនឆៃ»។
លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុន ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនតាំងពីឆ្នាំ ២០០៧ និងសំណុំរឿងមួយទៀតឆ្នាំ ២០១២ ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន។ ការចាប់ខ្លួនលោក ប៊ុនឆៃ ត្រូវបានមជ្ឈដ្ឋានជាច្រើនជឿថា ជារឿងនយោបាយ។
ជំនួយការររបស់លោក ប៊ុនឆៃ លោក ម៉ក់ ឈា ថ្លែងកាលពីយប់មិញថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេលើបញ្ហានេះ។ «ខ្ញុំកំពុងបើកឡានយ៉ាងលឿនដើម្បីទៅទទួលគាត់»។
ប៉ុន្តែលោក ពេជ្រ យន់ ប្រធានពន្ធនាគារ PJ បានថ្លែងថា វាមិនមែនជាម៉ោងរដ្ឋបាលដែលត្រូវដោះលែងលោក ប៊ុនឆៃ នោះទេ។ លោក យន់ បានថ្លែងថា លោកបានដឹងអំពីលិខិត ហើយថា «មនុស្សម្នាក់» បានយកលិខិតនេះមកឲ្យលោក ប៉ុន្តែវាមិនអាចទៅរួចទេលុះត្រាតែលោកទទួលវាជាផ្លូវការ។
លោកថ្លែងថា៖ «មានដីកា ប៉ុន្តែវាមិនទាន់មកដល់ខ្ញុំនៅឡើយទេ»។ «វាមិនមែនស្ថិតនៅក្នុងម៉ោងរដ្ឋបាលទេ [ដូច្នេះ] ខ្ញុំអនុវត្តវានៅព្រឹកស្អែក»។ លោកបានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។
លោក សន កែវ អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារមិនបានដឹងអំពីករណីនេះ ហើយបានបដិសេធធ្វើអត្ថាធិប្បាយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន បានបញ្ជាក់អំពីភាពត្រឹមត្រូវនៃដីកាបង្គាប់ឲ្យដោះលែងនេះ ប៉ុន្តែលោកបានបដិសេធផ្តល់សេចក្តីលម្អិតបន្ថែម។ លោកបានថ្លែងថា៖ «លោក ញឹក ប៊ុនឆៃ ត្រូវបានសម្រេចដោយចៅក្រម ឲ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការតាមដានរបស់តុលាការ»។ «គាត់ត្រូវធ្វើតាមលក្ខខណ្ឌមួយចំនួន។ ការដោះលែងនេះ ត្រូវបានធ្វើឡើងទៅតាមសំណើរបស់មេធាវីរបស់គាត់»។
ប្រធានគណបក្សខ្មែររួបរួមជាតិបច្ចុប្បន្នលោក ស៊ីង គិរី ថ្លែងថា លោកបានឮអំពីករណីនេះ ប៉ុន្តែមិនបានដឹងអំពីសេចក្តីលម្អិតទេ៕ PS