
លោក ប៉ាវ ស៊ីណា ក្នុងពេលមកសាលាដំបូងរាជធានីភ្នំពេញកាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់លើលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករក្នុងសំណុំរឿងធ្វើឲ្យខូចខាតដោយចេតនា ដែលប្តឹងដោយរោងចក្រអូសេអង់ហ្គាមីន ខូអិលធីឌី កាលពីឆ្នាំ ២០១២ ខណៈ សមាជិក ៦ នាក់ផ្សេងទៀតដែលជាប់បណ្តឹងនេះដែរនឹងប្តឹងឧទ្ធរណ៍។
លោក អ៊ឹម វណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមក្នុងបន្ទប់សវនាការកាលពីម្សិលមិញដោយសម្រេចលើកលែងការចោទប្រកាន់លើរូបលោក ប៉ាវ ស៊ីណា ដោយអះអាងថា រូបលោកគ្មានជាប់ពាក់ព័ន្ធនឹងករណីនេះ។ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញ។
លោក ប៉ាវ ស៊ីណា បានថ្លែងថា៖ «នៅរសៀលថ្ងៃនេះ ខ្ញុំត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមលើកលែងការចោទប្រកាន់ពីបទសមគំនិតធ្វើឲ្យខូចខាត ដោយចេតនាដែលប្តឹងដោយក្រុមហ៊ុន អូសេអង់ កាលពីឆ្នាំ ២០១២ កន្លងទៅ»។
លោកបានបន្តថា វាជាសញ្ញាមួយដ៏ល្អសម្រាប់សហការីរបស់លោកក្នុងការប្តឹងឧទ្ធរណ៍បន្តទៀតខណៈដែលលោក រំពឹងថា តុលាការនឹងលើកលែងការចោទប្រកាន់មកលើលោកក្នុងសំណុំរឿង ៦ ករណីផ្សេងទៀតដែលពេលនេះកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។
លោកបានបញ្ជាក់ថា៖ «អ្វីដែលលោកចៅក្រមបានប្រកាសនេះគឺពិតជាមានសេចក្តីរីករាយមែនទែន ហើយខ្ញុំគិតថា ក្នុងសំណុំរឿងខ្ញុំផ្សេងៗទៀត ចៅក្រមនឹងពិនិត្យហើយពិចារណាដោយយកចិត្តទុកដាក់បំផុតក្នុងការទម្លាក់បទចោទប្រកាន់លើសំណុំរឿងទាំងនេះ»។
លោក ប៉ាវ ស៊ីណា អាយុ ៣៧ ឆ្នាំ និងសមាជិក ៦ នាក់ទៀតដែលក្នុងនោះ រួមមានឈ្មោះ ឆេង ឈាន់ អាយុ ៣៣ ឆ្នាំ, ឈ្មោះ ឆេង ស៊ីណា អាយុ ៣៤ ឆ្នាំ, ឈ្មោះ ប៉ែន ស៊ីថូ អាយុ ៣២ ឆ្នាំ, ឈ្មោះ ហ៊ួន ប៊ុនណ្ណា អាយុ ៣២ ឆ្នាំ, ឈ្មោះទុយ ស៊ួត អាយុ ៣៨ ឆ្នាំនិងឈ្មោះ អ៊ុន វ៉ាន់ឌុយ អាយុ ៣២ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់សេចក្តីកំបាំងមុខកាលពីចុងឆ្នាំមុន ដោយក្នុងម្នាក់ៗត្រូវជាប់ពន្ធនាគារ ៨ ខែពីបទ ធ្វើឲ្យខូចខាតដោយចេតនាលើរោងចក្រអូសេអង់ហ្គាមីន ខូអិលធីឌី កាលពីឆ្នាំ ២០១២ តែទោសនេះ ត្រូវបានព្យួរ។
បន្ទាប់ពីទទួលបានសេចក្តីសម្រេចនោះភ្លាម គឺមានតែលោក ប៉ាវ ស៊ីណា ម្នាក់ទេ ដែលបានប្តឹងទាស់ ហើយសំណុំរឿងនេះបានបើកសវនាការកាលពីសប្តាហ៍មុន រីឯសមាជិក ៦ រូបទៀតមិនបានចូលរួមប្តឹងទាស់ទេ។
លោក ឆេង ឈាន់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកសាទរចំពោះការសម្រេចរបស់តុលាការនាពេលនេះ ហើយលោកក៏រំពឹងនឹងទទួលបានការលើកលែងការចោទប្រកាន់នេះផងដែរ។ លោកបន្តថា ក្នុងពេលឆាប់ៗនេះ ក្រុមលោកទាំង ៦ នាក់នឹងប្ដឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះដូចគ្នាក្រោយពិភាក្សាជាមួយមេធាវីរួច។
លោកបញ្ជាក់ថា៖ «ខ្ញុំសម្រេចប្តឹងជំទាស់ព្រោះតុលាការគាត់នឹងវិនិច្ឆ័យដោយយុត្តិធម៌ដោយសារតែពួកខ្ញុំនៅរោងចក្រ អូសេអង់ មិនដែលប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ហើយតាំងពីឆ្នាំ ២០១២ រហូតមកទល់ពេលនេះរាល់ការប្តឹងផ្ដល់ ពួកខ្ញុំមិនដែលបានទទួលដីកាប្តឹងអីទេ។ អ៊ីចឹងខ្ញុំគិតថា អ្វីដែលខ្ញុំបានធ្វើខ្ញុំនឹងទទួល តែអ្វីទាំងនេះពួកខ្ញុំមិនបានធ្វើដូចការចោទប្រកាន់ហ្នឹងនោះទេ»។
កាលពីឆ្នាំ ២០១២ បន្ទាប់ពីកម្មករប្រមាណ ២ ០០០ នាក់ បានផ្ទុះបាតុកម្ម ភាគីក្រុមហ៊ុន អូសេអង់ហ្គាមិន ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្តឹងប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា និងមន្ត្រីសហជីពមូលដ្ឋានចំនួន ៦ រូបទៀតពីបទធ្វើឱ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈ៕