ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមសាកសួរស្ត្រីសកម្មជនដីធ្លីចំនួន ៣ រូបបន្ទាប់ពីចេញដីកាឱ្យចូលបំភ្លឺកាលពីចុងខែមុនពាក់ព័ន្ធនឹងដំណើររឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តនៅចំណុចខាងកើតវិមានឯករាជ្យកាលពីឆ្នាំ ២០១៣ ខណៈពេលពួកគេបានទៅស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងយុត្តិធម៌ឱ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ក្នុងដីកាកោះចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក នូ វាសនា ចុះថ្ងៃទី ២៥ វិច្ឆិកា បានអញ្ជើញអ្នកស្រី គង់ ចន្ថា អាយុ ៤៥ ឆ្នាំចូលបំភ្លឺវេលាម៉ោង ៩ ព្រឹក និងអ្នកស្រី ប៊ូ ឆវី ចូលបំភ្លឺនៅវេលាម៉ោង ៣ រសៀលកាលពីម្សិលមិញខណៈលោកយាយ ង៉ែត ឃុន បង្គាប់ឱ្យចូលបំភ្លឺនៅថ្ងៃនេះវេលាម៉ោង ៣ ព្រឹក។ នេះបើយោងតាមដីកាកោះ។
ក្នុងដីកាអញ្ជើញឱ្យចូលបំភ្លឺ «ពីដំណើររឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនកាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៣»។
ក្រោយពីបញ្ចប់ការសាកសួររយៈពេល ១ ម៉ោង និង ៣០ នាទីអ្នកស្រី គង់ ចន្ថា បានដាក់ចម្ងល់ថាហេតុអ្វីបានជាចៅក្រមហៅគាត់ក្នុងនាមសាក្សីឱ្យអ្នកស្រី ទេព វន្នី ទៅវិញ។ អ្នកស្រីថា៖ «នៅក្នុងដីកាគេដាក់ថាជនជាប់ចោទនៅឆ្នាំ ២០១៣ តែពេលមកដល់តុលាការបែរជាគេថាអញ្ជើញខ្ញុំធ្វើជាសាក្សីដ៏សំខាន់ហើយសួរថា តើអ្នកស្រី ទេព វន្នី មានប្រើអំពើហិង្សា ឬបញ្ជាអ្នកផ្សេងឱ្យប្រព្រឹត្តនៅមុខផ្ទះសម្តេចអត់»។ បើតាមអ្នកស្រី គង់ ចន្ថា បានឆ្លើយទៅវិញក្នុងនាមជាសាក្សីថាអ្នកស្រី ទេព វន្នី គឺជាស្រី្តទន់ខ្សោយមិនអាចបង្កហិង្សាលើសមត្ថកិច្ចដូចការចោទប្រកាន់នោះទេ។ អ្នកស្រីបញ្ជាក់ថា៖ «ព្រោះ ទេព វន្នី អត់ដែលប្រើអំពើហិង្សាលើអ្នកដទៃទេមានតែសមត្ថកិច្ចខណ្ឌដូនពេញទេព្រោះពេលនោះពួកខ្ញុំបានទៅក្រសួងយុត្តិធម៌ដើម្បីឱ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ហើយពួកខ្ញុំក៏ឆៀងមកផ្ទះសម្តេចដើម្បីឱ្យជួយអន្តរាគមន៍ប៉ុន្តែគេយកករណីនេះធ្វើការចោទប្រកាន់ពួកយើងប្រើកម្លាំងទៅលើសមត្ថកិច្ច»។ យ៉ាងណាក៏អ្នកស្រីចាត់ទុកការកោះហៅពួកគាត់ជារឿងអយុត្តិធម៌ និងជាតុលាការដែលគេបញ្ជាពីថ្នាក់លើ។
អ្នកស្រី ប៊ូ ឆវី ដែលបានចូលបំភ្លឺនៅតុលាការជាងមួយម៉ោងបានថ្លែងថារូបគាត់ត្រូវបានចៅក្រមកោះហៅទៅសាកសួរក្នុងនាមជាសាក្សីដូចគ្នាផ្ទុយពីក្នុងដីកាកោះ។ តែអ្នកស្រីសង្កេតឃើញថាសំណួរចៅក្រមហាក់បីដូចចង់ដាក់បន្ទុកលើអ្នកស្រី ទេព វន្នី។ អ្នកស្រីបញ្ជាក់ថា៖ «គេថាមានសំឡេងអ្នកស្រី ទេព វន្នី បញ្ជាថាឱ្យពួកខ្ញុំរើសដុំថ្មដាក់ក្នុងកាបូបដើម្បីគប់ចូលទៅក្រសួងយុត្តិធម៌ខ្ញុំសុំអះអាងថាគឺអត់មានទេពួកខ្ញុំទាំងអស់គ្នាតវ៉ាដោយសន្តិវិធីហើយពួកខ្ញុំមានតែសុំអង្វរយំសំពះសមត្ថកិច្ចកុំឱ្យប្រើហិង្សាលើយើងវិញ»។ អ្នកស្រីសង្កត់ធ្ងន់ថាតុលាការអាចកាត់ទោសគាត់តាមចិត្តប្រសិនបើតុលាការមានភ័ស្តុតាងពួកគាត់កាន់ដំបង ឬប្រើហិង្សាពិតមែនខណៈអ្នកស្រីស្នើតុលាការទម្លាក់ការចោទប្រកាន់លើពួកគាត់ និងផ្តល់យុត្តិធម៌ដោះលែងអ្នកស្រី ទេព វន្នី។ អ្នកស្រីក៏ស្នើឱ្យតុលាការកោះហៅសមត្ថកិច្ចដែលប្រើហិង្សាមកសាកសួរដូចពួកគាត់ដែរខណៈគ្រានោះស្រ្តីជាច្រើនបានរងគ្រោះ។ អ្នកស្រីថា៖ «ទោះបីជាតុលាការគ្មានភ័ស្តុតាងគ្រប់គ្រាន់តែចាប់ដាក់ពន្ធនាគារហើយចំពោះសមត្ថកិច្ចដែលប្រើហិង្សាគេមិនចាត់វិធានការទេទោះយើងមានវីដេអូ និងសាក្សីគ្រប់បែបយ៉ាងក៏ដោយ»។
លោក យាយ ង៉ែត ឃុន បានបដិសេធការចោទប្រកាន់របស់តុលាការដែលថាខ្លួនបានប្រើហិង្សាលើសមត្ថកិច្ច។ លោកយាយថា៖ «ពួកខ្ញុំមិនទាន់ទៅដល់ផ្ទះសម្តេចផងមានកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយហើយប្រើអំពើហិង្សាមកវាយខ្ញុំ ញាត់ដាក់ឡានហើយខ្ញុំសន្លប់ទៀតផង»។ យ៉ាងណាក៏ដោយលោកយាយបដិសេធចូលបំភ្លឺនៅម៉ោង ៣ ទៀបភ្លឺ។ លោកយាយថា៖ «គាត់ចៅក្រមកោះហៅខ្ញុំឱ្យចូលម៉ោង ៣ ព្រឹកគឺខ្ញុំសូមបដិសេធបើសម័យមុនជំនាន់ ប៉ុលពត គេហៅទៅម៉ោង ៣ទៀបភ្លឺគឺគេយកទៅសម្លាប់ចោលតែដល់សម័យឥឡូវគេកោះហៅខ្ញុំឱ្យចូលម៉ោង ៣ ខ្ញុំមិនអាចទុកចិត្តទេខ្ញុំអត់ចូលទេទាល់តែម៉ោង ៣ ពេលរសៀលបានខ្ញុំចូល»។
ករណីនេះភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ដើម្បីបញ្ជាក់ព័ត៌មានលម្អិតដែរតែលោកមិនទាន់ឆ្លើយតបទេ។
នៅពេលសាកសួរមានស្រី្តសកម្មជនដីធ្លីប្រមាណជា ១០ នាក់បានឈរស្រែកនៅមុខតុលាការថាជារឿងអយុត្តិធម៌ និងទាមទារឱ្យដោះលែងតំណាងរបស់ខ្លួនអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំពាក់ព័ន្ធនឹងករណីនេះ៕